អាដហុក​ធ្វើ​កម្មសិក្សា​ស្ដីពី​ការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​រតនគិរី

មន្ត្រី​សម្រប​សម្រួល និង​មន្ត្រី​ស្នាក់​ការ​កណ្ដាល​នៃ​សមាគម​អាដហុក មាន​គ្នា ៧នាក់ នៅ​ថ្ងៃ​ពុធ ទី២៤ ខែ​តុលា ឆ្នាំ​២០១២ បាន​មក​ធ្វើ​កម្មសិក្សា​រយៈពេល​មួយ​ថ្ងៃ​នៅ​ឯ​មណ្ឌល​សេវាកម្ម​យុត្តិធម៌ ក្រុង​បានលុង ខេត្ត​រតនគិរី។
ដោយ រដ្ឋា វីសាល
2012-10-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ធន សារ៉ាយ ៣០៥
២២-មីនា-២០១២៖ ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​សមាគម​អាដហុក រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea

ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ជា​ប្រធាន​ក្រុម​ដឹកនាំ​កម្មសិក្សា​នេះ មាន​ប្រសាសន៍​បញ្ជាក់​ថា គោល​បំណង និង​ទិសដៅ​របស់​សមាគម​ដែល​នាំគ្នា​មក​ធ្វើ​កម្មសិក្សា​នៅ​ខេត្ត​រតនគិរី នេះ គឺ​ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​ពី​មន្ត្រី​មណ្ឌល​សេវាកម្ម​យុត្តិធម៌ ក្រុង​បានលុង ដែល​បាន​បំពេញ​ការងារ​នេះ​កន្លង​ទៅ។

លោក​បន្ត​ថា មន្ត្រី​ជំនាញ​សមាគម​អាដហុក បាន​ស្រាវជ្រាវ​ឯកសារ​មាន​សារសំខាន់​ទាក់​ទិន​នីតិវិធី​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ពី​ស្ថាប័ន​ថ្នាក់​អន្តរជាតិ ដើម្បី​យក​មក​គួប​ផ្សំ​នឹង​ឯកសារ​បទ​ពិសោធន៍​មាន​ស្រាប់​ក្នុង​ប្រទេស ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​កាន់​តែ​ល្អ​ប្រសើរ សម្រាប់​បណ្ដុះ​បណ្ដាល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​អាជ្ញាធរ និង​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន ឲ្យ​មាន​ការ​យល់​ដឹង​ពី​វិធី​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ឲ្យ​មាន​ប្រសិទ្ធភាព ស្រប​តាម​តម្រូវ​ការ​របស់​សង្គម​ជាតិ។

លោក ធន សារាយ៖ «ដើម្បី​មាន​ការ​វិវឌ្ឍ​សុក្រឹត​ទៅៗ ត្រូវ​យើង​មាន​មូលដ្ឋាន​ទ្រឹស្ដី​មួយ​ជា​គោល​ទៀត។ យើង​ត្រូវ​ធ្វើ​កម្មសិក្សា​មើល​ថា តើ​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​របស់​ការ​ដោះស្រាយ​ជម្លោះ​របស់​ឃុំ-សង្កាត់​របស់​យើង តើ​វា​មាន​ចំណុច​ណា​ខ្លះ​ទៀត។ ព្រោះ​យើង​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​ហុល្លង់ លោក​បាន​រៀបចំ​ជា​ឧបករណ៍​ហ្នឹង មក​ហើយ ហើយ​ឧបករណ៍​ហ្នឹង​គាត់​បាន​ចែក​រំលែក​ទៅ​ក្នុង​ពិភពលោក​ដែរ​មិន​មែន​តែ​ប្រទេស​យើង​ទេ»

របាយការណ៍​របស់​ក្រសួង​យុត្តិធម៌​ឲ្យ​ដឹង​ថា នៅ​ទូទាំង​ប្រទេស រាជ​រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​សេវាកម្ម​យុត្តិធម៌​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ចំនួន ២០​មណ្ឌល និង​មាន​គណៈកម្មការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​តាម​មូលដ្ឋាន​ឃុំ-សង្កាត់​ចំនួន​៥៦ រួច​ហើយ។

ប្រធាន​មណ្ឌល​សេវាកម្ម​យុត្តិធម៌​ក្រុង​បានលុង លោក ចាន់ ណាលីន មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ខេត្ត​រតនគិរី មណ្ឌល​សេវាកម្ម​យុត្តិធម៌​មាន​នៅ​ក្រុង​បានលុង និង​ស្រុក​អូរយ៉ាដាវ បាន​ចូល​រួម​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​បាន​មួយ​ចំណែក​ធំ​ក្នុង​រឿង​ក្តី ដែល​កើត​មាន​ក្នុង​ខេត្ត​ដាច់​ស្រយាល​មួយ​នេះ។ លោក​កត់​សម្គាល់​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១២ មក មាន​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ជាង ៥៦​ករណី ស្ម័គ្រ​ចិត្ត​ចូល​មក​មណ្ឌល ដើម្បី​សុំ​ជួយ​ដោះស្រាយ​ជម្លោះ​ទាក់​ទិន​ដីធ្លី ការ​លែងលះ​ប្ដី​ប្រពន្ធ និង​ដោះស្រាយ​ជម្លោះ​សំណង​រដ្ឋប្បវេណី​រឿង​ក្តី​ព្រហ្មទណ្ឌ​មួយ​ចំនួន​ទៀត ដោយ​មិន​មាន​ចំណាយ​តម្លៃ​សេវាកម្ម​អ្វី​ឡើយ៖ «ទំនាស់​របស់​គាត់ គឺ​ថា​ក្រោយ​ពី​ចប់​សព្វ​គ្រប់ គឺ​គាត់​សប្បាយ​រីករាយ ដោយ​សារ​គាត់​យោគយល់ អនុគ្រោះ សម្បទាន​ជូន​គ្នា តាម​ការ​លើក​ហេតុផល និង​ចង្អុល​បង្ហាញ​ពី​យើង​ខ្ញុំ មិន​មាន​អ្នក​ឈ្នះ មិន​មាន​អ្នក​ចាញ់ គាត់​អត់​មាន​ខាត​ផល​ប្រយោជន៍»

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ឡាបានសៀក ក្រុង​បានលុង ខេត្ត​រតនគិរី លោក ប៊ុន ថន មាន​ប្រសាសន៍​ថា បទ​ពិសោធន៍​របស់​លោក​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​មន្ត្រី​អាជ្ញាធរ លោក​បាន​ទទួល​ដំណោះស្រាយ​យុត្តិធម៌​ទាំង​សង​ខាង តាម​រយៈ​ការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ។ លោក​បន្ត​ថា ការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ បាន​កាត់​បន្ថយ​ការ​ចំណាយ លប់​បំបាត់​អំពើ​ពុក​រលួយ និង​អំពើ​អយុត្តិធម៌៖ «ខុស​គ្នា​មេឃ និង​ដី។ គាត់​អត់​មាន​សុំ​ប្រាក់​ឧបត្ថម្ភ ដោះស្រាយ​ល្អ​ណាស់ ខ្ញុំ​ក៏​ជឿជាក់ ហើយ​ប្រជាពលរដ្ឋ​ទូទៅ គាត់​មាន​បញ្ហា​អ្វី គាត់​រត់​ចូល​ទៅ​មណ្ឌល​សេវាកម្ម​យុត្តិធម៌។ ខាង​តុលាការ​កន្លង​មក មាន​អ្នក​ខ្លះ គាត់​ធ្លាប់​ចូល​មាន​បញ្ហា​ច្រើន​ណាស់»

តាម​ការ​គ្រោង​ទុក ក្រុម​មន្ត្រី​កម្មសិក្សា​នៃ​មន្ត្រី​សមាគម​អាដហុក និង​ចុះ​ស្វែងយល់​បទ​ពិសោធន៍​នៅ​ខេត្ត​មួយ​ចំនួន​ទៀត ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ចងក្រង​ជា​ឯកសារ​បណ្ដុះ​បណ្ដាល​ស្ដីពី​វិធី​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឲ្យ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល