មន្ត្រី​ខ្មែរ៖ ស.រ.អា.​មិន​គួរ​បារម្ភ​ចំពោះ​ខ្មែរ​អ៊ិស្លាម​ក្នុង​ការភ្ជាប់​ចំណង​ជាមួយ​ក្រុម​ភេរវកម្ម

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​និង​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​អ៊ិស្លាម​បាន​ថ្លែង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សហរដ្ឋ​អាមេរិក (ស.រ.អា.) មិន​គួរ​ព្រួយ​បារម្ភ​ចំពោះ​ខ្មែរ​អ៊ិស្លាម​នៅ​កម្ពុជា​ក្នុង​ការបង្ក​អសន្តិសុខ​ឬ​ភ្ជាប់​ចំណង​ស៊ីជម្រៅ​ជាមួយ​ក្រុម​ភេរវកម្ម​អន្តរជាតិ​នោះ​ឡើយ។

0:00 / 0:00

ការថ្លែង​របស់​មន្ត្រី​ខ្មែរ​នេះ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នក​ធ្វើ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ដែល​រួម​មាន​ទាំង​លោក Joseph Mussomeli ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ទើប​បញ្ចប់​អាណត្តិ​ថ្មីៗ បាន​ថ្លែង​ឲ្យ​រដ្ឋការអាមេរិក​យក​ចិត្ត​ទុក​ដាក់​ឃ្លាំមើល​លំហូរ​ចំណាយ​ថវិកា​របស់​ប្រទេស​មជ្ឈិម​បូព៌ា​នៅ​កម្ពុជា។

សូម​ជម្រាប​ថា លោក Joseph Mussomeli បាន​ថ្លែង​យ៉ាង​ដូច្នេះ​គឺ​នៅ​បន្ទាប់ពី​គណៈប្រតិភូ​នៃ​ប្រទេស​គូវ៉េត និង​ប្រទេស​កាតា បាន​សន្យា​ផ្តល់​ប្រាក់​កម្ចី​ចំនួន​៧០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ហើយ​សេចក្តី​ថ្លែង​នេះ​ត្រូវ​បាន​ដកស្រង់​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​បរទេស​មួយ​ឈ្មោះ​ថា World Politics Review នា​ដើម​ខែ​តុលា​នេះ។

រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​ម៉ូស្លីម​កម្ពុជា គឺ​លោក ឧស្មាន ហាសាន់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «មិន​មែន​តែ​សហរដ្ឋ​អាមេរិក​ឬ​បណ្ដា​បរទេស​ហ្នឹង​គាត់​ព្រួយ​បារម្ភ​ទេ គឺ​ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​នាម​បង​ប្អូន​សាសនា​អ៊ិស្លាម​ផ្ទាល់​ហ្នឹង​ក៏​គាត់​ត្រូវតែ​គិត​ដែរ។ បើសិន​ជា​វា​កើត​មាន​រឿងរ៉ាវ​អសន្តិសុខ​ទៅ វា​កើត​ជា​បញ្ហា​នេះ​ជា​បញ្ហា​នោះ​ទៅ គឺ​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ហ្នឹង​វា​លែង​កក់​ក្ដៅ»

ចំណែក​ឯ​លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ក៏​ថ្លែង​ស្រប​ជាមួយ​នឹង​លោក ឧស្មាន ហាសាន់ ហើយ​ក៏​បាន​ថ្លែង​គូស​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​ក្នុង​ការទប់ស្កាត់​អំពើ​ភេរវកម្ម​យ៉ាង​ដូច្នេះ​ថា ៖ «បង​ប្អូន​ខ្មែរ​អ៊ិស្លាម​របស់​យើង​នេះ​គឺ​មិន​មែន​ជា​ខ្មែរ​អ៊ិស្លាម​ជ្រុល​ទេ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​លោក​បាន​ចូលរួម​ស្ទើរតែ​គ្រប់​វេទិកា​ទាំងអស់ ទាំង​នយោបាយ​ក្ដី... ទាំង​ក្នុង​តំបន់ ទាំង​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក»

សូម​ជម្រាប​ថា ថ្មីៗ​នេះ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​គឺ​លោក ហ៊ុន សែន បាន​ប្រកាស​គោល​នយោបាយ​បើក​ទូលាយ​ឲ្យ​ខ្មែរ​អ៊ិស្លាម​នៅ​កម្ពុជា​មាន​សិទ្ធិ​ប្រតិបត្តិ​ប្រពៃណី​ជំនឿ​សាសានា​របស់​ខ្លួន ដែល​ក្នុង​នោះ​មាន​រួម​ទាំង​បង្កើត​បន្ទប់​ថ្វាយបង្គំ​នៅ​តាម​ព្រលាន​យន្តហោះ បង្កើត​កម្មវិធី​វិទ្យុ​ដែល​ផ្សាយ​អំពី​ចាម និង​អនុញ្ញាត​ឲ្យ​សិស្ស​ចាម​ស្រី​ប្រុស​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​របស់​ខ្លួន​នៅ​ក្នុង​សាលារៀន​សាធារណៈ​ផងដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​គ្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មជ្ឈិម​បូព៌ា​មួយចំនួន​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ ហើយ​ក៏​គ្រោង​បើក​ស្ថានទូត​ខ្មែរ​នៅ​ទី​នោះ​ផងដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នក​ធ្វើ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ដែល​រួម​មាន​ទាំង​នាយក FBI គឺ​លោក Robert Mueller ផង​នោះ នៅ​ថ្លែង​ព្រួយ​បារម្ភ​ថា ក្រុម​ភេរវករ​អាច​ប្រើប្រាស់​កម្ពុជា​ជា​ចំណុច​ឆ្លងកាត់​ដើម្បី​បើក​ប្រតិបតិ្តការ​វាយប្រហារ​ដោយសារតែ​កម្ពុជា​នៅ​ខ្សោយ​ទាំង​ច្បាប់​និង​សមត្ថភាព​គ្រប់គ្រង​សន្តិសុខ៕