ប្រជាពលរដ្ឋរស់នៅតំបន់អណ្ដូងជ្រៅ ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ចំនួន ១៨គ្រួសារ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តក្រចេះ ជួយអន្តរាគមន៍បញ្ឈប់សកម្មភាពក្រុមយោធាដែលកំពុងប្រមូលយកផលដំឡូងមីរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋឈ្មោះ យ៉ាន យិន នៅថ្ងៃច័ន្ទទី៧ ខែមករា ឆ្នាំ២០១៣ មានប្រសាសន៍បញ្ជាក់ថា ក្រុមយោធាប្រមាណពី ១០ទៅ ១៥នាក់ កំពុងតែប្រមូលយកផលដំឡូងមីពីចម្ការពួកគាត់ ហើយគំរាមមិនឲ្យអ្នកភូមិចូលទៅដកដំឡូងដែលពួកគាត់បានដាំដុះនោះឡើយ។
លោកបន្តថា ដំឡូងនេះអ្នកភូមិបានដាំតាំងពីមុនក្រុមយោធាចូលមកបោះទីតាំងនៅតំបន់នោះ បន្ទាប់ពីព្រឹត្តិការណ៍បង្ក្រាបដោយកងកម្លាំងយោធានៅភូមិប្រម៉ា កាលពីខែឧសភា ឆ្នាំ២០១២៖ «ឃ្លាតពីផ្ទះប្រមាណ២០០ទៅ៣០០ម៉ែត្រជាង គេអត់ឲ្យដក គេមិនឲ្យយើងប្រមូលផល។ ដំឡូងហ្នឹងយើងដាំឆ្នាំទៅ ដាំពេលធ្លាក់ភ្លៀងដើមឆ្នាំដំបូងយើងដាំ។ ទាហានគេមានស្រីមានប្រុស គេចូលមកដកមួយក្រុមៗមានបួនដប់នាក់ ដល់យើងចូលទៅ គេឃាត់ដេញយើងហៅទៅបន្ទាយ ព្រមានយើងថាឈប់ឲ្យទៅជិត»។
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ឲ្យដឹងថា ក្រុមយោធាប្រមាណ ៣០នាក់ ត្រូវបានដាក់ឲ្យនៅឃ្លាំមើលនៅភូមិប្រម៉ា ក្រោមការដឹកនាំរបស់វរសេនីយ៍ឯក ស្រី យ៉ាន់ណា ជាមេបញ្ជាការនៅតំបន់នោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីលោក ស្រី យ៉ាន់ណា ដើម្បីបំភ្លឺពាក្យចោទប្រកាន់របស់អ្នកភូមិបានទេ នៅថ្ងៃច័ន្ទ ទី៧ ខែមករា។
មេឃុំកំពង់ដំរី លោក ឃួន យឿន មានប្រសាសន៍បញ្ជាក់ថា លោកក៏បានទទួលព័ត៌មាននេះដូចគ្នា ក៏ប៉ុន្តែលោកមិនទាន់បានចុះទៅជួបអ្នកភូមិដែលរាយការណ៍ពីបញ្ហានេះនៅឡើយ។ លោកបន្តថា នឹងចាត់ប្រធានភូមិទៅពិនិត្យករណីនេះ៖ «ខ្ញុំឮហើយ ប៉ុន្តែខ្ញុំឮអត់ច្បាស់ទេ ខ្ញុំមិនទាន់បានទៅដល់ផង។ ការងារហ្នឹងខ្ញុំឲ្យមេភូមិចុះទៅមើលថ្ងៃហ្នឹង»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស សមាគមអាដហុក (Adhoc) ខេត្តក្រចេះ អ្នកស្រី ធីម ណារីន មានប្រសាសន៍បញ្ជាក់ថា អ្នកស្រីមិនទាន់បានទទួលសេចក្តីរាយការណ៍ពីករណីនេះនៅឡើយ។
វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងសុំការបញ្ជាក់ពីអភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង ពីករណីនេះបានទេ នៅថ្ងៃច័ន្ទ ទី៧ ខែមករា។
យ៉ាងនេះក្តី ប្រជាពលរដ្ឋភូមិប្រម៉ា ឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី៧ ខែមករា អ្នកភូមិ ១៨នាក់បាននាំគ្នាមកប៉ុស្តិ៍នគរបាលឃុំ ដើម្បីធ្វើកំណត់ហេតុស្ដីពីការរំលោភនេះ។ អ្នកភូមិអះអាងថា ក្រុមយោធាគំរាមចាប់ខ្លួនប្រជាពលរដ្ឋណាដែលហ៊ានទៅប្រមូលផលដំឡូងតាមចម្ការតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។