មន្ត្រី​បក្ស​ប្រឆាំង​ចោទ គ.ខ.ប ថា​បិទ​សិទ្ធិ​បញ្ចេញ​មតិ​នៅ​ព្រះសីហនុ

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត និង​សកម្មជន​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ព្រះសីហនុ​ជា​ច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១២ បាន​រិះគន់​ចំៗ​ទៅ​កាន់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រះសីហនុ ថា មិន​អនុញ្ញាត​ឲ្យ​បេក្ខនារី​របស់​គេ បញ្ចេញ​មតិ​ចំពោះ​សកម្មភាព​អវិជ្ជមាន​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។
ដោយ ជិន ជេដ្ឋា
2012-06-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

បេក្ខនារី​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុង​ព្រះសីហនុ និង​ជា​ប្រធាន​ចលនា​ស្ត្រី នៃ​គណបក្ស សម រង្ស៊ី អ្នកស្រី វង រុន្នី មាន​ប្រសាសន៍​ថា មន្ត្រី​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត ព្យាយាម​លាក់​បាំង​សកម្មភាព​អវិជ្ជមាន​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន ទៅ​សាធារណជន និង​មន្ត្រី​ឃ្លាំ​មើល​លើ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

អ្នកស្រី វង រុន្នី៖ «គ្រាន់​តែ​គាត់​ចប់​ភ្លាម ខ្ញុំ​គិត​ថា​ចប់ ខ្ញុំ​ឡើង គឺ​ប្រធាន គ.ជ.ប (គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត) ហ្នឹង ចេញ​ភ្លាម​មក​តែ​ម្ដង គាត់​ថា សូម​បញ្ចប់​ការ​បញ្ចេញ​មតិ​យោបល់​ប៉ុណ្ណឹង ព្រោះ​អី​គិត​ថា ការ​បញ្ចេញ​មតិ​យោបល់​នេះ គ្រប់​គ្រាន់​ហើយ មិន​ចាំបាច់​បន្ត​អ្វី​ទៀត​ទេ»

អ្នកស្រី​បញ្ជាក់​ថា ការ​បញ្ចេញ​មតិ​របស់​គណបក្ស​ប្រឆាំង នៅ​តាម​កិច្ចប្រជុំ ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​យល់​ដឹង​អំពី​ទុក្ខ​កង្វល់ និង​សកម្មភាព​ផ្សេងៗ​របស់​គណបក្ស​របស់​អ្នកស្រី ក្នុង​ការ​បម្រើ និង​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​សកម្មជន​គណបក្ស​ប្រឆាំង ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រះសីហនុ លោក ហួត ផុន លោក​បាន​បដិសេធ​ថា លោក​មិន​បាន​ហាម​ឃាត់ ឬ​បំបិទ​សិទ្ធិ​សេរី​ភាព​ក្នុង​បញ្ចេញ​មតិ​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

ចំពោះ​ការ​ដែល​គណបក្ស សម រង្ស៊ី មិន​បាន​ឡើង​បញ្ចេញ​មតិ គឺ​ដោយ​សារ​អស់​ម៉ោង ហើយ​លោក​ក៏​មិន​បាន​ឃើញ​សកម្មជន​រូប​នោះ​ក្រោក​ឈរ ដើម្បី​សុំ​បញ្ចេញ​មតិ​ដែរ៖ «ដូច​ជា​គណបក្ស​សម រង្ស៊ី ធ្លាប់​ធ្វើ​ការ​ជា​មួយ​ខ្ញុំ​ច្រើន​ណាស់ ខ្ញុំ​មិន​ដែល​បាន​បិទ​សិទ្ធិ បិទ​អី​គាត់​ម្ដង​ណា​ឡើយ។ បើ​និយាយ​អីចឹង វា​ជា​ការ​ខុស​ឆ្គង​ហើយ ខ្ញុំ​ទទួល​មិន​បាន​ទេ»

មន្ត្រី​សម្រប​សម្រួល នៃ​អង្គការ ខុមហ្វ្រែល (Comfrel) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី អ្នកស្រី​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​មិន​មាន​ច្បាប់​ណា​មួយ​ចែង​ថា ត្រូវ​ដាក់​ទោស​ទៅ​លើ​អ្នក​រៀប​ចំ​កម្មវិធី ឬ​អ្នក​សម្រប​សម្រួល​ដែល​មិន​បាន​ផ្ដល់​ឱកាស​ស្មើ​គ្នា ក្នុង​ការ​បញ្ចេញ​មតិ ក៏ប៉ុន្តែ​បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្ងន់ធ្ងរ៖ «យើង​ឃើញ​ថា ធ្វើ​អីចឹង​វា​ហាក់​ដូច​ជា​បំបិទ​សិទ្ធិ វា​មិន​មាន​អា​របៀប​លទ្ធិប្រជាធិបតេយ្យ នៃ​ការ​ចូល​រួម​គំនិត​យោបល់ ព្រោះ​យើង​ទាំង​អស់​គ្នា យើង​ធ្វើ​ការ​រួម​គ្នា​ក្នុង​គោល​បំណង​មួយ​ថា ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ វា​មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ»

កន្លង​មក ក្រៅ​ពី​ការ​រិះគន់​ទៅ​លើ​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត មន្ត្រី​គណបក្ស​ប្រឆាំង ក៏​ធ្លាប់​បាន​រិះគន់​ជា​ញឹកញយ​ដែរ ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ថា បាន​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​រើសអើង​គណបក្ស​នយោបាយ។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​អាជ្ញាធរ​បដិសេធ និង​លើក​ឡើង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ពុំ​មាន​ការ​រើសអើង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Exactly they all just slave of government hun sen.

Jun 24, 2012 11:08 AM

អ្នក​អាន​អនាមិក

ពី Bb

មួយថ្ងៃមួយថ្ងៃ លឺតែចោទនេះចោទនោះ ដូចមិនឃើញធ្វើអីសោះ ឡូវដូចជារករឿង គជប ដល់ហើយ

Jun 24, 2012 01:37 AM