សុន ឆ័យ ប្រតិកម្ម​ចំពោះ​លទ្ធផល​នៃ​ការចរចា​រវាង​ខ្មែរ​និង​ថៃ

លោក​តំណាង​រាស្ត្រ សុន ឆ័យ នៃ​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការចរចា​នេះ ក៏​ដូច​ដែល​លោក​បាន​គិត​ទុក​ពី​មុន​ស្រាប់​តែប៉ុណ្ណោះ ហើយ​លោក​បាន​ប្រតិកម្ម​ថា​រាជ​រដ្ឋាភិបាល​ខ្មែរ​មិន​គួរ​ណា​បណ្តោយ​ឲ្យ​រដ្ឋាភិបាល​ថៃ​ទាមទារ​យក​ដី​ដែល​ជា​របស់​ខ្មែរ​ហើយ​នោះ​សោះ ។
ដោយ ម៉ៅ សុធានី
2008.07.22

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ៖ «ដូច​យើង​ស្មាន​អ៊ីចឹង អត់​មាន​អី​ដែល​នឹង​ចេញ​ជា​លទ្ធផល ។ វា​អត់​មាន​អី​ដែល​ត្រូវ​ចរចា​ទាល់តែសោះ ក្នុង​រឿង​ហេតុ​ដែល​កើត​មាន​គឺ​ប្រទេស​ថៃ​គេ​មក​ឈ្លានពាន​លើ​ទឹក​ដី​ខ្មែរ ហើយគេ​ដឹង​ច្បាស់​ណាស់​ថា​ដី​ហ្នឹង​គឺ​ជា​ដី​ខ្មែរ ក៏ប៉ុន្តែ​គេ​យក​លេស​យោង​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​ឯកឧត្ដម សុខ អាន និង​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​គេ គេ​ថា​យើង​ទទួល​ស្គាល់​អ្វី​ដែល​គេ​ទាមទារ ។ រួច​យើង​ទៅ​ចរចា​ជាមួយ​គេ គឺ​ចរចា​កាន់តែ​ច្រើន​បាន​ន័យ​ថា​យើង​ទទួល​ស្គាល់​ការទាមទារ​របស់​គេ ។ ដូច្នេះ​ហើយ​បាន​ជា​ក្រុម​តំណាង​រាស្ត្រ​ឲ្យ​យោបល់​ទៅ​រដ្ឋាភិបាល​ថា​មិន​ត្រូវ​ចរចា​ទេ ត្រូវតែ​ថៃ​ដក​ទ័ព​ចេញ​ឲ្យ​អស់ ។ ហើយ​បើ​ចង់​ជជែក​ពី​រឿង​សុំ​សិទ្ធិ​ឲ្យ​ជនជាតិ​ថៃ​មក​ទស្សនា​ប្រាសាទ​ព្រះវិហារ​ដោយ​ឥត​យក​ថ្លៃ​យ៉ាង​ណា​យើង​ជួយ​សម្រួល​ឲ្យ»

លោក​តំណាង​រាស្ត្រ សុន ឆ័យ បាន​សម្តែង​ក្តីសង្ស័យ​ចំពោះ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា គឺ​លោក ខៀវ កាញារីទ្ធ ដែល​បាន​ច្រានចោល​នូវ​ការសុំ​អន្តរាគមន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការដោះស្រាយ​ទំនាស់​នេះ ។ ហើយ​លោក​បាន​បន្ទោស​រាជ​រដ្ឋាភិបាល​ខ្មែរ​ថា មាន​ការភ័យខ្លាច​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ដែល​នឹង​ធ្វើការ​សើរើ​នូវ​កិច្ចព្រមព្រៀង​ព្រំដែន​ដែល​រដ្ឋាភិបាល​ខ្មែរ​បាន​ធ្វើ​ជាមួយ​រដ្ឋាភិបាល​វៀតណាម ។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា ៖ «យើង​ស្ដាយ​ដែរ​ឯកឧត្ដម ខៀវ កាញារីទ្ធ ឆ្លើយ​ថា​គ្រាន់តែ​ឲ្យ​ដំណឹង​ទេ មិន​សុំ​ឲ្យ​គេ​ជួយ​ទេ តើ​ហេតុ​ដូម្ដេច ? ខ្ញុំ​បារម្ភ​ថា​ការ​ដែល​មិន​ឲ្យ​គេ​មក​ជួយ​នេះ គឺ​រដ្ឋាភិបាល​បារម្ភ​អំពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ព្រោះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​គឺ​ធានា​បូរណភាព​ទឹក​ដី​យើង​មិនមែន​តែ​ព្រះវិហារ​ទេ គឺ​បូរណភាព​ទឹក​ដី​យើង​ទាំងមូល​តែម្ដង រួម​ទាំង​ព្រំដែន​យើង​ជាមួយ​វៀតណាម ។ យើង​ក៏​ដឹង​ដែរ​ថា​វៀតណាម​បាន​យក​ដី​យើង​ច្រើន​ណាស់ ហើយ​ដី​តំបន់​ដាក់ដាំ​ក៏​បាត់បង់ ។ ហេតុដូច្នេះ​ហើយ​ដូច​ជា​រដ្ឋាភិបាល​បារម្ភ​ថា​ខ្លាច​អង្គការ​សហ​ប្រជាជាតិ គេ​មក​ដោះស្រាយ​រឿង​ព្រះវិហារ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​យើង​ចំណេញ​ដី​នៅ​ប៉ែក​ខាង​កើត​ផង ម៉្លោះហើយ​បាន​ជា​មិន​ហ៊ាន​ពីព្រោះ​ខ្លួន​បាន​ធ្វើ​សន្ធិសញ្ញា​បន្ថែម​ជាមួយ​នឹង​វៀតណាម​ឲ្យ​ដី​ទៅ​វៀតណាម​អស់​យ៉ាង​ច្រើន​រួច​ជា​ស្រេច​ហើយ»

សូម​ជម្រាប​ជូន​ថា​កាលពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​កក្កដា​កន្លង​មក​នេះ តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​ដំណឹង​ដល់​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. ស្តីពី​ការរំលោភ​ឈ្លានពាន​របស់​ទ័ព​ថៃ​នៅ​ក្នុង​បូរណភាព​ដែន​ដី​កម្ពុជា ។

លិខិត​ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ផ្ញើ​ជូន​លោក ឡេលឿងមិញ នៃ​ប្រទេស​វៀតណាម ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ខែ​កក្កដា​នេះ គឺ​ដើម្បី​ផ្ញើ​ជម្រាប​ជូន​ប្រទេស​ជា​សមាជិក​ទាំងអស់​ចំនួន​១៥​ប្រទេស ដើម្បី​បាន​ជ្រាប​ច្បាស់​ពី​ព្រឹត្តិការណ៍​និង​ពី​ភាព​ពិត​ប្រាកដ​នៃ​កន្លែង​ដែល​ជា​ទី​កើត​ហេតុ ។

ក្នុង​លិខិត​ដដែល​នោះ​តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​គឺ​លោក​បណ្ឌិត ស៊ា កុសល មាន​ប្រសាសន៍​ថា​ប្រទេស​ថៃ​បាន​យក​ផែនទី​ដែល​ខ្លួន​គូស​ជា​ឯកតោ​ភាគី ដែល​បង្ហាញ​ថា​វត្ត​កែវសិក្ខាគិរីស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ ស្ថិត​ត្រង់​ទី​ដែល​គេ​ហៅ​ថា​តំបន់​ជាន់​គ្នា ។

លិខិត​នេះ​ឲ្យ​ដឹង​ថា​តាម​ពិត​ទៅ​ផែនទី​អន្តរជាតិ​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​ប្រើប្រាស់​ដោះស្រាយ​ទំនាស់​ស្តីពី​ប្រាសាទ​ព្រះវិហារ​នៅ​ឆ្នាំ​១៩៦២​នោះ គឺ​វត្ត​កែវសិក្ខាគិរីស្វារៈ ស្ថិត​នៅ​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។