ទន្ទឹមពេលនេះដែរ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាបានសន្យាថា កម្ពុជា និងសហរដ្ឋអាមេរិកបន្តសហការគ្នារៀបចំលំហាត់យោធាដូចគ្នានេះក្នុងទ្រង់ទ្រាយតូចនៅឆ្នាំ២០១១ ម្ដងទៀត នៅទីកន្លែងដដែល គឺនៅក្នុងបន្ទាយយោធាកងរថក្រោះ A.C.O នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីបិទវគ្គជាផ្លូវការនោះ គេឃើញមានការចូលរួមដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា លោកស្រី ខារ៉ល រ៉ដលី (Carol Rodley) លោក ដូក្លាស ប្រូដឺរិក (Douglas Broderick) តំណាងរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិ និងមេបញ្ជាការយោធានៃកងយោធពលខេមរភូមិន្ទជាច្រើនរូប។
លំហាត់យោធាពហុសាសន៍នេះ បានចាប់ផ្ដើមដំណើរការចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកក្កដានេះ ដោយមានការចូលរួមហ្វឹកហាត់ ដោយយោធាចំនួន ១.០៣៤នាក់ មកពីប្រទេសចំនួន ២៦ រាប់ទាំងកម្ពុជា សហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ។
លោកឧត្ដមសេនីយ៍ត្រី ចន ស៊្វដ (John Seward) ដែលបានដឹកនាំកងយោធាសហរដ្ឋអាមេរិកមកចូលរួមនៅក្នុងលំហាត់យោធាក្នុងប្រទេសកម្ពុជានេះ បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមអរគុណជាពិសេសដល់ប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃលំហាត់យោធាពហុសាសន៍ ឬឆ្មាំអង្គរឆ្នាំ២០១០នេះ និងកងយោធពលខេមរភូមិន្ទ ដែលកំពុងតែបន្តគាំទ្របេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វ្រិក ប្រទេសស៊ូដង់ ប្រទេសឆាត និងប្រទេសមួយចំនួនទៀត។ កិច្ចប្រឹងប្រែងនេះ គឺរក្សា និងធានាសន្តិសុខនៅក្នុងតំបន់ និងពិភពលោក»។
ប្រទេសកម្ពុជាធ្លាប់ជាប្រទេសទទួលកងទ័ពរក្សាសន្តិភាពពីប្រទេសនានា កាលពីទសវត្សឆ្នាំ១៩៩០កន្លងទៅ នៅគ្រាដែលកម្ពុជាបានរៀបចំការបោះឆ្នោតលើកដំបូងកាលពីឆ្នាំ១៩៩៣ រៀបចំឡើងដោយអ៊ុនតាក់ (UNTAC)៕
