គិលានុបដ្ឋាក​នៅ​ខេត្ត​សៀមរាប​រង​ការ​ចោទ​ថា​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​ស្លាប់​ដោយ​អចេតនា

មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប កំពុង​ស្នើសុំ​ឱ្យ​ផ្នែក​ប្រតិបត្តិ​សុខាភិបាល​ស្រុក អញ្ជើញ​គិលានុបដ្ឋាក នៅ​មណ្ឌល​សុខភាព​ជនបទ​ដាច់​ស្រយាល​ម្នាក់ មក​សាក​សួរ​អំពី​បញ្ហា​បើក​កន្លែង​ថែទាំ​សុខភាព និង​ពិគ្រោះ​ជំងឺ​ដែល​មិន​ត្រឹមត្រូវ​តាម​ច្បាប់។
ដោយ ហង្ស សាវយុត
2013-01-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

គម្រោង​អញ្ជើញ​បុគ្គលិក​មណ្ឌល​សុខភាព​មក​ធ្វើ​ការ​សាក​សួរ​នោះ បន្ទាប់​ពី​អ្នក​ភូមិ​ម្នាក់​បាន​ចោទ​ប្រកាន់​គ្រូពេទ្យ​រូប​នោះ ថា​បាន​ទទួល​ព្យាបាល​កូន​ស្រី​តូច​របស់​គាត់​ម្នាក់ បណ្ដាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត។

ស្ត្រី​ម្នាក់​ជា​អ្នក​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប កាល​ពី ៤ថ្ងៃ​មុន ដោយ​ចោទ​ប្រកាន់​បុគ្គលិក​មណ្ឌល​សុខភាព​ប្រចាំ​ឃុំ​នោះ​ម្នាក់​ឈ្មោះ អឿ ម៉េង ពី​បទ​ថា​បាន​សម្លាប់​កូន​ស្រី​គាត់​ម្នាក់​អាយុ ៤​ឆ្នាំ ដោយ​អចេតនា។

ពាក្យ​បណ្ដឹង​នោះ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​បុគ្គលិក​មណ្ឌល​សុខភាព​ប្រចាំ​ឃុំ ចំនួន ៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ព្រម​ទាំង​សុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ផង​ដែរ។

អ្នកស្រី អាង មេសា អាយុ ៣២​ឆ្នាំ គឺ​ជា​ដើម​បណ្ដឹង​ក្នុង​រឿង​នោះ អ្នកស្រី​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី៧ ខែ​មករា ថា កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ កូន​ស្រី​របស់​អ្នកស្រី​ឈ្មោះ ចាង សេរីហេងអ៊ុន ហៅ សុមាវីន អាយុ ៤ឆ្នាំ មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ហើយ​អ្នកស្រី​បាន​យក​ទៅ​ព្យាបាល​នៅ​ផ្ទះ​បុគ្គលិក​មណ្ឌល​សុខភាព​ឃុំ ឈ្មោះ អឿ ម៉េង។ នៅ​ពេល​ទៅ​ដល់ គ្រូពេទ្យ​ពុំ​បាន​ពិនិត្យ​ជំងឺ​ទេ គឺ​បាន​ចាក់​ថ្នាំ​ឱ្យ​កូន​ស្រី​តូច​របស់​គាត់។

ស្ត្រី​ដដែល​បញ្ជាក់​ថា គាត់​បាន​យក​កូន​ទៅ​ចាក់​ថ្នាំ​នៅ​ផ្ទះ​គ្រូពេទ្យ​នោះ​ចំនួន ៣ថ្ងៃ គឺ​ក្នុង ១ថ្ងៃ​ចំនួន​៤​ម្ជុល។ បន្ទាប់​មក កូន​ស្រី​តូច​របស់​គាត់​បាន​ឈឺ​ជើង ដោយ​សារ​ចាក់​ថ្នាំ ហើយ​លោក​គ្រូពេទ្យ​ឈប់​ចាក់ ក៏​បាន​ឱ្យ​ថ្នាំ​មក​លេប​ចំនួន ២ថ្ងៃ​ទៀត។

ទោះ​យ៉ាង​ណា ស្ថានភាព​ជំងឺ​របស់​ក្មេង​ស្រី​ពុំ​បាន​ធូរ​ស្បើយ​ទេ ចេះ​តែ​ទ្រុឌទ្រោម​ទៅៗ​ធ្វើ​ឱ្យ​ស្ត្រី​ជា​ម្ដាយ​នាំ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​នៅ​ស្រុក​ជីក្រែង ក៏​នៅ​តែ​មិន​ធូរ​ស្រាល ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា។ នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា គឺ​គ្រូពេទ្យ​បាន​ពិនិត្យ​ឈាម រក​ឃើញ​ថា ក្មេង​ស្រី​តូច​នោះ​កើត​ជំងឺ​គ្រុន​ឈាម និង​ពុល​ជាតិ​ថ្នាំ​ខ្លាំង​នៅ​ក្នុង​ថ្លើម និង​សួត ហើយ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ ក្មេង​ស្រី​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

អ្នកស្រី អាង មេសា បាន​អះអាង​ថា ដោយ​សារ​តែ​បុគ្គលិក​មណ្ឌល​សុខភាព​មិន​មាន​ជំនាញ​គ្រប់គ្រាន់ ហើយ​ព្យាបាល​កូន​ស្រី​របស់​គាត់​បណ្ដាល​ឱ្យ​ហួស​ពេល​នោះ ទើប​គាត់​សម្រេច​ចិត្ត​ប្ដឹង​គ្រូពេទ្យ​នោះ៖ «ខ្ញុំ​សម្រេច​ចិត្ត​ប្ដឹង មក​ពី​គាត់​អត់​ប្រាប់​ថា គាត់​ព្យាបាល​អត់​ជា គាត់​អត់​បាន​ជួស​ឈាម​ពិនិត្យ ហើយ​ក៏​មិន​បាន​ប្រាប់​ឱ្យ​ឆាប់​ទៅ​ពេទ្យ ហើយ​គាត់​ចេះ​តែ​ឆ្លើយ​ថា​មិន​អី​ទេៗ។ ចាក់​គ្រប់​ចំនួន​ទៅ​គឺ​វា​ជា​ហើយ។ ខ្ញុំ​ក៏​ទុក​ចិត្ត​គាត់»

ក៏ប៉ុន្តែ លោក អឿ ម៉េង ដែល​ជា​បុគ្គលិក​មណ្ឌល​សុខភាព​ឃុំ​ខ្វាវ បាន​ច្រាន​ចោល​បណ្ដឹង​របស់​ម្តាយ​ក្មេង​ស្រី ដែល​ចោទ​ប្រកាន់​រូប​លោក​នោះ​ថា គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។

គិលានុបដ្ឋាក​រូប​នោះ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ម្តាយ​បាន​នាំ​ក្មេង​ស្រី​ឈ្មោះ ចាង សេរីហេងអ៊ុន ទៅ​ព្យាបាល​នៅ​ផ្ទះ​របស់​លោក​នោះ គឺ​មាន​អាការៈ​សុខភាព​មិន​ធ្ងន់ធ្ងរ​ទេ។ បុគ្គលិក​ពេទ្យ​ដដែល​បាន​បញ្ជាក់​ថា នៅ​ទី​ជនបទ​ដាច់​ស្រយាល មិន​មាន​ឧបករណ៍​ពិនិត្យ​ជំងឺ​ធំ​ដុំ​ទេ គឺ​លោក​បាន​ប្រើ​ឧបករណ៍​ស្តាប់​សាមញ្ញ និង​វិនិច្ឆ័យ​ថា ក្មេង​នោះ​គ្រាន់​តែ​ក្អក ក្ដៅ​ខ្លួន និង​ស្តាប់​សួត​ទៅ គឺ​អាច​រលាក​សួត​បន្តិច​បន្តួច ទើប​លោក​ហ៊ាន​ទទួល​ព្យាបាល។

លោក អឿ ម៉េង៖ «ជំងឺ​ហ្នឹង​ទៅ​ស្លាប់​ឯ​ពេទ្យ​ផ្សេង មក​ប្ដឹង​គ្នា​ឯ​ខាង​ដើម​ដែល​ជួយ​ពី​ដំបូងៗ​អីចឹង ដូច​ជា​ខ្ញុំ​គិត​ថា គាត់​ធ្វើ​ហ្នឹង​ដើម្បី​ជៀសវាង​កុំ​ឱ្យ​គេ​ចោទ​ប្រកាន់​គាត់​ថា​ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​មើល​កូន​តែ​ប៉ុណ្ណឹង​ទេ បើ​តាម​ការ​សន្និដ្ឋាន​របស់​ខ្ញុំ​ហ្នឹង»

ទោះ​យ៉ាង​ណា លោក ក្រូស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ជា​ធម្មតា បុគ្គលិក​សុខភាព​ដែល​មាន​កម្រិត​ត្រឹម​តែ​គិលានុបដ្ឋាក មិន​មាន​សិទ្ធិ​បើក​កន្លែង​ថែទាំ និង​ពិគ្រោះ​ជំងឺ​ដើម្បី​រក​ប្រាក់​នោះ​ទេ។ មន្ត្រី​មន្ទីរ​សុខាភិបាល មាន​គម្រោង​កោះ​ហៅ​បុគ្គលិក​មណ្ឌល​សុខភាព​នោះ​មក​ធ្វើ​ការ​សាក​សួរ​នៅ​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អាង​ រក្សា

ពី សរ

គ្រូពេទ្យ ដែលមិនមានជំនាញពិតប្រាកដ សូមកុំទុកចិត្តអោយសោះ។
ម្នាក់នេះ ត្រូវតែផ្តន្ទាទោស ទៅតាមច្បាប់ជាកំហិត។
មានការឈឺចាប់ណាស់ លោកអើយ!!!!

Jan 08, 2013 04:54 AM