កុសលផលបុណ្យទាំងនោះត្រូវឧទ្ទិសដល់បុព្វការីជន ដែលបានចែកឋាន និងបានទៅកាន់ទីឋានមិនសមគួរ ឬជាប្រេតនរក ដែលមានឱកាសបានរួចទុក្ខទោសមួយរយៈពេល។ ចំណែកនៅពេលយប់ តាមទំនៀម គឺជាវេលាជូនដំណើរបុព្វការីជនទៅទីឋានដើមវិញ ដែលពលរដ្ឋនិយមហៅថា ជូនដំណើរដូនតា។
ពាក្យសំបូងសង្រូងសុំអោយដូនតាវិលត្រឡប់ទៅកាន់ទីឋានដើមវិញ បានបន្លឺឡើងនៅនឹងមាត់ច្រាំងទន្លេបួនមុខខាងមុខព្រះបរមរាជវាំងក្បែរព្រះអង្គដងកើ លាយឡំនឹងភ្លេងពិណពាទ្យ ដែលតែងប្រគំតាមទម្លាប់នាយប់ថ្ងៃខែដាច់។
ដូនជីម្នាក់ដែលគេដាក់រហស្សនាមថា លោកយាយភ្នំគូលែន ដែលបានធ្វើដំណើរមកពីខេត្តសៀមរាប បានបណ្ដែតកន្ទោងជូនដំណើរដូនតា បណ្ដើរស្រែកអំពាវនាវបណ្ដើរ។ លោកយាយម្នាក់នេះមានប្រសាសន៍ថា នៅថ្ងៃបញ្ចប់ភ្ជុំបិណ្ឌ គឺត្រូវមានពិធីជូនដូនតាមួយទៀត គឺសម្រាប់ដូនតាដែលជាញាតិកាមានទីឋាននៅតាមផ្លូវទឹក។
ក្នុងវ័យ ៦៨ឆ្នាំ អ្នកស្រី ឯម សុវណ្ណរី មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្ដាល បានអោយដឹងថា គ្រួសារអ្នកស្រីតែងធ្វើពិធីសែនជូនដំណើរដូនតាជារៀងរាល់ឆ្នាំ គឺនៅយប់ចុងក្រោយនៃពិធីភ្ជុំបិណ្ឌ។
អ្នកស្រី ឯម សុណ្ណ បន្តថា ការធ្វើពិធីដែលជាទំនៀមបន្តពីដូនតានេះ គឺដោយមានជឿថា ការបណ្ដែត កន្ទោង ឬសំពៅទៅតាមខ្សែទឹកហូរ គឺជាការផ្ដល់អាហារអោយបុព្វការីជនជាញាតិកា ៧សណ្តានបានបរិបូណ៌ ក្នុងពេលធ្វើដំណើរទៅទីឋានរបស់ខ្លួនវិញ។
កន្ទោង ឬសំពៅ ដែលបណ្ដែតនោះភាគច្រើនធ្វើពីស្រទបចេក និងធាងចេក ដោយធ្វើយ៉ាងណាអោយអណ្ដែតបាន និងអាចដាក់វត្ថុចាំបាច់មួយចំនួន។ នៅក្នុងកន្ទោង ឬសំពៅនោះគេដាក់នំនែក ផ្លែឈើគ្រប់មុខ អង្ករ ស្រូវ ពោត សណ្ដែក ល្ង អំបិល ប្រហុក និងអុជទានបំភ្លឺផង។ កន្ទោង ឬសំពៅនោះត្រូវគេនាំយកទៅបណ្ដែតតាមផ្លូវទឹកនានា ដែលនៅជិតផ្ទះ ឬនៅក្នុងតំបន់។
ពិធីនេះធ្វើនៅពេលយប់ថ្ងៃ ១៥រោច ខែភទ្របទ នៅពេលទៀបភ្លឺមុនថ្ងៃរះ នៅព្រឹកថ្ងៃ ១កើត ខែអស្សុជ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសីលធម៌សង្គម លោក ប៉ូ សំណាង អោយដឹងថា ទម្លាប់សែនជូនដំណើរដូនតានេះ គឺជាទំនៀមទម្លាប់ដែលពលរដ្ឋខ្មែរនិយមធ្វើតាមដំណពីដូនតានៅតាមតំបន់មួយចំនួន ជាពិសេសអ្នកដែលរស់នៅក្បែរផ្លូវទឹក។ លោក ប៉ូ សំណាង បន្តថា ទម្លាប់នេះគឺជាការសុំសេចក្ដីសុខ។
ទម្លាប់សែនជូនដំណើរដូនតា ក៏ត្រូវខ្មែរដែលរស់នៅក្នុងទឹកដីថៃ គឺខ្មែរនៅខេត្តសុរិន្ទ និងខ្មែរ ដែលរស់នៅកម្ពុជាក្រោមក្នុងទឹកដីនៃប្រទេសវៀតណាម សព្វថ្ងៃនៅបន្តប្រារព្ធធ្វើដែរ។
សាស្ត្រាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាបណ្ឌិតផ្នែកនរវិទ្យា លោក អាំង ជូលាន មានប្រសាសន៍ថា ដូនតានៅក្នុងពិធីនេះគឺសំដៅដល់បុព្វការីជនដែលបានទៅកើតនៅទីឋានណាមួយពិតប្រាកដ។
លោក អាំង ជូលាន ពន្យល់ថា អត្ថន័យនៃពិធីភ្ជុំបិណ្ឌ គឺជាការឧទ្ទិសកុសលផលបុណ្យទៅញាតិសន្តានដែលបានចាកលោកយើងនេះ។ លោកថា តាមគំនិតខ្មែរ ដូនតាដែលចាកលោកទៅនោះមាន ២យ៉ាង។ ទី១ អ្នកដែលបានទៅកាន់ទីឋាន ឬលោកណាមួយពិតប្រាកដ និងទី២ គឺអ្នកដែលពុំបានទៅទីឋានពិតប្រាកដ ដែលខ្មែរនិយមហៅថា ប្រេតនរកជាដើម។ នោះមានន័យថា ពិធីដែលទាក់ទងនឹងបាយបិណ្ឌ គឺជាឧទ្ទិសកុសលផលបុណ្យទៅដល់ញាតិសន្តានដែលពុំមានទីឋានពិតប្រាកដ។ ចំណែកពិធីសែនជូនដំណើរដូនតាជាការផ្ដល់អាហារដល់ញាតិសន្តាន ដែលបានទៅកើតនៅលោកដទៃ។
ប្រពៃណីសែនជូនដំណើរដូនតា គឺជាផ្នែកមួយដែលបង្ហាញថា ខ្មែរមានទំនៀមទម្លាប់ដែលជាលក្ខណៈពិសេសផ្ទាល់របស់ខ្មែរ ដែលខុសប្លែកពីសាសន៍ដទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
