អាជ្ញាធរ​អប្សរា​រៀបចំ​កែ​លំអ​សោភ័ណ​ភាព​ប្រាសាទ​កោះកែរ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែ​រក្សា​ប្រាសាទ​បុរាណ កំពុង​ប្រឹងប្រែង​រៀបចំ​កែ​លំអ​សោភ័ណភាព​ប្រាសាទ​កោះកែរ ឱ្យ​មាន​ភាព​ស្រស់​បំព្រង​ឡើង​វិញ ដើម្បី​ទាក់​ទាញ​អ្នក​ទេសចរ​ឱ្យ​ទៅ​ទស្សនា​កាន់​តែ​ច្រើន។
ដោយ ហង្ស សាវយុត
2013.01.05
ប្រាសាទ​កោះកែរ ៣០៥ ២-មករា-២០១៣៖ ប្រាសាទ​ធំ កម្ពស់ ៣៥ម៉ែត្រ ដែល​ជា​ដួង​ព្រលឹង និង​តំណាង​ឱ្យ​កោះកែរ។
RFA/Hang Savyouth

មន្ត្រី​អាជ្ញាធរ​អប្សរា បាន​រំពឹង​ទុក​ថា បើ​ទោះ​បី​ជា​ប្រាសាទ​កោះកែរ ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​ទេសចរណ៍​ក៏ដោយ ក៏​គេ​ជឿ​ថា នៅ​ពេល​ដែល​ផ្លូវ​ចាក់​កៅស៊ូ​ទៅ​កាន់​តំបន់​នោះ​ធ្វើ​រួច​រាល់ ងាយ​ស្រួល​ធ្វើ​ដំណើរ គឺ​អាច​នឹង​មាន​អ្នក​ទេសចរ​បរទេស​ជាច្រើន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​នា​ពេល​អនាគត។

តើ​ពេល​បច្ចុប្បន្ន នៅ​តំបន់​ប្រាសាទ​កោះកែរ មាន​ស្ថានភាព​បែប​ណា?

កោះកែរ គឺ​ជា​ឈ្មោះ​រាជធានី​បុរាណ​មួយ​របស់​អាណាចក្រ​ខ្មែរ នា​សម័យ​សតវត្ស​ទី១០ នៃ​គ្រិស្ដសករាជ។ ទីនោះ​មាន​ប្រាសាទ​បុរាណ​ប្រមាណ​ជា​៤០ ដែល​សាងសង់​នៅ​ក្នុង​បរិវេណ​ផ្ទៃដី​ប្រមាណ​ជាង ៨០​គីឡូ​ម៉ែត្រ​ការ៉េ នៃ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។

នៅ​ក្នុង​អំឡុង​រដូវ​ប្រាំង​ដើម​ឆ្នាំ​២០១៣ នេះ ក្រុម​អ្នក​លក់​សំបុត្រ និង​អ្នក​កត់ត្រា​ស្ថិតិ បាន​ឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស និង​ទេសចរ​ជាតិ ដែល​ទៅ​ទស្សនា​ប្រាសាទ​កោះកែរ មាន​ការ​កើន​ឡើង។

បុគ្គលិក​របស់​ក្រុមហ៊ុន​ខាំសាមេធ ម្នាក់​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ គឺ​ជា​អ្នក​ឈរ​ចាំ​ឆែក​សំបុត្រ​ភ្ញៀវ​ទេសចរ​បរទេស នៅ​មុខ​ទ្វារ​ចូល​ប្រាសាទ​កោះកែរ គាត់​បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ខែ​ធ្នូ ចុង​ឆ្នាំ​២០១២ មក ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​ប្រាសាទ​កោះកែរ មាន​ការ​កើន​ឡើង៖ «ពី​មុនៗ​មក​ភ្ញៀវ​អត់​ថេរ ជួន​កាល ១ថ្ងៃ​មាន​១០​នាក់ ថ្ងៃ​ខ្លះ ៥​នាក់ និង​ថ្ងៃ​ខ្លះ​ទៀត​មាន ២០​នាក់​អីចឹង។ បើ​ភ្ញៀវ​មាន​វិស្សមកាល គឺ​ចេះ​តែ​មក​អីចឹង​ទៅ បើ​សិន​ជា​ផ្លូវ​លំបាក ក៏​ពិបាក​មក​ដែរ។ តែ​ខែ​រដូវ​នេះ ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ មក គឺ​មាន​ភ្ញៀវ​ច្រើន​ក្នុង​១ថ្ងៃ​ប្រហែល ៤០-៥០​នាក់»

បើ​ទោះ​បី​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រាសាទ​កោះកែរ មាន​ការ​កើន​ឡើង​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ជុំវិញ​តំបន់​នោះ មិន​ទាន់​អាច​ទទួល​បាន​កម្រៃ​ប្រសើរ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​ពី​ទេសចរណ៍​នៅ​ឡើយ​ទេ។

ចំណូល​ដែល​បាន​ពី​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​ទស្សនា​ទីនោះ គឺ​បាន​តែ​ក្រុមហ៊ុន​លក់​សំបុត្រ​ឱ្យ​ចូល​ទស្សនា​ប្រាសាទ​ម្នាក់ ១០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​មិន​សូវ​ទិញ​របស់​របរ​ពី​អ្នក​ភូមិ​ដែល​ដាក់​លក់​នៅ​ទីនោះ​ទេ ដោយ​សារ​តែ​បញ្ហា​ផ្លូវ​ឆ្ងាយ។ ចំណែក​ឯ​ម្ហូប​អាហារ​ទៀត​សោត គឺ​ច្រើន​តែ​ក្រុមហ៊ុន​ដែល​នាំ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នោះ វេច​ខ្ចប់​ពី​កន្លែង​របស់​គេ​មក​ស្រាប់ ហើយ​ចំណូល​ដែល​បាន​ទៅ​អ្នក​ស្រុក គឺ​មាន​តិចតួច ដូច​ជា​ភ្ញៀវ​ចង់​ផឹក​ទឹកដូង ឬ​ក៏​ភេសជ្ជៈ​ជាដើម។

ស្ត្រី​ឈ្មោះ នាថ គឺ​ជា​អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ភ្ញៀវ​ទេសចរ​នៅ​ប្រាសាទ​កោះកែរ រយៈពេល ៩ឆ្នាំ​មក​ហើយ បាន​មាន​ប្រសាសន៍​ថា ការ​លក់​ដូរ​ប្រចាំ​ថ្ងៃ​របស់​គាត់​ដែល​ទីពឹង​ទៅ​លើ​ទេសចរណ៍ គឺ​បាន​ចំណូល​មិន​ទៀត​ទាត់​ទេ។ គាត់​បញ្ជាក់​ថា មុខ​របរ​របស់​គាត់ គឺ​បាន​ត្រឹម​តែ​ចិញ្ចឹម​ឆ្នាំង​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ៖ «ថ្ងៃ​ណា​មាន​ទេសចរ​មក​ក៏​ដាច់ ថ្ងៃ​ណា​អត់​ទទេ។ ១ថ្ងៃ​ជួន​កាល​លក់​បាន​ប្រាក់ ៤-១០-២០​ម៉ឺន​រៀល។ ថ្ងៃ​ខ្លះ​ទៅ ក៏​បាន​៥ម៉ឺន ៣ម៉ឺន ២ម៉ឺន ចុះ​តាម​លំដាប់​ស្រេច​តែ​លើ​ភ្ញៀវ​មក។ ដាច់​គ្រាន់​តែ​បាន​ម៉ា​ហូប។ គេ​លក់​បាយ​លក់​ម្ហូប គេ​បាន​ចំណូល​ច្រើន បើ​យើង​លក់​អី​ចេះៗ ធ្វើ​ម៉េច​បាន​ចំណូល​ដូច​គេ?»

លោក រ៉េត សាមុត គឺ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ម្នាក់ ដែល​តែង​នាំ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នៅ​តាម​ប្រាសាទ និង​រមណីយដ្ឋាន​នានា បាន​មាន​ប្រសាសន៍​ថា អ្នក​ទេសចរ​បរទេស​មួយ​ចំនួន​តែង​ចាប់​អារម្មណ៍​ទៅ​លើ​ប្រាសាទ​ធំ ដែល​មាន​កម្ពស់ ៣៥​ម៉ែត្រ ប្រាសាទ​ដំរី​ចង​កណ្ដឹង និង​ប្រាសាទ​នាង​ខ្មៅ នៅ​ក្នុង​ចំណោម​ប្រាសាទ​ជាច្រើន​ទៀត​នៃ​តំបន់​កោះកែរ។ ក៏ប៉ុន្តែ ភាគ​ច្រើន​នៃ​អ្នក​ទេសចរ​បរទេស ហាក់​មិន​បាន​ស្គាល់​ប្រាសាទ​កោះកែរ នៅ​ឡើយ​ទេ ពីព្រោះ​ហាក់​ដូច​ជា​នៅ​មាន​ការ​ខ្វះខាត​ខាង​ការ​ផ្សព្វផ្សាយ​ទាក់​ទាញ​ទេសចរ។ បញ្ហា​ម្យ៉ាង​ទៀត ដោយ​សារ​តែ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នោះ​ឆ្ងាយ។

លោក រ៉េត សាមុត បាន​ឱ្យ​ដឹង​ទៀត​ថា កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៣០-៤០​ក្រុម ដែល​លោក​បាន​ជូន​ដើរ​កម្សាន្ត គឺ​មិន​ទាន់​មាន​ក្រុម​ណា​មួយ​ទៅ​កាន់​ប្រាសាទ​កោះកែរ ទេ ពីព្រោះ​តែ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​នៅ​ក្នុង​ប្រទេស​ខ្មែរ មាន​រយៈពេល​ខ្លី ឯ​ការ​ដើរ​កម្សាន្ត​ភាគ​ច្រើន គឺ​គេ​ទិញ​កញ្ចប់​ទេសចរណ៍​តែ​តំបន់​ជុំវិញ​ទី​រួម​ខេត្ត​សៀមរាប។

ប្រាសាទ​កោះកែរ មាន​ចម្ងាយ​ប្រមាណ​ជាង ១២០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ពី​ទី​រួម​ខេត្ត​សៀមរាប ដែល​ជា​តំបន់​កំពុង​ទាក់​ទាញ​​ភ្ញៀវ​ទេសចរ​បរទេស​ដ៏​សំខាន់​បំផុត​នៃ​ប្រទេស​កម្ពុជា។ កោះកែរ គឺ​ជា​រាជធានី​បុរាណ ដែល​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៤ អំឡុង​សតវត្ស​ទី​១០ នៃ​គ្រិស្ដសករាជ។

បច្ចុប្បន្ន ស្ទើរ​តែ​រៀង​រាល់​ឆ្នាំ បរិវេណ​អតីត​រាជធានី​នោះ គឺ​មាន​ប្រាសាទ​មួយ​ចំនួន​កំពុង​រង​ការ​គំរាម​កំហែង​ពី​ភ្លើង​ព្រៃ ដោយ​សារ​តែ​តំបន់​នោះ​នៅ​មាន​ព្រៃ​ឈើ និង​ស្មៅ​ដុះ​ក្រាស់ ដោយ​មិន​ទាន់​មាន​កិច្ច​ការពារ និង​ថែ​រក្សា​ឱ្យ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ។

លោក សឺន គង់ អគ្គនាយក​រង​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ថែ​រក្សា និង​ការពារ​ប្រាសាទ​បុរាណ ក្រៅ​តំបន់​អង្គរ បាន​មាន​ប្រសាសន៍​ថា ជា​ធម្មតា អាជ្ញាធរ​អប្សរា​គ្រប់គ្រង​តែ​ប្រាសាទ​បុរាណ​នៅ​ក្នុង​ខេត្ត​សៀមរាប ទេ ក៏ប៉ុន្តែ​ជា​លក្ខណៈ​ពិសេស គឺ​ប្រាសាទ​កោះកែរ បាន​ភ្ជាប់​មក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​តាំង​តែ​ពី​ឆ្នាំ​២០០៦ មក។ លោក សឺន គង់ បាន​បញ្ជាក់​ថា ពេល​បច្ចុប្បន្ន អាជ្ញាធរ​អប្សរា​កំពុង​ប្រឹងប្រែង​កែ​លំអ​ប្រាសាទ​កោះកែរ ឱ្យ​មាន​សោភ័ណភាព​ឡើង​វិញ ដែល​អាច​ទាក់​ទាញ​ទេសចរ​សម្រាប់​ពេល​អនាគត។

លោក សឺន គង់៖ «ខ្ញុំ​កំពុង​តែ​ខំ​រៀបចំ​កែលំអ​យ៉ាង​ណា​ឱ្យ​វា​ស្រស់​បំព្រង​លើស​ពី​ហ្នឹង​ទៅ​ទៀត។ បញ្ហា​សំខាន់ គឺ​ថា​រៀបចំ​កន្លែង​ហ្នឹង​ឱ្យ​វា​ស្អាត​ទៅ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ភ្ញៀវ​មាន​ការ​ទាក់​ទាញ។ យើង​ការពារ​ថែ​រក្សា​ព្រៃ​ធម្មជាតិ ហើយ​និង​តុប​តែង​រៀបចំ​ឱ្យ​គេ​ដើរ​ចូល​ក្នុង​ប្រាសាទ​និមួយៗ​មើល​ទៅ​ឱ្យ​ឃើញ​ស្អាត មាន​ការ​ទាក់​ទាញ។ ខ្ញុំ​ជឿ​ថា ច្បាស់​ជា​ចំនួន​ទេសចរ និង​កើន​ហើយ»

មន្ត្រី​អាជ្ញាធរ​អប្សរា ឱ្យ​ដឹង​ថា បច្ចុប្បន្ន ផ្លូវ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ​កោះកែរ មាន​ចម្ងាយ​ឆ្ងាយ ហើយ​មាន​ស្ថានភាព​ហុយ និង​រលាក់ ក៏ប៉ុន្តែ​ក្រុមហ៊ុន ខាំសាមេធ បាន​ចាប់​ផ្ដើម​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ ទៅ​កាន់​ទីនោះ​ជា​បណ្ដើរៗ ហើយ​រំពឹង​ថា នៅ​ពេល​ដែល​ផ្លូវ​រួច​រាល់​ងាយ​ស្រួល​ធ្វើ​ដំណើរ គឺ​អ្នក​ទេសចរ​នឹង​ទៅ​កាន់​ទីនោះ។

ពេល​បច្ចុប្បន្ន អាជ្ញាធរ​អប្សរា​ដែល​ទទួល​បន្ទុក​ការពារ និង​ថែ​រក្សា​ប្រាសាទ​កោះកែរ នៅ​មិន​ទាន់​មាន​គម្រោង​ថែ​រក្សា និង​ជួស​ជុល​ឱ្យ​ធំដុំ​ដូច​នៅ​តាម​ប្រាសាទ​ក្នុង​ខេត្ត​សៀមរាប នៅ​ឡើយ​ទេ។ សព្វ​ថ្ងៃ​នេះ គេ​បាន​ត្រឹម​តែ​អនុវត្តន៍​គម្រោង​តូចៗ ដូច​ជា​ទល់​ទ្រ​ប្រាសាទ​ដែល​បែក​បាក់​មួយ​ចំនួន កុំ​ឱ្យ​បន្ត​ការ​ទ្រុឌទ្រោម​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។