ការទទួលយកសំណើរបស់កម្មករមួយចំនួននេះ គឺនៅបន្ទាប់ពីកម្មករជិត ២ ពាន់នាក់ បានធ្វើកុបកម្មនៅថ្ងៃទីបួន ដោយបាននាំគ្នាបិទផ្លូវជាតិលេខ៧មួយសន្ទុះ ក្រោយមកពួកគេបាននាំទម្លុះរបងចូលក្នុងរោងចក្រ ដោយប្រើអំពើហិង្សា គប់ដុំថ្មទៅលើអាគាររោងចក្រមួយចំនួនធ្វើឲ្យបែកបាក់កញ្ចក់ទ្វារ និងបង្អួច ដើម្បីឲ្យភាគីថៅកែចេញមុខដោះស្រាយជួន នៅក្រោយពេលភាគីក្រុមហ៊ុនមិនយល់ព្រមតាមសំណើរបស់តំណាងរបស់ខ្លួន កាលពីថ្ងៃទី២៣ កុម្ភៈ ទោះបីជាមានមន្ត្រីនគរបាល និងមន្រ្តីកងរាជអាវុធហត្ថជិត ២០០ នាក់ បានទប់ស្កាត់ក៏ដោយ។
ប៉ុន្តែ ក្រោយពីផ្ទុះអំពើហិង្សានៅថ្ងៃទី២៣ កុម្ភៈដដែល តំណាងក្រសួងការងារ មន្ទីរការងារខែត្រ និងតំណាងសហជីពសេរីកម្មករនៅព្រះរាជាណាចក្រកម្ពុជា មេបញ្ជាការកងរាជអាវុធហត្ថ និងស្នងការខែត្របានចូលរួមរកដំណោះស្រាយជួនកម្មករ ដោយឡែកភាគីក្រុមហ៊ុនមិនបានចូលរួមដោះស្រាយផ្ទាល់ទេ ដោយថៅកែចិនបានចរចាជាមួយតំណាងសហជីព តាមរយៈផ្ញើសារតាមទូរស័ព្ទ។
លោក ជា មុន្នី ជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ លោកមានប្រសាសន៍ថា ខាងភាគីក្រុមហ៊ុនបានយល់ព្រមចំនួន ៥ ចំណុចក្នុងចំណោម ១២ ចំណុចដែកកម្មករបានទាមទារ។ ដោយឡែកចំនួន ៤ ចំណុចទៀតខាងក្រុមហ៊ុនបានយល់ព្រមចំនួន ៥០ ភាគរយ និងមិនយល់ព្រម ៥០%។ ៣ ចំណុចផ្សេងទៀត ក្រុមហ៊ុនមិនយល់ព្រមឡើយ។
ទោះជាយ៉ាងនេះក្ដី លោក ជា មុន្នី បានបញ្ជាក់ថា ដោយសារតែភាគីក្រុមហ៊ុនមិនបានមកចូលរួមដោះស្រាយទល់មុខគ្នា លោកនឹងមកជួបភាគីក្រុមហ៊ុននៅសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាលើកបញ្ហានេះបន្ថែមទៀត ប៉ុន្តែគេមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ។
លោក ជា មុន្នី៖ «មានចំណុចមួយចំនួនទៀត ដែលជាបទបញ្ញត្តិរបស់ក្រុមហ៊ុន ត្រូវបានក្រុមហ៊ុនមិនអនុវត្ត។ តែយើងត្រូវតែកែតម្រូវក្រុមហ៊ុនឲ្យអនុវត្តច្បាប់ ហើយរាល់ការផ្ញើសារថ្ងៃនេះរបស់ក្រុមហ៊ុនសម្រាប់ ថ្ងៃនេះនឹងយកមកពិភាក្សា ហើយក្រុមហ៊ុនត្រូវតែគោរពនូវរាល់ចំណុចទាំងអស់នេះ ក្រុមហ៊ុនត្រូវតែអនុវត្តច្បាប់»។
ភាគីក្រុមហ៊ុនបានយល់ព្រមចំនួន ៣ ចំណុចនោះមានដូចជា អនុញ្ញាតឲ្យកម្មករពាក់ស្បែកក្នុងពេលធ្វើការ ក្រុមហ៊ុនផ្ដល់ប្រាក់អតីតភាពកម្មករ ចំពោះកម្មករមានកិច្ចសន្យាមានពេលកំណត់ និងបញ្ហាផ្សេងៗ ទៀត។
ចំពោះបញ្ហាដែលក្រុមហ៊ុនយល់ព្រម ៥០%នោះ មានដូចជា កម្មករបានទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២ ខែដល់កម្មករ និយោជក ដែលមានកិច្ចសន្យាមិនកំណត់ថេរវេលា ក្រុមហ៊ុន ត្រូវរៀបចំកន្លែងដាក់យានជំនិះរបស់កម្មករឲ្យបានគ្រប់គ្រាន់ និងត្រូវទទួលខុសត្រូវនៅពេលបាត់បង់ និងករណីទាមទារមួយចំនួនទៀត។ ដោយឡែកនៅ ៣ ចំណុចទៀត ដែលខាងក្រុមហ៊ុន មិនយល់ព្រមនោះ ភាគីក្រុមហ៊ុនជញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយជាថ្មី តែលោក ជា មុន្នី សុំឲ្យយក ៣ ចំណុចនេះ ដោះស្រាយរវាងភាគីក្រុមហ៊ុន ជាមួយរួបលោកនៅសប្ដាហ៍ក្រោយដែរ។
លោក ខៀវ សាវុធ ជាអនុប្រធាននាយកដ្ឋានដោះស្រាយវិវាទនៃក្រសួងការងារ ដែលលោកបានចូលរួមដោះស្រាយនេះ លោកមានប្រសាសន៍ថា ការដោះស្រាយបញ្ចប់វិវាទជាស្ថាពរ រវាងនិយោជក និងកម្មករយ៉ាងណានោះ វាអាស្រ័យលើភាគីសហជីព និងតំណាងក្រុមហ៊ុនជួបគ្នានៅសប្ដាហ៍ក្រោយ។
លោក ខៀវ សាវុធ៖ «និយាយឲ្យចំក្រុមហ៊ុនត្រូវតែអនុវត្ត។ បើភាគីមិនអនុវត្ត បើភាគីណាមិនសុខចិត្ត គាត់ដាក់ពាក្យបណ្ដឹងទៅតុលាការ»។
ប្រធានរដ្ឋបាលក្រុមហ៊ុន មេនហាតធេន លោក សម សីហា មិនធ្វើអត្ថាធិប្បាយទេ ទាក់ទងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលចំនួន ១២ ចំណុចនោះ។ ប៉ុន្តែ លោកបញ្ជាក់ថា បញ្ហាអនុវត្តមានតំណាងក្រុមហ៊ុនមិនចូលរួមចរចានេះ ដោយសារតំណាងក្រុមហ៊ុនជនជាតិចិនមានការភ័យខ្លាច បន្ទាប់ពីក្រុមកម្មករប្រើអំពើហិង្សាមកលើអាគាររោងចក្រនោះ។
លោក សម សីហា៖ «ខោអាវដែលយើងដេរហ្នឹង គឺសម្រាប់មន្ទីរពេទ្យ។ អញ្ចឹងគេមិនឲ្យមេរោគឆ្លងទេ។ អ៊ីចឹងបានជាគេឲ្យដោះស្បែកជើងហ្នឹង ពីព្រោះអ្នកបញ្ជាទិញ គេទាមទារឲ្យធ្វើអ៊ីចឹង។ ប៉ុន្តែ បន្ទាប់ពីកម្មករបានធ្វើកូដកម្ម ហើយបានជូនដំណឹងឲ្យអ្នកបញ្ជាទិញដឹងហើយ»។
លោក សម សីហា បានបញ្ជាក់ថា លោកមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីការខូចខាតអាគាររោងចក្រ ដោយសារក្រុមកម្មករបានគប់ដុំថ្មមកលើនោះ។ លោកបញ្ជាក់ថា លោកក៏មិនទាន់ដឹងច្បាស់ទេ ថាតើក្រុមហ៊ុននឹងប្ដឹងក្រុមកម្មករយ៉ាងណានោះ។
លោក សម សីហា បញ្ជាក់៖ «យើងមិនទាន់ពិនិត្យអស់ផង ថាតើវាខូចខាតប៉ុនណា? ប៉ុន្តែ មើលទៅវាមិនធ្ងន់ធ្ងរប៉ុន្មានដែរ គ្រាន់តែថាមេលោកមានការភ័យខ្លាច។ លោកមិនបានមកចូលរួមដោះស្រាយនេះ»។
ទោះជាយ៉ាងនេះក្ដី តំណាងកម្មករបានលើកឡើងថា ការផ្ទុះហិង្សាគប់ដុំថ្មទៅលើអាគាររោងចក្រនោះ ដោយសារតែការធ្វើកូដកម្មរបស់ពួកគាត់ចំនួន ៤ ថ្ងៃមក ហើយតំណាងកម្មករបានចូលជួបតំណាងក្រុមហ៊ុនចរចាជាបន្តបន្ទាប់តែខាងភាគីនៅតែបដិសេធការទាមទាររបស់កម្មករ ដូច្នេះហើយបានជាពួកគាត់សម្រេចប្រើអំពើហិង្សានោះ។
សំឡេង៖ «ពេលធ្វើការរួចទៅឲ្យកម្មករស្ត្រីទៅរាំអ៊ីចឹង ដូចវាមិនសម។ ក្រុមហ៊ុនគំរាមពីតាំងដឹកនាំរហូតដល់ថ្នាក់ក្រោម ឲ្យកម្មករធ្វើឲ្យអីមួយ។ បើមិនធ្វើតាមទេ គេនឹងដកចេញនៅពេលបញ្ចប់កិច្ចសន្យា។ អីចឹងកម្មករទ្រាំធ្វើទាំងឈឺ ទាំងជា ខ្លាចអត់ការងារធ្វើ។ ដល់ពេលបើកលុយ គេមិនដែលបើកពេលថ្ងៃទេ គេបើកឲ្យពីម៉ោង ៥ ល្ងាច ដល់ម៉ោង ១០ យប់ ហើយកម្មករមានការភ័យខ្លាចសុវត្ថិភាព»។
ក្រុមកម្មករមួយរូប បានលើកឡើងថា កន្លងមក ខាងក្រុមហ៊ុនឲ្យកម្មការិនីទៅបម្រើភ្ញៀវ ច្រៀងខារ៉ាអូខេ ជាមួយភ្ញៀវនៅពេលមានអ្នកបញ្ជាទិញមកម្ដងៗ។ ពិសេសគេរំលោភសិទ្ធិកម្មករ គេចង់ដកតំណាងកម្មករចេញស្រេចតែចិត្តជាដើម។
កម្មករជិត ២ ពាន់នាក់បានធ្វើកូដកម្មតាំងពីថ្ងៃទី ២០ កុម្ភៈមកហើយ នៅស្របពេលកម្មកររោងចក្រ កៅវ៉ែ (KaoWay) នៅក្រុងបាវិត ខែត្រស្វាយរៀង ដែលជាសាខានៃក្រុមហ៊ុន មេនហាតធេន (Manhattan) ដែរនោះ បានធ្វើកូដកម្ម ហើយមានជនមិនស្គាល់មុខបាញ់កម្មករឲ្យរបួសចំនួន ៣ នាក់។ កាលពីថ្ងៃទី២២ កុម្ភៈ កម្មករ ម៉េនហាតធេន នៅខែត្រកំពង់ចាមនេះ បាននាំគ្នាដើរដង្ហែក្បួនចេញពីរោងចក្រនៅឃុំអំពិល ស្រុកកំពង់សៀម មកកាន់សាលាខែត្រកំពង់ចាម ដើម្បីសុំអភិបាលខែត្រជួយអន្តរាគមន៍ឲ្យភាគីក្រុមហ៊ុនអនុវត្តសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
រោងចក្រ មេតហាតធេន មានកម្មករសរុបជាង ២ ពាន់នាក់។ រោងចក្រនេះ ផលិតសំលៀកសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ យកទៅលក់នៅទីផ្សារអឺរ៉ុប។ ទោះជាយ៉ាងនេះក្ដី ភាគីក្រុមហ៊ុន និងសហជីពបានព្រមព្រៀងគ្នាឲ្យកម្មករចូលធ្វើការឡើងវិញ នៅថ្ងៃច័ន្ទទី២៧ កុម្ភៈសប្ដាហ៍ក្រោយ។
កាលពីថ្ងៃទី ២៣ កុម្ភៈ កម្មករតវ៉ាបិទផ្លូវជាតិលេខ៧៖
កម្មករ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ មេនហាតថេន (Manhattan) ជាង ១ ពាន់នាក់ នៅក្រុងកំពង់ចាម នាំគ្នាបិទផ្លូវជាតិលេខ ៧ មួយរយៈពេលខ្លី ក្នុងការធ្វើកូដកម្មតវ៉ាចំពោះថៅកែរោងចក្រចូលដល់ថ្ងៃទីបួន នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១២។
ការបិទផ្លូវជាតិនេះ គឺស្របពេលដែលតំណាងកម្មករ ៥ រូប និងមន្ត្រីសហជីព ១ រូប ជួបប្រជុំជាមួយភាគីថៅកែរោងចក្រ ដើម្បីរកដំណោះស្រាយ។
នៅម៉ោងប្រហែល ១០ និង ៣០ នាទី ការតវ៉ាបានក្លាយជាហិង្សាគប់ដុំថ្ម និងទម្លាយរបងសម្រុកចូលរោងចក្រ បន្ទាប់ពីការទទួលដំណឹងពីតំណាងពួកគាត់ថា គ្មានលទ្ធផលវិជ្ជមានពីការចរចានោះ។
បើទោះជាមានអំពើហិង្សាដូច្នេះក្ដី ក្រុមសមត្ថកិច្ចនគរបាលមិនបានប្រើកម្លាំងហិង្សាណាមួយទប់ទល់ក្រុមកម្មករទាំងនោះទេ។
ក្រុមកម្មករបាននាំគ្នាគប់ដុំថ្មបំបែកកញ្ចក់អាគាររោងចក្រ ហើយរហូតមកដល់ម៉ោង ១១ និង ៤០ នាទី ក្រុមកម្មករនៅគ្រប់គ្រងបរិវេណរោងចក្រនៅឡើយ។
សាវតា៖
កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ តំណាងកម្មករចំនួន ៤រូប បានជួបអភិបាលរងខែត្រកំពង់ចាម នៅសាលាខែត្រ និងមន្ត្រីមន្ទីរការងារ ដើម្បីឲ្យអភិបាលខែត្រជួយជំរុញភាគីក្រុមហ៊ុនគោរពទៅតាមការបង្គាប់ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាមការទាមទាររបស់កម្មករទាំង ១២ចំណុច។
ការជួបអភិបាលខែត្រនេះ ខណៈកម្មករជិត ២ពាន់នាក់ បានធ្វើកូដកម្មដើរហែក្បួនពីរោងចក្រមកមុខសាលាខែត្រកំពង់ចាម ដោយសារតែភាគីក្រុមហ៊ុនមិនគោរពតាមការបង្គាប់ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
លោក យ៉ាន់ រ័ត្នកែវពិសី ជាមន្ត្រីដោះស្រាយវិវាទការងារនៃសហជីពសេរីកម្មករនៃព្រះរាជាណាចក្រ កម្ពុជា ថ្លែងថា អភិបាលរងខែត្របានសន្យាថា នឹងជំរុញឲ្យក្រសួងការងារដោះស្រាយបញ្ហាវិវាទនេះ។ លោកបន្តថា អាជ្ញាធរខែត្រគួរតែដាក់គំនាបលើភាគីក្រុមហ៊ុន ដែលមិនគោរពសិទ្ធិកម្មករ រំលោភច្បាប់ការងារ ពិសេសមិនគោរពសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
លោក យ៉ាន់ រ័ត្នកែវពិសី៖ «នាយកដ្ឋានការងារហ្នឹងគាត់ថា ថៅកែពិបាកណាស់ ក្បាលរឹងណាស់ ពិបាកដោះស្រាយណាស់។ អ៊ីចឹងថៅកែម្នាក់គាត់មានគំនិតខូច ធ្វើបាបកម្មករ តើឲ្យគាត់ធ្វើបាបដដែល ឬមួយឲ្យថៅកែហ្នឹងគោរពទៅតាមច្បាប់?»។
កម្មករទាមទារ ១២ចំណុច មានជាអាទិសុំឲ្យក្រុមហ៊ុនបញ្ចូលកិច្ចសន្យាការងារ ដែលកំណត់ថេរវេលារបស់កម្មករ និយោជក ដែលធ្វើការលើសពី ២ឆ្នាំ ទៅជាកិច្ចសន្យាមានថិរវេលាមិនកំណត់។ ទាមទារឲ្យផ្ដល់ប្រាក់ឧបត្ថម្ភចំនួនពីរខែដល់កម្មករ និយោជក មានកិច្ចសន្យាមិនកំណត់ពេលវេលា ពេលដែលគាត់សុំឈប់ពីការងារនោះ។ សុំឲ្យក្រុមហ៊ុនរៀបចំកន្លែងដាក់យានជំនិះរបស់កម្មករ ហើយប្រសិនបើបាត់ក្នុងរោងចក្រសុំឲ្យក្រុមហ៊ុនទទួលខុសត្រូវ និងចំណុចផ្សេងៗ មួយចំនួនទៀត។
ក្រុមកម្មករនិយាយថា តំណាងក្រុមហ៊ុនជនជាតិចិន មិនគោរពសិទ្ធិកម្មករនោះទេ ពេលធ្វើការគេតម្រូវឲ្យកម្មករដោះស្បែកជើង មានការរើសអើងសហជីព។ នៅពេលដឹងថា អ្នកណាម្នាក់ជាប់សាច់ញាតិជាមួយតំណាងកម្មករគេបញ្ឈប់អ្នកនោះពីការងារ។ កម្មករបានអះអាងថា ថ្មីៗនេះ ថៅកែបានបញ្ឈប់កម្មករ និងតំណាងកម្មករចំនួនបីនាក់ហើយ៖ «គាបសង្កត់កម្មករណាស់ ហើយមិនហ៊ានតវ៉ាទៀត ដល់ពេលកំណត់គេដកចេញ»។
ប្រធានរដ្ឋបាលសួនឧស្សាហកម្ម មេតហាតថេន លោក សម សីហា មិនធ្វើអធិប្បាយលើករណីកម្មករធ្វើកូដកម្មនេះទេ នៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១២ ដោយលោកប្រាប់ថាជាប់ប្រជុំ។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខែត្រកំពង់ចាម លោក ចេង ហ៊ាង មានប្រសាសន៍ថា លោករង់ចាំការសម្រេចជាថ្មីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលម្ដងទៀត ប្រសិនបើភាគីក្រុមហ៊ុននៅតែមិនគោរពការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៀត មានតែដោះស្រាយតាមប្រព័ន្ធតុលាការ។
លោក ចេង ហ៊ាង បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ធ្នូ លោកបានទៅសម្របសម្រួលរវាងភាគីកម្មករ និងភាគីក្រុមហ៊ុន គឺពួកគេបានព្រមព្រៀងគ្នាចំនួនបីចំណុចហើយ ក្នុងចំណោម ១២ចំណុចដែលកម្មករទាមទារនោះ។
កម្មកររោងចក្រ មេតហាតថេន ធ្វើកូដកម្មនេះ បានធ្វើកូដកម្មនៅមុខរោងចក្រតាំងពីថ្ងៃ ទី២០ កុម្ភៈ មក។ ការធ្វើកូដកម្មនេះ គឺស្របពេលកម្មកររោងចក្រផលិតស្បែកជើងកៅវ៉េ (Kaoway) នៅក្រុងបាវិត ខែត្រស្វាយរៀង ធ្វើកូដកម្ម ហើយមានជនមិនស្គាល់មុខបាញ់កម្មកររបួសចំនួនបីនាក់កាលពី ថ្ងៃទី២០ កុម្ភៈ។
តំណាងកម្មករថ្លែងថា ពួកគេនឹងដឹកនាំកម្មករបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
