អាជ្ញាធរ​ស្រុក​អង្គរបុរី​រង​ការ​ចោទ​ថា​យក​ឡូត៍​កាត់​រំសាយ​ឲ្យ​ឈ្មួញ​នេសាទ​ខុស​ច្បាប់

ប្រជាពលរដ្ឋ​ខេត្ត​តាកែវ បាន​ចោទ​សមត្ថកិច្ច​មូលដ្ឋាន​ថា​បាន​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​នេសាទ ប្រើ​ឧបករណ៍​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ ក្នុង​ឡូត៍​នេសាទ​ដែល​រដ្ឋាភិបាល​កាត់​រំសាយ​ផ្តល់​ជូន​ពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ។
ដោយ ដែន អយុធ្យា
2012-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បទ​ល្មើស​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ជំរុញ និង​រំលឹក​ជា​រឿយៗ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​អះអាង​ថា មន្ត្រី​ក្រោម​ឱវាទ​មិន​យក​ត្រចៀក​ស្តាប់ ឬ​អនុវត្ត​តាម​ទេ។

ប្រជាពលរដ្ឋ​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្ត​តាកែវ ចំនួន ១៦០​នាក់ បាន​ផ្ដិត​ស្នាម​មេ​ដៃ​ដាក់​ជូន​អភិបាល​ស្រុក​អង្គរបុរី ស្នើ​ជួយ​បង្ក្រាប​បទ​ល្មើស​នេសាទ ដែល​ឈ្មួញ​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​នេះ។

ពលរដ្ឋ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​អះអាង​ថា ឡូត៍​លេខ​១៥ និង​ឡូត៍​លេខ​១៦ ដែល​លោក​នាយក​រដ្ឋមន្ត្រី​កាត់​រំសាយ​ឲ្យ​ពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម​ឆ្នាំ​២០១២ ត្រូវ​សមត្ថកិច្ច​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​គ្មាន​ការ​ហាម​ឃាត់។

ពលរដ្ឋ​បាន​ចោទ​សមត្ថកិច្ច​ថ្នាក់​ឃុំ ស្រុក រហូត​ដល់​ថ្នាក់​ខេត្ត អាច​ស្ថិត​នៅ​ពី​ក្រោយ​ឈ្មួញ​នេសាទ ទើប​ពួក​គេ​អាច​ធ្វើ​សកម្មភាព​ល្មើស​បាន៖ «បើ​ឈ្មួញ​ធំៗ​គាត់​នេសាទ​យក​ត្រី​អស់​ហើយ។ អ៊ីចឹង​ប្រជាជន​ទម្រាំ​ធ្វើ​ស្រូវ​ចម្ការ​ហើយ រក​ត្រី​អី​បាន​ហូប គេ​យក​អស់​ហើយ។ សម្ដេច​តេជោ សម្ដេច ហ៊ុន សែន ជួយ​អន្តរាគមន៍​ផង ព្រោះ​គាត់​ខាង​លើ​នោះ​គាត់​ល្អ​ណាស់ អត់​មាន​ធ្វើ​អី​ខុស​លើ​ប្រជាជន​ទេ ក៏ប៉ុន្តែ​ថ្នាក់​ខាង​ក្រោម​ទេ​ដែល​ធ្វើ​ខុស​ចំពោះ​ប្រជាជន។ ព្រោះ​សម្ដេច​គាត់​បាន​រំសាយ​ហើយ​ឡូត៍​លេខ​១៥ និង​ឡូត៍​លេខ​១៦ ហេតុ​អី​បាន​ជា​អាជ្ញាធរ​ថ្នាក់​ក្រោម​ឆ្លៀត​ឱកាស​ដើម្បី​ឲ្យ​យួន​ចូល​មក​ធ្វើ​សកម្មភាព​នេសាទ​ខុស​ច្បាប់។ សំណូម​ពរ​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍»

ពលរដ្ឋ​ឃុំ​គោកធ្លក បាន​អះអាង​ថា បទ​បញ្ជា​បង្ក្រាប​បទ​ល្មើស​នេសាទ ដែល​ប្រមុខ​ដឹកនាំ​ដាក់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ទប់​ស្កាត់ សមត្ថកិច្ច​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ។

បញ្ហា​នេះ លោក ហ៊ឹម សុះ មេ​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ បាន​រេរែក និង​មិន​ចង់​ឆ្លើយ​ជុំវិញ​បទ​ល្មើស​នេសាទ​កំពុង​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​លោក​ទេ។ ប៉ុន្តែ​ក្រោយ​មក ឲ្យ​ដឹង​ថា បទ​ល្មើស​នេះ ថ្នាក់​ដឹកនាំ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ចុះ​ស៊ើប​អង្កេត​ចំពោះ​បញ្ហា​នេះ៖ «ថ្នាក់​លើ​គាត់​ចុះ​មក​ថ្ងៃ​នេះ​ហើយ ខ្ញុំ​ចាំ​ជូន​គាត់​ទៅ​មើល តើ​ល្មើស​ត្រង់​ណា»

លោក ផៃ សំអាត ជំទប់​ទី២ ឃុំ​គោកធ្លក មាន​ប្រសាសន៍​ថា តាម​បណ្ដឹង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន បទ​ល្មើស​នេសាទ​បាន​ធ្វើ​សកម្មភាព​ក្នុង​ឡូត៍​លេខ​១៥ និង​ឡូត៍​លេខ​១៦ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាត់​រំសាយ​ជូន​ប្រជាពលរដ្ឋ៖ «ឡូត៍​លេខ​១៥ ដក​រាក​ចេញ​ហើយ តែ​នៅ​សៃយឺន។ រីឯ​ឡូត៍​លេខ​១៦ គឺ​នៅ​មាញ់ នៅ​រាក​ដដែល។ សម្ភារៈ​ទាំង​អស់​មាន​មាញ់ និង​រាក ហ្នឹង ជន​ជាតិ​យួន ជា​អ្នក​ដឹក​ចូល តែ​ជន​ជាតិ​ខ្មែរ ជា​អ្នក​ចេញ​មុខ»

លោក​ថា បទ​ល្មើស​កំពុង​ធ្វើ​សកម្មភាព​នៅ​ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ទាម​ទារ​ឲ្យ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ជល​ផល​នៃ​ក្រសួង​កសិកម្ម បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត និង​មាន​វិធានការ​បន្ទាន់។

អភិបាល​ស្រុក​អង្គរបុរី ខេត្ត​តាកែវ លោក មូល វិចិត្រ មាន​ប្រសាសន៍​ថា មិន​ទាន់​ទទួល​ព័ត៌មាន​បទ​ល្មើស​នេសាទ​នេះ​ទេ ព្រោះ​លោក​ទើប​មក​ទទួល​ការងារ​ថ្មី​បាន​ពីរ​បី​ថ្ងៃ​ក្នុង​មូលដ្ឋាន​នេះ។ ប៉ុន្តែ​លោក​ថា​នឹង​ស៊ើប​អង្កេត​ឈាន​ដល់​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ឯកឧត្តម​អភិបាល​រង​ខេត្ត​ហ្នឹង ថ្ងៃ​នេះ​គាត់​ចុះ​មក​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង តើ​មាន​បញ្ហា​អី​កើត​ឡើង​ខ្លះ»

ទាក់​ទិន​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​ព្រមាន​ជា​ថ្មី​ទៀត ឲ្យ​អាជ្ញាធរ​ក្រោម​ឱវាទ​បង្ក្រាប​បទ​ល្មើស​នេសាទ និង​មិន​ត្រូវ​ឃុបឃិត​ជាមួយ​អតីត​ម្ចាស់​ឡូត៍​បាន​កាត់​រំសាយ​នោះ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «បញ្ហា​អនាធិបតេយ្យ​ក្នុង​ការ​ប្រើប្រាស់​ការ​ចាប់​ត្រី ត្រូវ​តែ​បាន​ត្រួត​ពិនិត្យ​នៅ​គ្រប់​ខេត្ត​ទាំង​អស់។ ធ្វើ​ម៉េច​ធានា​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ មិន​មែន​ធានា​ផល​ប្រយោជន៍​ឲ្យ​ពួក​អតីត​ថៅកែ​ឡូត៍​នេសាទ​ទេ។ វា​គ្មាន​អី​រឹង​ជាង​យើង​ធ្វើ​ទេ។ លុប​ដើម្បី​អី មិន​មែន​លុប​ក្រៅ​ពី​ផល​ប្រយោជន៍​ប្រជាជន​ទេ។ អ៊ីចឹង​អស់​លោក​កុំ​ចាំ​ដល់​ពេល​គេ​ស្រែក បាន​ធ្វើ​នោះ​ទេ។ រឿង​ត្រួត​ពិនិត្យ​បទ​ល្មើស​នេសាទ វា​មិន​ចាំបាច់​នាយក​រដ្ឋមន្ត្រី​ត្រូវ​ស្រែក​ទេ ក៏ប៉ុន្តែ​មក​ពី​អស់​លោក​វា​ស្ពឹក​ដេក​កេះ​វា​មិន​ក្រោក​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ក្រោម​យ៉ាង​នេះ»

លោក​ថា បញ្ហា​នេះ​មន្ត្រី​តាម​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្លួន ចំពោះ​ការងារ​របស់​ខ្លួន មិន​គួរ​តែ​នាយក​រដ្ឋមន្ត្រី​នោះ​ទេ។

យ៉ាង​នេះ​ក្តី ពលរដ្ឋ​ឃុំ​គោកធ្លក បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ និង​ស្ថាប័ន​ជំនាញ​ថ្នាក់​លើ​ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​បទ​ល្មើស​នេសាទ​កំពុង​ធ្វើ​សកម្មភាព​តាម​ឡូត៍​លេខ​១៥ និង​ឡូត៍​លេខ​១៦ ដែល​ប្រមុខ​ដឹក​នាំ​កាត់​រំសាយ​ក្នុង​ស្រុក​អង្គរបុរី ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល