ម្ចាស់​ឆ្នោត​ព្រមាន​គណបក្ស​នយោបាយ​ឲ្យ​គោរព​សន្យា​មុន​ការ​បោះ​ឆ្នោត

គណបក្ស​នយោបាយ​ដែល​ត្រៀម​ចូល​ខ្លួន​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ កំពុង​ត្រៀម​រៀបចំ​គោល​នយោបាយ​របស់​ខ្លួន​សម្រាប់​ឃោសនា​រក​សំឡេង​ឆ្នោត​ទាក់​ទាញ​ម្ចាស់​ឆ្នោត។
ដោយ ទេព សុរ៉ាវី
2012-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​រក​ឃើញ​ថា ម្ចាស់​ឆ្នោត​នៅ​ឃុំ​ដាច់​ស្រយាល និង​ឃុំ​ជន​ជាតិ​ដើម​ភាគ​តិច គឺ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​ពួក​គាត់ មិន​បាន​អនុវត្តន៍​តាម​គោល​នយោបាយ ឬ​ការ​សន្យា​មុន​ការ​បោះ​ឆ្នោត​នោះ​ទេ។ រីឯ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមាន​ថា បើ​គណបក្ស​នយោបាយ​មិន​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ទេ​នោះ សំឡេង​ឆ្នោត​គាំទ្រ​នឹង​មាន​ការ​ធ្លាក់​ចុះ។

ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​របស់​គណបក្ស​ដែល​បាន​សន្យា​នៅ​មុន​ការ​បោះ​ឆ្នោត អាច​ជំរុញ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ផ្លាស់​ប្ដូរ​ជំហរ​គាំទ្រ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (Adhoc) លោក នី ចរិយា ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ពង្រឹង​សំឡេង​ម្ចាស់​ឆ្នោត​ក្នុង​ឃុំ​ដាច់​ស្រយាល និង​ឃុំ​ជន​ជាតិ​ដើម​ភាគ​តិច កាល​ពី​ថ្ងៃ​ទី២៥ ខែ​ធ្នូ ឆ្នាំ​២០១២ ដោយ​សង្កត់​ធ្ងន់​ថា នៅ​មុន​ពេល​បោះ​ឆ្នោត គណបក្ស​នយោបាយ​នីមួយៗ​តែង​បង្ហាញ​ពី​គោល​នយោបាយ​របស់​ខ្លួន ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត។

តាម​របាយការណ៍​របស់​អង្គការ​ខុមហ្រ្វែល (Comfrel) បង្ហាញ​ថា មាន​ប្រមាណ ៧៧% ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​ឃុំ​ដាច់​ស្រយាល និង​នៅ​ឃុំ​ជន​ជាតិ​ដើម​ភាគ​តិច បាន​ពេញ​ចិត្ត​នឹង​គោល​នយោបាយ​ឃោសនា​ទាំង​នោះ ដែល​នេះ​អាច​សន្និដ្ឋាន​បាន​ថា គណបក្ស​នយោបាយ​បាន​ដឹង​ពី​តម្រូវ​ការ​ជា​អាទិភាព​របស់​ម្ចាស់​ឆ្នោត។ ប៉ុន្តែ​ជា​អកុសល ការ​ឆ្លើយ​តប​តាម​ការ​សន្យា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត នៅ​មាន​ការ​ខ្វះខាត​ច្រើន។

លោក នី ចរិយា ពន្យល់​ថា បច្ចុប្បន្ន​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គណបក្ស​មួយ​ចំនួន​មាន​ការ​សន្យា ប៉ុន្តែ​ពុំ​មាន​ការ​អនុវត្ត ឬ​ហៅ​ថា​ការ​សន្យា​ខ្យល់ ដូច្នេះ​បើ​គណបក្ស​នយោបាយ​នៅ​តែ​អនុវត្ត​គោល​នយោបាយ​ចាស់ ឬ​ការ​សន្យា​ខ្យល់​ទៀត​នោះ សំឡេង​ឆ្នោត​នឹង​បាត់​បង់​ដោយ​ឯងៗ៖ «អ្វីៗ​ប្រជាជន​បាន​មើល​ឃើញ​ហើយ ឧទាហរណ៍​សន្យា​១០ ហើយ​ធ្វើ​បាន​តែ​២ ហើយ​សន្យា​១០​មក​វិញ​ទៀត ប្រហែល​ជា​គាត់​មាន​ការ​លំបាក មាន​ការ​ជឿជាក់​លើ​សន្យា​នោះ​ហើយ»

ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​អាដហុក ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល រក​ឃើញ​ថា តាម​លទ្ធផល​ពិន្ទុ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដាច់​ស្រយាល និង​ឃុំ​ជន​ជាតិ​ភាគ​តិច បាន​ឲ្យ​តម្លៃ​ថា មាន​ក្រុម​ប្រឹក្សា​ឃុំ​តែ​ប្រមាណ ៣០% តែ​ប៉ុណ្ណោះ​ដែល​បាន​អនុវត្តន៍​បាន​ខ្លះ​តាម​សំណូម​ពរ​សំឡេង​ម្ចាស់​ឆ្នោត។ ចំណែក​ក្រុម​ប្រឹក្សា​ឃុំ​ប្រមាណ​ជាង ៦០% ទៀត មិន​អនុវត្ត ឬ​អនុវត្ត​មិន​បាន​ពេញ​លេញ​តាម​សំណូម​ពរ​របស់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នៅ​ឡើយ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ថ្លែង​ថា គណបក្ស​នយោបាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​សំណូម​ពរ​របស់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។

លោក​បន្ត​ថា កន្លង​មក​គម្រោង​តូចៗ​នៅ​តាម​ឃុំ​សង្កាត់ ដូច​ជា​ការ​ធ្វើ​ផ្លូវ​ជា​ដើម​នោះ មាន​ការ​ដោះស្រាយ​ច្រើន។ ប៉ុន្តែ​ចំពោះ​សេវា​សំខាន់ៗ​មួយ​ចំនួន រួម​មាន​សេវា​សុខភាព ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ បញ្ហា​ទំនាស់​ដីធ្លី​នៅ​តែ​ជា​បញ្ហា​រសើប ដែល​ទាម​ទារ​ឲ្យ​កម្មវិធី​នយោបាយ​របស់​គណបក្ស ដែល​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ យក​បញ្ហា​ទាំង​នោះ​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​របស់​គណបក្ស ដើម្បី​អាច​ទាក់​ទាញ​រក​សំឡេង​ឆ្នោត។

លោក គល់ បញ្ញា៖ «គណបក្ស​នយោបាយ​លោក​គិត​យ៉ាង​ម៉េច​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង ប្រសិន​បើ​គាត់​ចង់​យក​បញ្ហា​ហ្នឹង ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​នៅ​តំបន់​ដាច់​ស្រយាល​នៅ​តំបន់​ជន​ជាតិ​ដើម​ភាគ​តិច គាត់​អាច​ពិចារណា​នូវ​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល ពី​ការ​ព្រួយ​បារម្ភ​ដែល​មិន​អាច​អនុវត្ត​បាន​យក​មក​កម្មវិធី​គោល​នយោបាយ​របស់​ខ្លួន សម្រាប់​ការ​ឃោសនា​គណបក្ស​នយោបាយ ឬ​ការ​ប្រកួត​ប្រជែង​សំឡេង​ឆ្នោត​ថ្មី​សម្រាប់​ការ​បោះ​ឆ្នោត​២០១៣»

ទាក់​ទង​នឹង​បញ្ហា​នេះ លោក ទេព នន្ទរី តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថ្លែង​ថា ការ​រៀបចំ​ផែន​ការ​អភិវឌ្ឍន៍​ឃុំ ត្រូវ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ទើប​ជា​ការ​អភិវឌ្ឍ​សម្រាប់​ពលរដ្ឋ ដើម្បី​ពលរដ្ឋ​ពិត​ប្រាកដ។

លោក​បន្ត​ថា នៅ​ថ្នាក់​ជាតិ​បាន​ផ្តល់​ថវិកា​តិចតួច​សម្រាប់​អភិវឌ្ឍ​នៅ​តាម​ឃុំ-សង្កាត់ ហើយ​គម្រោង​ភាគ​ច្រើន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ ដូច​ជា​បុគ្គលិក​សិក្សា មន្ទីរពេទ្យ ប្រព័ន្ធ​ប្រឡាយ​ទឹក ការ​កសាង​ផ្លូវ​ថ្នល់។ល។

តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច រូប​នោះ បាន​លើក​ឡើង​ដែរ​ថា បញ្ហា​សំខាន់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន គឺ​មាន​ទំនប់ ប្រឡាយ ផ្លូវ និង​ភ្លើង​ជាដើម ដែល​ជា​បញ្ហា​សំខាន់​ត្រូវ​ដោះស្រាយ ហើយ​អ្វី​ដែល​ជា​បញ្ហា​ដែរ​នោះ គឺ​ព័ត៌មាន៖ «សំណូម​ពរ​របស់​ប្រជាពលរដ្ឋ​ច្រើន រាជ​រដ្ឋាភិបាល​ជា​អ្នក​ដោះស្រាយ​បញ្ហា​បុគ្គលិក​សិក្សា និង​បុគ្គលិក​ពេទ្យ បញ្ហា​ពេទ្យ និង​ប្រព័ន្ធ​ប្រឡាយ​ផ្លូវ​ថ្នល់​អី​គឺ​ឃុំ​បាន​ថវិកា​អភិវឌ្ឍន៍​តិចតួច»

រីឯ​លោក ហ៊ូរ វ៉ាន់ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី វិញ ទទួល​ស្គាល់​ថា ការ​បែង​ចែក​វិមជ្ឈការ​នៅ​ថ្នាក់​ក្រោម​ជាតិ​មិន​ទាន់​បាន​ពេញ​លេញ និង​ធ្វើ​ឲ្យ​មាន​កង្វះ​ខាត​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន ការ​ការពារ​ព្រៃ​ឈើ ធនធាន​ធម្មជាតិ។ល។

មិន​ខុស​ពី​អាណត្តិ​មុនៗ​ទេ គណបក្ស​ប្រឆាំង​មួយ​នេះ​នៅ​តែ​បន្ត​សន្យា​ថា​នឹង​មាន​ការ​ដំឡើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រី​រាជការ ប្រាក់​ខែ​កម្មករ​រោងចក្រ ផ្តល់​ប្រាក់​ចិញ្ចឹម​ចាស់​ជរា និង​រក្សា​បូរណភាព​ទឹកដី។ តែ​ទោះ​ជា​យ៉ាង​ណា គណបក្ស​មួយ​នេះ​សន្យា​ថា​នឹង​មាន​កំណែ​ទម្រង់​គោល​នយោបាយ​ខ្លះ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ថ្នាក់​ក្រោម​ជាតិ​សម្រាប់​ផ្គាប់​ចិត្ត​ម្ចាស់​ឆ្នោត៖ «គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែរ គឺ​បង​ប្អូន​ចាស់​ជរា​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង គឺ​សូម​ជូន ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ហើយ​ចំពោះ​កម្មករ យើង​ជូន ១៥០​ដុល្លារ មន្ត្រី​រាជការ​ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ប្រាក់​ខែ​គោល​អប្បបរមា ១លាន​រៀល​ក្នុង​មួយ​ខែ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី២៥ ធ្នូ ដោយ​ចំអក​ទៅ​គណបក្ស​ប្រឆាំង​ចំពោះ​ការ​សន្យា​ជាច្រើន​ដល់​ម្ចាស់​ឆ្នោត ដែល​លោក​ចាត់​ទុក​ថា​ជា​ការ​សន្យា​ដែល​មិន​អាច​ធ្វើ​ទៅ​រួច៖ «ខ្ញុំ​ថា​ឱ​ស្រុក​ខ្មែរ​យើង​រលាយ​រហ័ស​ហើយ ឲ្យ​តែ​សន្យា​បែប​នេះ។ ឥឡូវ​យើង​គិត​ស្រុក​ខ្មែរ​យើង មនុស្ស​ចាប់​ពី​អាយុ ៦៥ ឡើង​ទៅ មាន​ប្រហែល ២​លាន ទៅ ៣​លាន នេះ​ហើយ​ជា​កិច្ច​សន្យា គឺ​ស្រួល​ណាស់ នេះ​ហើយ​ជា​កិច្ច​សន្យា គឺ​ស្រួល​ណាស់។ ហើយ​មាន​អ្នក​ខ្លះ​ថា សុំ ៥​ម៉ឺន ៥​ម៉ឺន​ក៏​បាន។ ៦​ម៉ឺន ៦​ម៉ឺន​ក៏​បាន យី! នែ​អា​ឡើង​រហ័ស​នោះ​ស្រួល​ណាស់​វើយ តែ​ពិបាក​បំផុត ពិបាក​អា​អ្នក​នៅ​ផ្ទះ​ស្បូវ ទៅ​សន្យា​ធ្វើ​ផ្ទះ​ក្បឿង​ឲ្យ​គេ​នោះ។ ហើយ​ខ្លួន​ឯង​ជិះ​កង់​សោះ ទៅ​សន្យា​ថា បើ​ខ្ញុំ​ឈ្នះ​ឲ្យ​ម៉ូតូ កោត​តែ​ទៅ​រួច​ណាស់។ តែ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្លះ​និយាយ​ថា អញ​មិន​យក​ទេ​ម៉ឺន​នោះ អញ​យក​សែន​វិញ។ សែន​មាន​ន័យ​ថា ហ៊ុន សែន ពីព្រោះ​អញ​បាន​សុខ​យូរ​ហើយ ដោយ​សារ​សែន​នោះ។ ទៅ​យក​អី អា​ម៉ឺន​ខ្យល់​នោះ»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា ការ​សន្យា​ណា​មួយ​មុន​ការ​បោះ​ឆ្នោត ហើយ​គណបក្ស​នយោបាយ​មិន​អាច​អនុវត្ត​បាន ជា​ការ​ជំរុញ​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​បាត់​ទំនុក​ចិត្ត។ បើ​តាម​អ្នក​វិភាគ​សង្គម បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដើរ​ផ្លូវ​ត្រូវ​ក្នុង​ការ​រក​ប្រជាប្រិយភាព​បន្ថែម​ពី​ម្ចាស់​ឆ្នោត តាម​រយៈ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ដីធ្លី កំណែ​ទម្រង់​ជលផល និង​កំណែ​ទម្រង់​ព្រៃ​ឈើ​ជាដើម។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិន​ទាន់​អាច​ជិះ​សេះ​លែង​ដៃ​បាន​នៅ​ឡើយ​ទេ នៅ​ក្នុង​ដំណាក់​ការ​បោះ​ឆ្នោត​ជាតិ​ខាង​មុខ។ បើ​តាម​លទ្ធផល​ព្យាករណ៍​ទុក​មុខ សម្រាប់​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៣ របស់​អង្គការ​ខុមហ្វ្រែល គណបក្ស​ប្រជាជន​កម្ពុជា អាច​ប្រឈម​នឹង​ការ​បាត់​បង់​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​ខ្លះ ប្រសិន​បើ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ចាប់​ដៃ​រួម​គ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ប្រកប​ដោយ​ជោគជ័យ​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អាគួយ

ពី កាលូមបូ៑ស

ទឺកមុខសាដាត់​ ដេកជោរ តាមទំនងជាមនុស្សឈឹ ឆុងរាសី
គឺវាមានជ្រូកឈឹដល់ទៅពីរបីក្បាលសាដាត់ប្រឺងព្យាបាលកុំឧ្យវាឆាប់ងាប់ ពុំនោះសោតដាត់ជោរទំនងយួនវាចាក់ថ្នាំ
ឪ្យឡប់ចឹងបានជានិយាយឡប់ៗជាងក្មេងវត្ដទៀត ១
អាចនិយាយបានថាឆ្កួតនិងអំណាច បើជាជំពូកជម្ងឺដូច
ខាងលើនេះមែន យូរឆាប់អាចត្រូវងាប់ រឹត្រូវដកចេញ
ដោយអំណាចប្រជាជនបោះឆ្នោត មិនចឹងទេប្រទេសនិង
ត្រូវហិនហោច ដោយសារមាត់សំអុយធ្មេញកំពុករបស់
លោកមិនលែងឡើយ ចេញចូលទីណាដោយបើឃើញ
ទោះក្មេងចាស់សុំលោកវាជើងបួន នេះដើម្បីឪ្យឆុងវា
បញ្ច្រាស់ទៅរកឆុយវិញ។នេះជាក្បួនម៉ិសុ៑នជឺ

Dec 28, 2012 04:16 PM

Phnom Bouk

ពី Siem Reap

សូមប្រជាជនខ្មែរសាកល្បងដូរមុខម្ហូបផ្សេងម្តង បើមិនឆ្ងាញ់ដូរមុខម្ហូបផ្សេងទៀតនៅអណ្តក្រោយមួយទៀត។ ប្រទេសកាន់លទ្ធិប្រជាធិបត្តេយ្យត្រូវតែមានការផ្លាស់ប្តូរពីអន់ទៅល្អ។

Dec 27, 2012 10:43 AM

អ្នកសំទានម្នាក់

ពី Phnom Penh

ទេ! បើល្មមដូរបាន គួរដូរទៅអី ! ដឹកនាំ ៣០ឆ្នាំហើយ វាសមរម្យហើយ ។ សាដូរលមើល ក្រែងមុខរបរខ្ញុំរីក ចំរើនជាងមុន ព្រោះឥឡូវមិត្តការងារ(អ្នកសំទានដូចគ្នា) វាកាន់តែសំបូរទៅ មិនដឹងមកពីណា តែអ្នកខ្លះថាមកពីអស់ដី អ្នកថាមកពីអស់ផ្ទះដោយការ អភិវឍ្ឍន៍របស់សម្តេច ។ យី ! អភិវឍ្ឍរហូតដល់ គេភ័យគ្រប់គ្នាយ៉ាងនេះ ! មិច អញ្ចឹងសម្តេច ?​

Dec 27, 2012 04:30 AM

Phnom Bouk

ពី Siem Reap

ត្រូវហើយ យើងត្រូវតែដូរ អ្នកដឹកនាំថ្មីនៅឆ្នាំ២០១៣​ ខាងមុខ។ យួននៅស្រុកខ្មែរច្រើនណាស់ ព្រោះមាន ហ៊ុន សែន ជាអ្នកការពារយួន។ តែខ្ញុំមានសង្ឃឹមតិចណាស់ចង់ទំលាក់ សំដាច់ ពីព្រោះឆ្នាំ១៩៩៣ គាត់ចាញ់ ម្តងហើយតែគាត់ ទាមទាររហូតបាននាយករដ្ឋមន្ត្រីទី២ដែរ។ ហើយម្យ៉ាងទៀតប្រព័ន្ធបោះឆ្នោតជារបស់ សំដាច់ ហើយយួនស្រុកខ្មែរ បោះឆ្នោតអោយ សំដាច់ ១០០/១០០០ ។

Dec 27, 2012 10:49 AM

អាគួយសំរែ

ពី Colubus,oh

តើសំដាច់មិនយល់ថា សែនដូចជាជ្រិញបន្ដិចហើយមែនទេ?
គេថាខ្ញីចាស់រិតតែហិល​ តែខ្ញីលោកគ្មានរសជាតិព្រោះវា
ចាប់ផ្ដើមរលួយទៅហើយ។

Dec 27, 2012 01:53 AM

ចារកិច្ចរបស់ហ៊ុន សែន

ពី ទួលក្រសាំង

បើរឿងរិៈគន់គេហ្នឹងជំនាញណាស់ នេះគេហៅថាច្រណែនពេញទីហើយ!!!!!​ សាកខ្លួនឯងធ្វើវិញម្តងមើលតើមាននរណាហ៊ានថាអីកើត??? អានេះគេហៅថាខ្លួនឯងវាមិនផេះច្រណែនគេ!!!

Dec 27, 2012 12:54 AM

មើល​មតិ​ទាំង​អស់.