សមត្ថកិច្ច​រក​ឃើញ​សាកសព​ក្មេង​ប្រុស​ម្នាក់​ទៀត​នៅ​ខេត្ត​បាត់ដំបង

សមត្ថកិច្ច​បាន​រក​ឃើញ​សាកសព​ក្មេង​ប្រុស​ម្នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា បន្ទាប់​ពី​បាន​រក​ឃើញ​សាកសព​ក្មេង​ស្រី​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់ កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា។
ដោយ សួន សុផលមុន្នី
2012-09-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សាកសព​ក្មេង​ទាំង​បី​នាក់​នោះ បាន​ស្លាប់​ស្ថិត​លើ​ទីតាំង​ចម្ងាយ​ពី​គ្នា​ពី​២០០​ម៉ែត្រ ទៅ​៣០០​ម៉ែត្រ នៅ​ក្នុង​ព្រៃ​ល្បាស់ ស្ថិត​នៅ​ចំណុច​អណ្ដូង​កន្ទួត ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​កំប៉ុង​ជក់​ម៉ា (ថ្នាំ​ញៀន) នៅ​កន្លែង​ឃាតកម្ម​នោះ។

លោក​ឧត្ដម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​បច្ចេកទេស​វិទ្យាសាស្ត្រ មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ និង​តំណាង​អយ្យកា បាន​ចុះ​ទៅ​ពិនិត្យ និង​សន្និដ្ឋាន​ថា ពុំ​មែន​ជា​ការ​សម្លាប់​វះ​យក​ក្រលៀន​ទេ៖ «មិន​មែន​ដូច​ពាក្យ​ចចាមអារ៉ាម​ថា វះ​យក​ក្រលៀន​នោះ​ទេ។ គ្រាន់​តែ​ឃើញ​ក្មេង​ស្រី​ហ្នឹង គឺ​ស្លៀក​ខោ​ខ្លី មាន​ការ​សម្រាត​មក​ត្រឹម​ជង្គង់ ហើយ​យក​ឧបករណ៍​ដែល​មុត​ស្រួច ឆូត​លើ​ភ្លៅ ពោះ និង​ក។ ចំពោះ​ក្មេង​ប្រុស​ពីរ​នាក់​ទៀត ស្លាប់​ដូច​ជា​វាយ​ពី​ក្រោយ មាន​របួស​ស្លាក​ស្នាម។ អ៊ីចឹង យើង​សន្និដ្ឋាន​មក​ដល់​ពេល​នេះ អាច​ថា​ជា​ការ​រំលោភ​សម្លាប់»

គេ​បាន​រក​ឃើញ​សាកសព​ក្មេង​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ដែល​ឃាតក​សម្លាប់​ទុក​ចោល​នៅ​ក្នុង​ព្រៃ ក្នុង​ភូមិ​អណ្ដូង​កន្ទួត ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា គេ​បាន​រក​ឃើញ​សាកសព​ក្មេង​ប្រុស​ម្នាក់​ទៀត។ ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ ម៉ាត់ រំដួល អាយុ​៨ឆ្នាំ ក្មេង​ប្រុស​ពីរ​នាក់​ទៀត​មាន​ឈ្មោះ ឡាម ធឹង អាយុ​៩ឆ្នាំ និង​ឈ្មោះ ចំា អាត់រ៉ា ហៅ តាក់ អាយុ​១១ឆ្នាំ។ ពួក​គេ​ទាំង​បី​នាក់ មាន​គ្រួសារ​ផ្សេង​ពី​គ្នា រស់នៅ​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

លោក អ៊ឹង សំអឿន ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដូនបា បាន​បញ្ជាក់​ថា សាកសព​ក្មេង​ប្រុស​មាន​ស្នាម​ជាំ​ក មាន​ធុំ​ក្លិន​ស្អុយ ហើយ​មាន​ដង្កូវ៖ «ក្មេង​ប្រុស​ជាំ​ក ហើយ​ផ្កាប់​មុខ​ដូច​វ៉ៃ ក្មេង​ស្រី​វះ​ពោះ ហើយ​ក្រលៀន​សង​ខាង​ប្រេះ​ទាំង​អស់ ផ្ងាវ​ពោះ ស្អុយ ហើយ​មាន​ដង្កូវ សក់​រុះ​អស់ ហើយ​វា​ដូច​ចាប់​ហែក​ផ្ងារ​ជើង​អ៊ីចឹង ហើយ​វះ​យក»

សមត្ថកិច្ច​សន្និដ្ឋាន​ទៀត​ថា ក្មេង​ប្រុស​ពីរ​នាក់ អាយុ​៩ និង​អាយុ​១១​ឆ្នាំ អាច​ត្រូវ​ជន​ប្រព្រឹត្តិ​សម្លាប់ ដើម្បី​បំបិទ​ភស្តុតាង ដោយ​សារ​ពួក​គេ​ឃើញ​ហេតុការណ៍​នៃ​ការ​ចាប់​រំលោភ​ក្មេង​ស្រី។ ទន្ទឹម​គ្នា សមត្ថកិច្ច​សន្និដ្ឋាន​ថា ជន​សង្ស័យ​ក្នុង​ករណី​ចាប់​រំលោភ​សម្លាប់​ក្មេង​ទាំង​បី​នាក់​នេះ ទំនង​មាន​គ្នា​ពីរ​នាក់ ព្រោះ​នៅ​ទីតាំង​កើត​ហេតុ មាន​ព្រៃ​របោះ​នៅ​ជាប់​ដង​អូរ ដែល​គេ​មិន​អាច​មើល​ពី​ផ្លូវ មើល​ពី​ភូមិ​ទៅ​ឃើញ​នោះ​ទេ៖ «អ៊ីចឹង សុំ​អះអាង​ថា មក​ដល់​ពេល​នេះ មិន​មាន​ការ​សម្លាប់​ដើម្បី​វះ​យក​ ក្រលៀន​អី​ទេ។ គិត​មើល​ទាំង​អស់​គ្នា តើ​វះ​យក​របៀប​ម៉េច? តើ​មាន​គ្រូពេទ្យ​ជំនាញ​វះ​ដាក់​ចិញ្ចឹម ដើម្បី​ឲ្យ​ក្រលៀន​ហ្នឹង​មាន​គុណភាព​យក​ទៅ​ដាក់​មនុស្ស​ដទៃ​ទៀត​បាន​ដែរ​ឬ​អី? មក​ពី​ចុង​កាត់​មាត់​ញក់ វះ​កាន់​យូរ​តឹក​ឡឹកៗ​ទៅ។ ឥឡូវ​សូម្បី​តែ​វះ​នៅ​ពេទ្យ ដើម្បី​គេ​ឯកភាព​គេ​ផ្ដល់​ឲ្យ​ទៅ​អ្នក​ណា​មួយ គេ​វះ​សុទ្ធ​តែ​ការ​ត្រួត​ពិនិត្យ​ឈាម​ត្រឹមត្រូវ ហើយ​យក​របស់​ហ្នឹង​ដាក់​ចិញ្ចឹម​ដាក់​អុកស៊ីហ្សែន​អី តាម​បច្ចេកទេស​របស់​ពេទ្យ»

ក្នុង​រយៈ​កាល​កន្លង​មក​នេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ជាច្រើន លេច​ឮ​ថា មាន​អ្នក​ដើរ​ចាប់​ក្មេងៗ នៅ​តាម​ស្រុក​ស្រែ​ជនបទ វះ​យក​ក្រលៀន​ទៅ​លក់។ ព័ត៌មាន​ចចាមអារ៉ាម​នោះ និយាយ​តៗ​គ្នា​ថា ក្រុម​អ្នក​ដើរ​ចាប់​ក្មេង​នោះ មាន​ដាក់​សម្ភារៈ​វះ​កាត់​ចិញ្ចឹម​ក្រលៀន​នៅ​តាម​ខ្លួន​ទៀត​ផង។ ប៉ុន្តែ ករណី​នេះ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្រកាស​បដិសេធ​ថា ពុំ​មាន​ករណី​ក្រុម​អ្នក​ដើរ​ចាប់​ក្មេង​វះ​យក​ក្រលៀន​នេះ​ទេ គ្រាន់​តែ​ព័ត៌មាន​ចចាមអារ៉ាម​ត​គ្នា​តែ​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត កាក់ សិលា ប្រធាន​មន្ទីរពេទ្យ​បង្អែក ខេត្ត​បាត់ដំបង បាន​ពន្យល់​ថា ការ​វះ​កាត់​ខ្លួន​ប្រាណ​មនុស្ស គេ​ត្រូវ​ធ្វើ​តាម​បច្ចេកទេស​ត្រឹមត្រូវ។ ជា​ធម្មតា សរីរាង្គ​របស់​មនុស្ស កាល​ណា​វះ​កាត់​យក​ចេញ​មក​ពី​ខ្លួន​មនុស្ស ត្រូវ​មាន​លក្ខណៈ​បច្ចេកទេស​រក្សា​ទុក​ក្នុង​គុណភាព​មួយ ដើម្បី​សរីរាង្គ​អាច​រស់​បាន៖ «គ្រាន់​តែ​ការ​វះ​កាត់​នៅ​មន្ទីរពេទ្យ ក៏​គេ​ប្រុងប្រយ័ត្ន​ណាស់​ទៅ​ហើយ តាំង​ពី​ការ​សម្អាត យើង​ហៅ​ថា អនាម័យ ឬ​ក៏​ពាក្យ​សាមញ្ញ​គេ​ហៅ​ថា ការ​ប្រឆាំង​ការ​ឆ្លង​ជាដើម មាន​បែប​បទ​មុន​ធ្វើ​ការ​វះ​កាត់។ ជំងឺ​ត្រូវ​ធ្វើ​ការ​វះ​កាត់ ត្រូវ​ធ្វើ​ម៉េច​អ្នក​ផ្តល់​សេវា​វះ​កាត់ ត្រូវ​សម្អាត​ខ្លួន​ឯង​របៀប​ម៉េច មាន​តាំង​ពី​អាកុល សាប៊ូ។ល។ ហើយ​បើ​ឆ្លើយ​ថា មាន​ព័ត៌មាន​ថា​មាន​ការ​វះ​កាត់​ក្រលៀន​នៅ​តាម​ផ្ទះ​តាម​ព្រៃ អា​ហ្នឹង​វា​ហួស​ពី​វិទ្យាសាស្ត្រ​ដែល​កំពុង​ប្រើប្រាស់​រាល់​ថ្ងៃ​ទៀត អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ដែរ»

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក នួន សាន បាន​មានប្រសាសន៍​ថា អំពើ​ឃាតកម្ម​លើ​ក្មេង​ស្រី​ម្នាក់ អាយុ​៨​ឆ្នាំ ក្មេង​ប្រុស​ពីរ​នាក់ ម្នាក់​អាយុ​៩ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ​១១​ឆ្នាំ គឺ​ជា​ករណី​ចាប់​រំលោភ។ ជន​ប្រព្រឹត្តិ​បាន​ចាប់​រំលោភ ហើយ​សម្លាប់។ លោក​បាន​បញ្ជាក់​ថា នៅ​លើ​សាកសព​ក្មេង​ស្រី​អាយុ​៨ឆ្នាំ មាន​ពាក់​អាវ តែ​ខោ​របស់​នាង​ត្រូវ​គេ​ស្រាត​មក​នៅ​ត្រឹម​ក្រោម​ក្បាល​ជង្គង់ និង​មាន​ស្នាម​ចាក់​ពោះ ដេក​ផ្ងារ។ ដោយ​ឡែក ក្មេង​ប្រុស​អាយុ​៩ឆ្នាំ ទំនង​បាន​រត់ ហើយ​ត្រូវ​ឃាតក កាប់​មួយ​កាំបិត​ដួល​ផ្កាប់​មុខ​ស្លាប់ និង​ក្មេង​ប្រុស អាយុ​១១ឆ្នាំ បាន​រត់​គេច​ខ្លួន​បាន​ឆ្ងាយ​ ជាង​គេ តែ​ត្រូវ​ឃាតក​តាម​សម្លាប់​ដូច​គ្នា​ដែរ តែ​មាន​ស្នាម​របួស​ច្រើន​កាំបិត។

លោក​ព្រះរាជ​អាជ្ញា​បន្ត​ថា ឃាតកម្ម​នេះ​ពុំ​មែន​ជា​រឿង​គំនុំ ហើយ​ក៏​ពុំ​មែន​ជា​ការ​សម្លាប់​ដើម្បី​វះ​យក​ ក្រលៀន ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ដែរ។ ព្រោះ​នៅ​កន្លែង​ឃាតកម្ម​នោះ សមត្ថកិច្ច​ប្រមូល​បាន​ភស្តុតាង ដូច​ជា​ដែកកេះ និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​អ្នក​ភូមិ​បី​នាក់​មក​ធ្វើ​ការ​សាកសួរ។

ជន​សង្ស័យ​ជា​អ្នក​ភូមិ​បី​នាក់ ដែល​សមត្ថកិច្ច​កោះ​ហៅ​ធ្វើ​ការ​សាកសួរ​នោះ មាន​ឈ្មោះ ជឹម វាសនា ភេទ​ប្រុស អាយុ​១៩ឆ្នាំ ឈ្មោះ កុយ ឃុត ភេទ​ប្រុស អាយុ​៤៥ឆ្នាំ និង​ឈ្មោះ ឡាន់ ឌីណា ភេទ​ប្រុស អាយុ​២៧ឆ្នាំ។ អ្នក​ទាំង​បី​នាក់ រស់នៅ​ចំណុច​អណ្ដូង​កន្ទួត ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

នៅ​កន្លែង​ឃាតកម្ម​សម្លាប់​ក្មេង​ទាំង​បី​នាក់ ធ្លាប់​កើត​មាន​អំពើ​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ឈ្មោះ ឃុត ឡន អាយុ​ជាង​៤០ឆ្នាំ។ ករណី​ឃាតកម្ម​នោះ កើត​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ កន្លង​ទៅ ហើយ​ត្រូវ​គេ​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​រឿង​គំនុំ​ក្នុង​ជម្លោះ​ដណ្ដើម​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

កូនអ្នកតវាដីនៅបុរីកីឡាបាត់ខ្លួន តើអាចមានឆាកសម្លាប់ថែមសំរាប់បង្វែងដានដែរឺទេ????

Sep 17, 2012 03:43 AM

KHMER

ពី BOTHELL,WASHINGTON USA

My idea,it is the problems from conflect land.To crimes put the things that it makes up the reason.

Sep 14, 2012 02:45 PM

CheyVorman007

ពី AngKor Wat

ថ្វីបើរកឃើញថារឿងថី្មនេះជាពាក្យចចាមអារ៉ាមតែសូមកុំភ្លេចត្រ
ចៀកព្រោះនៅប្រទេសក្រីក្រមួយចំនួនក៏ធ្លាប់មានកើតរឿងវះ
យកគ្រលៀមនេះដែរ។យ៉ាងណាមិញក្នុងរឿងនេះឃាតករដូចជា
សាហាវឃោឃៅពេកណាស់ ដល់ថ្នាក់ដេញកាប់សម្លាប់មនុស្ស
ហាក់ដូចរឿងកុន គួរអោយស្រាវឆ្អឹងខ្នង។(តាមចិត្តក្តៅមិនត្រូវ
ទុកសោះពួកសម្លាប់មនុស្សផ្ទុយពីទាហានក្នុងសង្គ្រាម កូនខ្មែរ
សព្វថ្ងៃម្តេចក៏មានចិត្តសាហាវៗម្លេះសមយ័នេះ?)

Sep 14, 2012 02:04 PM