តើការពួនស្ទាក់របស់សមត្ថកិច្ច ចាប់បទល្មើសចរាចរណ៍ អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែរឬទេ?
អ្នកជំនាញខាងផ្នែកចរាចរណ៍បានពន្យល់ថា ការផាកពិន័យចរាចរណ៍ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ប៉ុន្តែក៏ទទួលស្គាល់ដែរថា សមត្ថកិច្ចខ្លះបានប្រើតួនាទីរបស់ខ្លួនឲ្យហួសពីច្បាប់ និងខ្លះបង្កឲ្យអ្នកបើកបរប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។
ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍របស់អង្គការជនពិការអន្តរជាតិប៊ែលហ្សិក លោក អ៊ា ចរិយា យល់ឃើញថា ការអប់រំពីច្បាប់ចរាចរណ៍ អ្នកបើកបរយល់ ប៉ុន្តែមិនអាចឲ្យពួកគាត់អនុវត្តបានទេ ប្រសិនបើគ្មានការផាកពិន័យ។
លោក អ៊ា ចរិយា បញ្ជាក់ថា អ្នកបើកបរភាគច្រើនខ្លាចប៉ូលិសចរាចរច្រើនជាងការការពារសុវត្ថិភាពអាយុជីវិតរបស់ខ្លួន មានន័យថា ប្រសិនបើច្បាប់តម្រូវឲ្យពាក់ពួកសុវត្ថិភាព អ្នកបើកបរខ្លះមិនអនុវត្តតាមទេ ប្រសិនបើមិនឃើញប៉ូលិសចរាចរ ដូច្នេះការផាកពិន័យនៅតាមដងផ្លូវ និងការអប់រំច្បាប់ចរាចរណ៍ ត្រូវដើរទន្ទឹមគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។
លោក អ៊ា ចរិយា៖ «ពេលខ្លះគាត់ខ្លាចប៉ូលិសច្រើនជាងការការពារជីវិតរបស់គាត់។ អ៊ីចឹង ការផាកពិន័យដើរតួនាទីសំខាន់ស្របនឹងការអប់រំ។ ប្រសិនបើយើងគ្រាន់តែផាកពិន័យ យើងអត់ឲ្យគាត់យល់ថាម៉េច បានយើងផាកហ្នឹងធ្វើឲ្យគាត់មានប្រតិកម្មជាវិជ្ជមានវិញ។ គាត់អាចពាក់តែកន្លែងប៉ូលិសដែលគាត់ផាក ហួសពីហ្នឹងទៅ គាត់លែងពាក់ ព្រោះអីគាត់អត់យល់អ៊ីចឹង»។
កន្លងមក មានការរិះគន់ជាច្រើនទៀតចំពោះសមត្ថកិច្ចចរាចរ ដោយអ្នកខ្លះបានបង្ហោះទាំងរូបភាពវីដេអូ និងរូបថតតាមបណ្ដាញព័ត៌មានសង្គមហ្វែសបុក (FaceBook) ដោយមានរូបភាពសមត្ថកិច្ចចរាចរយកលុយសំណូកពីអ្នកបើកបររថយន្ត ជាថ្នូរអនុញ្ញាតឲ្យរថយន្តដឹកទំនិញ ឬមនុស្សលើសកំណត់ មានទាំងសមត្ថកិច្ចវាយទៅលើអ្នកបើកបរ ដោយគ្រាន់តែមិនត្រូវរ៉ូវគ្នាលើប្រាក់បង់ពិន័យ ហើយថ្មីៗនេះបណ្ដាញព័ត៌មានសង្គមមួយនេះ បានបង្ហោះវីដេអូថ្មីមួយទៀតដែលបង្ហាញពីសកម្មភាពសមត្ថកិច្ចចរាចរទាញអ្នកបើកបរម៉ូតូម្នាក់ខ្ទប់នឹងចិញ្ចើមថ្នល់ នៅពេលដែលសមត្ថកិច្ចប្រទាញយកម៉ូតូទៅដាក់លើរថយន្តត្រៀមដឹកទៅខណ្ឌ ក្រោមបទល្មើសមិនមានប័ណ្ណសម្គាល់យានយន្ត។
តួយ៉ាង កញ្ញា មាឃ សុផា បុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ នាងធ្លាប់ប្រទះឃើញសមត្ថកិច្ចចរាចរដើរចូលមកកណ្ដាលថ្នល់តែម្តង នៅពេលដែលភ្លើងស្តុបពណ៌ខៀវបើកឲ្យចរាចរណ៍។ កញ្ញាបន្តថា ទង្វើរបស់សមត្ថកិច្ចនេះធ្វើឲ្យអ្នកបើកបរភាគច្រើន រួមទាំងនាងផង ភ័យខ្លាចជ្រុលចង្កូតទៅបុកសមត្ថកិច្ច និងខ្លាចក្រែងគេចពីសមត្ថកិច្ចទៅប៉ះនឹងអ្នកបើកបរឯទៀតតាមផ្លូវដូចគ្នា៖ «និយាយរួម អត់ចង់ឲ្យគាត់ធ្វើអ៊ីចឹង។ បញ្ហាទី១ ខ្លាចតែពេលយើងជ្រុលយើងបុកគាត់ទៅធ្វើម៉េច? បញ្ហាទី២ បើយើងរវល់តែគេចពីគាត់ ទៅប៉ះអ្នកដទៃទៅធ្វើម៉េច?»។
ទោះជាយ៉ាងណា មានមតិរិះគន់ពីមជ្ឈដ្ឋានសាធារណៈថាវិធីសាស្ត្រពួនស្ទាក់ ឬការស្ទាក់ចាប់លើដងផ្លូវរបស់សមត្ថកិច្ច ដើម្បីចាប់ម៉ូតូ ឬរថយន្តផាកពិន័យបទល្មើសចរាចរណ៍សព្វថ្ងៃ កំពុងបង្កឲ្យមានការព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍ ហើយវាមិនមែនជាការចូលរួមរឹតបន្តឹងច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នោះទេ។
ទាក់ទិនបញ្ហាទាំងនេះ ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍របស់អង្គការជនពិការអន្តរជាតិប៊ែលហ្សិក លោក អ៊ា ចរិយា មានទស្សនៈថា ការពួនស្ទាក់ ឬការស្ទាក់ចាប់នៅលើដងផ្លូវរបស់សមត្ថកិច្ច មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ លោកបន្តថា ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលកើតចេញពីការអនុវត្តទាំងនោះ សមត្ថកិច្ចគួរប្រើវិធីសាស្ត្រដាក់រនាំងត្រួតពិនិត្យបទល្មើសចរាចរណ៍ជាការប្រសើរ។
លោក អ៊ា ចរិយា៖ «វាមានគុណសម្បត្តិ និងគុណវិបត្តិ កាលណាគាត់ឈរឲ្យឃើញ មានន័យថាគាត់មិនអាចធ្វើការផាកពិន័យទៅដល់ជនខុសឆ្គងដែលមិនពាក់មួក ឬក៏ម៉ូតូមិនមានកញ្ចក់ ឬក៏មិនមានស្លាកលេខបានទេ។ អ៊ីចឹង គាត់អាចគេចបកទៅក្រោយវិញ កាលណាគាត់បកទៅក្រោយ វាអាចជាបញ្ហាគ្រោះថ្នាក់ទៅវិញ កាលណាបត់ខុសទៅដៅ ឬក៏បត់ពាក់កណ្ដាលផ្លូវដោយគាត់ប្រញិបប្រញាប់ដោយខ្លាចប៉ូលិស។ កាលណាគាត់ពួនអ៊ីចឹងទៅ ដល់គាត់ហក់ចេញមក ជួនកាលគាត់ប្រឹងគេចទៅវាអាចប៉ះគេ អ៊ីចឹងអាហ្នឹងក៏ជាបញ្ហាមួយដែរ»។
ជុំវិញបញ្ហានេះ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហេង ចាន់ធារី ពន្យល់ថា ជាគោលការណ៍តាមច្បាប់ សមត្ថកិច្ចចរាចរមិនអាចដាក់ច្រើននៅតាមគោលដៅនីមួយៗបានទេ យ៉ាងច្រើនដាក់ពី ៣ទៅ ៤នាក់ វាលើកលែងតែគោលដៅ ២៤ម៉ោង ទើបអាចដាក់កម្លាំងសមត្ថកិច្ចត្រួតពិនិត្យច្រើន។
លោកបន្តថា ក្នុងលក្ខខណ្ឌអ្នកបើកបរគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវ ដោយមានមួក កញ្ចក់ ប័ណ្ណបើកបរ និងប័ណ្ណសម្គាល់យានយន្តត្រឹមត្រូវ នោះអ្នកបើកបរនឹងមិនខ្លាចសមត្ថកិច្ចទេ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ នោះអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ដោយព្យាយាមគេចវេះពីសមត្ថកិច្ច។
លោក ហេង ចាន់ធារី៖ «មានអ្នកខ្លះគាត់ដឹងថាខាងមុខមានប៉ូលិសចាប់ហើយ ហើយគាត់អត់មានពាក់ទេ មួកក៏អត់ កញ្ចក់ក៏អត់ស្អីក៏អត់ដែរ រួចដល់ឃើញប៉ូលិសចេញមកភ្លែត គាត់តាំងយករួចខ្លួនគាត់ហើយ។ អាហ្នឹងជាអ្នកបង្កគ្រោះថ្នាក់ដល់អ្នកដទៃវិញ ដោយសារគាត់មិនគោរពច្បាប់។ អ៊ីចឹង សូមឲ្យអ្នកដែលដឹងថាខ្លួនគាត់មិនគ្រប់អាអ្វីដែលជាសុវត្ថិភាពខ្លួនគាត់ហើយ អាហ្នឹងគួរតែគាត់នាំគ្នាគោរពទៅ កុំគេចវេះ ហើយខ្ញុំក៏បានណែនាំនគរបាលខ្ញុំដែរថាមិនឲ្យធ្វើអ៊ីចឹងទៀតទេ ធ្វើអ៊ីចឹងធ្វើឲ្យប៉ះពាល់ ទី១ ប្រសិនបើគេគោរពច្បាប់ហើយ គេភ្ញាក់នឹងយើងនោះ អាហ្នឹងជារឿងមួយផ្សេង»។
តាមមន្ត្រីជំនាញពីអង្គការជនពិការអន្តរជាតិប៊ែលហ្សិក វិធីដោះស្រាយលើករណីនេះ លុះត្រាតែមានការអប់រំឲ្យពលរដ្ឋបានយល់ ថាការផាកពិន័យមិនមែនជាការបង្ខំឲ្យអ្នកបើកបរបង់ប្រាក់ឲ្យសមត្ថកិច្ចទេ ប៉ុន្តែជាការរក្សាសុវត្ថិភាពជូនពួកគាត់ទៅវិញ៖ «ដំណោះស្រាយទី១ គឺយើងធ្វើឲ្យគាត់យល់ឲ្យបានច្បាស់ថា កុំឲ្យគាត់មានការជិះ ដើម្បីគេចវេះពីប៉ូលិសនៅពេលដែលប៉ូលិសផាក យើងត្រូវឈប់និយាយគាត់តាមសម្រួល ហើយពេលផាកពិន័យ សូមទារវិក្កយបត្រដើម្បីកុំឲ្យលុយដែលយើងបង់ចូលហ្នឹង ចូលក្នុងហោប៉ៅរបស់គេវិញ»។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិសម្រាប់ឆ្នាំ២០១២ ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មាន ១.៨៩៤នាក់។ តួលេខនេះបើប្រៀបធៀបនឹងឆ្នាំ២០១១ គឺមានការថយចុះតែម្នាក់ប៉ុណ្ណោះ។ របាយការណ៍ដដែលបង្ហាញថា ក្នុងឆ្នាំ២០១១ កន្លងទៅ កម្ពុជា បានខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ៣១០លានដុល្លារ ដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍។
ចំណែករបាយការណ៍របស់អង្គការសង្គមស៊ីវិល រកឃើញថា ក្រៅតែពីការបើកបរមិនគោរពច្បាប់ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគោយន្តកែច្នៃ ដែលពុំមានបច្ចេកទេស ឬពុំមានបំពាក់ភ្លើងត្រឹមត្រូវ ក៏ជាមូលហេតុចម្បងក្នុងពេលបច្ចុប្បន្ន។ ការប៉ាន់ស្មានជំហានដំបូងឲ្យដឹងថា ក្នុងឆ្នាំ២០១២ ករណីគ្រោះថ្នាក់ចរាចរណ៍ប្រហែលពី ៣០ទៅ ៤០% ដែលពាក់ព័ន្ធនឹងគោយន្តកែច្នៃនៅក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីទៀត ដែលបង្កដោយរថយន្តទំនើបៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។