ស្ថានីយបូរាណនោះនៅគឺនៅលើទីទួលមួយកន្លែងនៃតំបន់សំបុកឃ្មុំភាគខាងជើងឆៀងខាងលិចមិនឆ្ងាយប៉ុន្មានពីទីផ្សារខែ្មរនៅជាប់ជណ្តើរប្រាសាទព្រះវិហារនោះទេ។
ប្រធានអង្គភាពប៉ូលិសបេតិកភណ្ឌការពារប្រាសាទព្រះវិហារ លោក ឱម ភារម្យ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី៣ ខែសីហា ថា ការប្រទះឃើញស្ថានីយបូរាណនេះកើតឡើងដោយចៃដន្យនៅពេលកងទាហានខ្មែរដែលកំពុងប្រឈមមុខជាមួយទាហានថៃបានជីកលេណដ្ឋានចល័តដើម្បីទុកការពារខ្លួនពេលប្រយុទ្ធក៏បានប៉ះអំបែងក្អមនិងកុលាលភាជន៍បូរាណជាច្រើន។
លោក ឱម ភារម្យ បានឲ្យដឹងថា ៖ «ចំណុចសម្បុកឃ្មុំ ជីកលេណដ្ឋាន... បន្ថែមលើមុខនោះទៅប្រវែងប្រហែល៣០ម៉ែត្រ វាប៉ះអំបែងកុលាលភាជន៍។ វាមានអំពីដីដុតក្រហម ខ្លះទៅមានគេបាញ់ជាស្រមោលឥដ្ឋអី គេដុតមានបច្ចេកទេសបានល្អ។ ខ្ញុំរើសមានគ្រប់បំណែក តាមអាយុកាលវាដើម្បីយកវាស្រាវជ្រាវ»។
លោក ឱម ភារម្យ បានមានប្រសាសន៍ទៀតថា ដោយសារនៅក្រោមដីទីនោះមានអំបែងវត្ថុប្រើប្រាស់សម័យបូរាណ លោកយល់ថា វាអាចជាភូមិមួយដែលមនុស្សបូរាណធ្លាប់រស់នៅកាលពីរាប់ពាន់ឆ្នាំមុន ហើយពេលនេះដោយសារតំបន់នោះកំពុងប្រឈមមុខដាក់គ្នាដោយទាហានខ្មែរថៃ លោកក៏មិនដឹងធ្វើយ៉ាងណាបានត្រឹមតែធ្វើកំណត់ហេតុនិងបញ្ឈប់កងទាហានខ្មែរមិនឲ្យជីកបន្តទៅទៀតដើម្បីរក្សាទុកជាកន្លែងស្រាវជ្រាវសម្រាប់អនាគតប៉ុណ្ណោះ។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារនៅថ្ងៃច័ន្ទមិនអាចសុំការអធិប្បាយបញ្ហានោះបានទេដោយលោកមានប្រសាសន៍ថាជាប់រវល់ប្រជុំ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣នៃកងយោធពលខេមរភូមិន្ទដែលកំពុងគ្រប់គ្រងកងទ័ពខ្មែរតាមតំបន់ប្រឈមមុខដាក់គ្នាដោយកងទ័ពជុំវិញប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា កងទាហានខ្មែរនៅតំបន់សំបុកឃ្មុំត្រូវឲ្យការពារតំបន់ស្ថានីយនោះមួយរយៈ ហើយនៅពេលដែលជំនាញខាងបេតិកភណ្ឌត្រូវការស្រាវជ្រាវទាហានមួយចំនួននឹងត្រូវថយចេញពីទីនោះ។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា ៖ «នៅពេលដែលអាជ្ញាធរគេរកឃើញ យើងត្រូវថយចេញពីហ្នុងដើម្បីប្រគល់ឲ្យសមត្ថកិច្ចនិងអាជ្ញាធរប្រាសាទព្រះវិហាររបស់យើង»។
មន្ត្រីប៉ូលិសបេតិកភណ្ឌបានឲ្យដឹងថា គេបានប្រមូលយកបំណែកកុលាលភាជន៍ធ្វើពីដីឥដ្ឋដុតទាំងនោះដើម្បីទុកឲ្យក្រុមអ្នកជំនាញស្រាវជ្រាវរកអាយុកាលឲ្យបានច្បាស់លាស់ដែលគេរំពឹងថា ក្រុមអ្នកជំនាញនឹងទៅកាន់ទីនោះក្នុងពេលឆាប់ៗ៕
