លេខាធិការអចិន្រ្តៃយ៍នៃក្រសួងការបរទេសថៃ លោក វីរ៉ាសាក់ហ៊ូត្រាគុល បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតមួយ កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីលោកបានកោះហៅស្ថានភារធារីខ្មែរប្រចាំក្រុងបាងកកទៅពន្យល់ថា មូលហេតុដែលបណ្តាលឲ្យមានការប្រយុទ្ធគ្នានោះគឺដោយសារទាហានកម្ពុជាមួយក្រុមកំពុងជីកលេណដ្ឋាន ហើយនៅពេលនោះដែរកងទាហានថៃដែលកំពុងដើរយាមល្បាតក៏បានប្រាប់ទៅទាហានកម្ពុជាថាកុំឲ្យជីកលេណដ្ឋាននៅក្នុងទឹកដីតំបន់នោះ ព្រោះវាខុសនឹងកិច្ចព្រមព្រៀងរវាងមេបញ្ជាការយោធាទាំងពីរដែលបានយល់ព្រមគ្នាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៨។
លោកបន្តថា នៅពេលនោះទាហានកម្ពុជាបានទូរស័ព្ទទៅកាន់នរណាម្នាក់ហើយទាហានថៃក៏បានបាញ់ទៅលើអាកាស។ ភ្លាមនោះខាងភាគីកម្ពុជាបានបើកការបាញ់ប្រហារទៅលើទាហានថៃហើយការប្រយុទ្ធគ្នាក៏បានចាប់ផ្តើមតែម្តង។
មន្រ្តីក្រសួងការបរទេសថៃដដែលបាននិយាយទៀតថា ហេតុការណ៍បាញ់ប្រហារគ្នានោះគឺជាការរំលោភអធិបតេយ្យភាពរបស់ថៃ។
កាលពីល្ងាចម៉ោង៥ ថ្ងៃសៅរ៍កន្លងទៅនេះ ភារធារីអមស្ថានទូតខ្មែរប្រចាំក្រុងបាងកក លោក អ៊ុក ស៊ីផុន បានត្រូវក្រសួងការបរទេសថៃកោះហៅទៅទទួលលិខិតតវ៉ារបស់រដ្ឋាភិបាលថៃទៅរដ្ឋាភិបាលកម្ពុជាជុំវិញការប្រយុទ្ធគ្នាដោយអាវុធរវាងកងទ័ពប្រទេសទាំងពីរ កាលពីល្ងាចថ្ងៃសុក្រនៅតំបន់ព្រលានឥន្រ្ទីលើភ្នំទ្រព្យ។
ការប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រ ទី៣ តុលា ឆ្នាំ២០០៨ ដែលបានបណ្តាលឲ្យទាហានថៃ២នាក់ និងទាហានខ្មែរ១នាក់រងរបួស ត្រូវបានរដ្ឋាភិបាលខ្មែរប្រាប់ទៅរដ្ឋាភិបាលថៃថា ជាការបង្កឡើងដោយកងទាហានថៃជាមុននៅលើចំណុចភូមិសាស្ត្រទឹកដីកម្ពុជាចម្ងាយប្រហែល៣គីឡូម៉ែត្រពីប្រាសាទព្រះវិហារ។
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃសៅរ៍ក៏បានកោះហៅឯកអគ្គរាជទូតថៃប្រចាំក្រុងភ្នំពេញឲ្យទៅទទួលការតវ៉ារបស់កម្ពុជាថា ថៃគឺជាអ្នករំលោភអធិបតេយ្យភាពកម្ពុជា និងសុំឲ្យរដ្ឋាភិបាលថៃកែតម្រូវពាក្យពេចន៍ដែលថា កម្ពុជាជាអ្នករំលោភអធិបតេយ្យភាពរបស់ថៃនោះចេញ៕
