បន្ទូលបដិសេធបានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ជុំវិញបញ្ហានេះ តាមរយៈការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាធិការផ្ទាល់ព្រះមហាវីរក្សត្រ បានមានបន្ទូលបដិសេធជុំវិញការផ្សាយនោះនិងបញ្ជាក់ថា ព្រះអង្គនឹងយកការផ្សាយនោះទៅថ្វាយព្រះមហាក្សត្រដើម្បីព្រះរាជសណ្តាប់ ៖ «ប្រហែលជាម៉ោង៥ ល្ងាចហ្នឹង ខ្ញុំនឹងយក[ដំណឹងនេះ]ទៅថ្វាយលោក ប្រហែលជាល្ងាចហ្នឹង ឬស្អែកព្រឹកយ៉ាងយូរ លោកនឹងព្រះតម្រិះចំពោះអត្ថបទរបស់ DPA ហ្នឹង» ។
ព្រះអង្គម្ចាស់ ធម្មិកោ បានមានបន្ទូលថា អត្ថន័យរបស់ព្រះរាជសារដែលបានចេញកាលពីថ្ងៃសុក្រ មិនមានន័យអំពីការពិចារណាដាក់រាជសម្បត្តិនោះទេ ។
ព្រះរាជសារគ្រាន់តែមានបង្ហាញថា មានការប៉ុនប៉ងចង់ផ្តួលព្រះរាជបល្ល័ង្កខ្មែរ តែប៉ុណ្ណោះ ៖ «មិនមែនបានន័យថា ព្រះករុណា សីហមុនី លោកមានគម្រោងដាក់រាជ្យទេ ។ តាមព្រះករុណាសម្ដេចឪលោកយល់ឃើញ គេមានបំណងចង់រំលំរាជបល្ល័ង្កសាជាថ្មី ចង់ប្ដូររបបរាជានិយម ។ ហ្នឹងហើយជាអត្ថន័យ ក្រៅពីហ្នឹងលោកគ្រាន់តែសរសេរអំពីហេតុការណ៍ដែលលោកបានជួបព្រះករុណាសីហមុនី ដែលព្រះករុណា សីហមុនី លោកបញ្ជាក់ថា កុំព្រួយបារម្ភ លោកនឹងទៅរស់នៅប្រទេសបារាំងសាជាថ្មី ហើយចំពោះព្រះករុណាព្រះបិតា លោកបានបន្ថែមនៅក្នុងព្រះរាជសាររបស់លោកថា ចំពោះលោកៗ នឹងយាងទៅគង់នៅប្រទេសណាមួយដែលយល់ព្រមឲ្យលោកទៅគង់ ។ លោកនឹងជួលបន្ទប់មួយ នៅក្នុងសណ្ឋាគារមួយតូចតាច ដើម្បីគង់នៅតទៅទៀត» ។
សេចក្តីរាយការណ៍ផ្សាយទាក់ទងនឹងការដែលនិយាយថា ព្រះមហាក្សត្រអាចនឹងពិចារណាការដាក់រាជសម្បត្តិ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកនយោបាយភ្ញាក់ផ្អើល ។
ប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី បានមានប្រសាសន៍នៅថ្ងៃសៅរ៍ថា លោកបានឃើញរាជសារនោះដែរ ប៉ុន្តែព្រះរាជសារមិនបានបញ្ជាក់អំពីការដាក់រាជ្យនោះទេ ៖ «អត្ថបទហ្នឹង ខ្ញុំមើលទៅឃើញថា ខ្ញុំមិនទាន់មើលច្បាស់លាស់នៅឡើយទេ ប៉ុន្តែមិនមានន័យថា ព្រះអង្គបានធ្វើការសម្រេចព្រះទ័យនោះទេ លោកគ្រាន់តែមានបន្ទូលក្រៅផ្លូវការថា ប្រសិនជាងក្នុងករណីមានការលុបបំបាត់របបរាជានិយមនៅកម្ពុជាម្ដងទៀត លោកនឹងត្រៀមលក្ខណៈយាងទៅគង់នៅខាងក្រៅ ដូច្នេះវាមិនមែនជាការសម្រេចព្រះទ័យដែលព្រះអង្គបានធ្វើហើយនោះទេ គឺគ្រាន់តែជាការត្រៀមថា ប្រសិនបើមានព្រឹត្តិការណ៍ហ្នឹងកើតឡើង» ។
លោក កែវ ពុទ្ធរស្មី បានបញ្ជាក់ទៀតថា លោកក៏មានការភ្ញាក់ផ្អើលណាស់ដែរ ចំពោះការឃើញព្រះរាជសារដែលបានសរសេរថា មានការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមនោះ ។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញទស្សនៈថា លោកមិនគិតថា នឹងអាចមានការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរបបរាជានិយមនោះឡើយ ៕
