ក្រៅពីនេះ ភាគីកម្ពុជា និងថៃ ក៏បានសម្រួលឲ្យក្រុមការងារក្រសួងមហាផ្ទៃកម្ពុជា ផ្ដល់លិខិតឆ្លងដែនដល់ពលករកម្ពុជា ដែលនៅសេសសល់ទៀតផង។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការក្នុងវិស័យលើកស្ទួយសិទ្ធិពលករចំណាកស្រុកនៅកម្ពុជា បានសាទរចំពោះភាគីកម្ពុជា-ថៃ ដែលបានសម្រេចចេញប័ណ្ណសម្គាល់អត្តសញ្ញាណដល់ពលករកម្ពុជា ចំនួនជាង ១៦ម៉ឺននាក់។
នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា (Caram) លោក យ៉ា ណាវុធ មានប្រសាសន៍នៅថ្ងៃទី២៩ ធ្នូ ថា លោកស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចជំនួបរវាងភាគីកម្ពុជា និងថៃ ដែលបានសម្រេចថានឹងចេញប័ណ្ណសម្គាល់អត្តសញ្ញាណដល់ពលករកម្ពុជា ចំនួនជាង ១៦ម៉ឺននាក់ឲ្យទៅជាពលករស្របច្បាប់។
លោកថា ការធ្វើដូច្នេះ គឺជាការបង្ហាញនូវឆន្ទៈនយោបាយមួយក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ជាជាងវិធានការចាប់បញ្ជូនពលករខុសច្បាប់មកវិញជារៀងរាល់ថ្ងៃនោះ៖ «ការដែលធ្វើយ៉ាងហ្នឹង គឺវាធ្វើឲ្យចំណេញទាំងសងខាង។ ទី១ ពលករកម្ពុជា ក៏មានការងារធ្វើនៅក្នុងប្រទេសថៃ ហ្នឹងដែរ។ ប្រទេសថៃ ក៏អាចចំណេញសេដ្ឋកិច្ចក្នុងការជួលកម្លាំងពលកម្មថោកពីប្រទេសកម្ពុជា ដែរ។ វាជាយុទ្ធសាស្ត្រមួយហៅថាយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា ជាជាងយើងចាប់បញ្ជូនមក ហើយថ្ងៃក្រោយកម្ពុជា គួរតែរៀបចំឲ្យមានការចុះបញ្ជីដោយស្របច្បាប់ រៀបចំចុះបញ្ជីនៅក្នុងប្រទេសយើងឲ្យហើយ ជៀសវាងចុះបញ្ជី ឬធ្វើឯកសារបញ្ជាក់នៅប្រទេសគេ»។
នៅមុនកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើកទី៨ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ូរ៉ាពុង តូវីចក្រឆៃគុល (Surapong Towijakchaikul) កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ បានសម្រួលដល់ដំណើរការចេញប័ណ្ណសម្គាល់អត្តសញ្ញាណហៅជាភាសាអង់គ្លេសថា ស៊ឺតធីហ្វីខេត ហ្វស អាយឌិនធីហ្វីខេសិន (Certificate of Identification) ដល់ពលករកម្ពុជា ចំនួនជាង ១៦ម៉ឺននាក់ឲ្យទៅជាពលករស្របច្បាប់ ហើយថានឹងសម្រួលឲ្យក្រុមការងារក្រសួងមហាផ្ទៃកម្ពុជា ទៅផ្ដល់លិខិតឆ្លងដែនដល់ពលករកម្ពុជា ដែលនៅសេសសល់។
ទាក់ទងបញ្ហានេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បានពន្យល់បន្ថែមចំពោះប័ណ្ណសម្គាល់អត្តសញ្ញាណស៊ី.អាយ នេះ ថាគឺជាជំហានដំបូងនៃការកំណត់ជាតិសាសន៍មុនទទួលបានប័ណ្ណការងារ ឬហៅថា វើក ភើមីត (Work Permit)៖ «មានស៊ី.អាយ ហ្នឹងហើយ មិនទាន់មានសិទ្ធិធ្វើការនៅស្រុកគេទេ គ្រាន់តែបញ្ជាក់អត្តសញ្ញាទេថាគាត់ជាពលករដែលមកពីកម្ពុជា។ ប៉ុន្តែដល់ពេលបានស៊ី.អាយ ហ្នឹងហើយ បានគេសុំអនុញ្ញាតធ្វើការងារនៅប្រទេសថៃ បានន័យថា ក្នុងមួយឆ្នាំៗ ថៃ គេកំណត់ថាតើវាយកពលករប៉ុន្មានពីបរទេស»។
ក្រៅអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៨ នោះ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព គឺបញ្ហានយោបាយសន្តិសុខព្រំដែន សេដ្ឋកិច្ច សង្គមកិច្ច អប់រំ វប្បធម៌ ព័ត៌មាន និងបច្ចេកវិទ្យា។
អង្គការក្រៅរដ្ឋាភិបាលបានប៉ាន់ស្មានថា បច្ចុប្បន្នមានពលករខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ដែលកំពុងធ្វើការនៅប្រទេសថៃ ប្រមាណជាង ៤០ម៉ឺននាក់ គឺប្រហែល ១៥% នៃពលករជាង ៣លាននាក់មកពីប្រទេសភូមា និងប្រទេសឡាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។