សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានផ្សព្វផ្សាយឲ្យដឹងថា គម្រោងកម្មវិធីកំណើនសេដ្ឋកិច្ចជាអាទិភាពនៅកម្ពុជាមានថវិកាសរុបចំនួន២៦លានដុល្លារ ដែលក្នុងនោះសហរដ្ឋអាមេរិកនឹងផ្តល់ទឹកប្រាក់ជំនួយចំនួន២៤លានដុល្លារ រីឯ ២លានដុល្លារទៀត គឺជាចំណែកថវិកាបដិភាគដែលចូលរួមដោយរាជរដ្ឋាភិបាលខ្មែរ។
ក្នុងឆ្នាំ២០០៨នេះកម្ពុជានឹងទទួលបានថវិកាចំនួន៨លាន៤សែនដុល្លារ ដែលផ្តល់តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID)។
ថវិកាជំនួយនេះនឹងយកទៅប្រើសម្រាប់ពង្រីកគម្រោងអភិវឌ្ឍន៍សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យមនៅតាមជនបទ ដែលជាគម្រោងដ៏មានជោគជ័យយ៉ាងខ្លាំងរបស់ USAID ក្នុងរយៈពេលកន្លងមកនេះ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីគម្រោងកម្មវិធីកំណើនសេដ្ឋកិច្ចជាអាទិភាពនៅកម្ពុជានេះ នឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជាក្នុងរាជធានីភ្នំពេញ។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី អេរីន សូតូ នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះក្រោមអធិបតីភាពរបស់លោក John D. Negroponte អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
