មន្ត្រី​សង្ឃ​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​បំបាត់​អាជីវកម្ម​អាំង​សត្វ​ទាំង​មូល

មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ និង​សាសនា​ជាង ១.០០០​រូប មក​ពី​ខេត្ត​ក្រុង​ទាំង ២៤ បាន​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម ឬ​អាំង​សត្វ​ពាហនៈ​ទាំង​មូល ដើម្បី​លក់​ជា​ម្ហូប​អាហារ​នៅ​តាម​ទីផ្សារ និង​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ។
ដោយ កែវពេជ្រ មេត្តា
2011-12-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
គោ​ដុត ៣០៥
២៣-ធ្នូ-២០១១៖ គោ​ដែល​ដុត​លក់​នៅ​តាម​ដង​ផ្លូវ​ច្រក​ចូល​ទៅ​វត្ត​សន្សំកុសល រាជធានី​ភ្នំពេញ។
RFA/Keopech Metta

ការ​ស្នើ​សុំ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​អនុ​សំវច្ឆរ​មហាសន្និបាត​សង្ឃ ឬ​សន្និបាត​សង្ឃ​ប្រចាំ​ឆ្នាំ​លើក​ទី​២០ នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ។ ដោយហេតុ​ថា ការ​ដុត ឬ​អាំង​សត្វ​គោ ឬ​ចៀម​លក់​ទាំង​មូល​នោះ ហាក់​ដូច​ជា​បង្ហាញ​ការ​ប្រើ​ហិង្សា និង​អមនុស្សធម៌​ខ្លាំង​ពេក ដែល​មិន​សមស្រប​ទៅ​នឹង​សង្គម​ជាតិ​ខ្មែរ​បច្ចុប្បន្ន​ជា​អ្នក​គោរព​ព្រះពុទ្ធ​សាសនា។

អនុ​សំវច្ឆរ​មហា​សន្និបាត​សង្ឃ​ប្រចាំ​ឆ្នាំ​លើក​ទី​២០ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ អស់​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២០ និង​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១១ ថ្មីៗ​នេះ បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​ជា​ច្រើន​ដែល​ទាក់ទង​នឹង​កិច្ចការ​របស់​សង្គម​សង្ឃ​ក្នុង​ព្រះពុទ្ធ​សាសនា ហើយ​និង​បញ្ហា​ក្នុង​សង្គម​ជាតិ។

អ្នក​ចូល​រួម​ក្នុង​អនុ​សំវច្ឆរ​មហាសន្និបាត​សង្ឃ​ជាង ១.០០០​រូប ដែល​ភាគ​ច្រើន​ជា​មន្ត្រី​សង្ឃ​ជា​រាជា​គណៈ ព្រះ​មេគណ​ខេត្ត អនុ​គណ​ស្រុក ព្រម​ទាំង​មន្ត្រី​ក្រសួង និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ក្រុង បាន​លើក​យក​មក​ពិភាក្សា​ដោះស្រាយ​ពី​កិច្ចការ​សាសនា​នោះ រួម​មាន​ដូច​ជា ការ​ពង្រឹង​ផ្នែក​ពុទ្ធិកសិក្សា​ភាសា​បាលី​សម្រាប់​ការ​សិក្សា​របស់​សមណសិស្ស និស្សិត បញ្ហា​ការ​បង្កើត​មូលនិធិ​សម្រាប់​ទ្រទ្រង់​វត្ត​អារាម និង​បញ្ហា​ការពារ​គរុភណ្ឌ ឬ​ទ្រព្យ​សម្បត្តិ​របស់​វត្ត​ជាដើម។

ចំណែក​ឯ​បញ្ហា​សង្គម​ជាតិ​វិញ គឺ​គេ​បញ្ជាក់​អំពី​ចំណុច​នៃ​ការ​សម្លាប់​សត្វ​ធ្វើ​អាជីវកម្ម​ដែល​មិន​សមរម្យ ដូច​ការ​សម្លាប់​សត្វ​គោ ហើយ​ដុត ឬ​អាំង​ទាំង​មូល​យក​ទៅ​លក់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ និង​ទី​ផ្សេងៗ​ដែល​គ្មាន​កន្លែង​បិត​បាំង។

ក្នុង​ចំណោម​អ្នក​ចូល​រួម​អនុ​សំវច្ឆរ​មហាសន្និបាត​សង្ឃ​លើក​ទី​២០ ព្រះតេជព្រះគុណ​ព្រះធម្មចរិយាវង្សាបណ្ឌិត ញ៉ែម គឹមតេង បាន​មាន​ព្រះ​ថេរដីកា​បញ្ជាក់​អំពី​មូលហេតុ​ដែល​អង្គ​សន្និបាត​លើក​ឡើង​ពី​បញ្ហា​នេះ​ថា ការ​លក់​សម្ញែង​គោ​ដុត​ទាំង​មូល​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នោះ គឺ​ជា​ការ​ខ្វះ​សីលធម៌ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​គោរព​ព្រះពុទ្ធ​សាសនា និង​ប្រកាន់​យក​នូវ​ធម៌​សន្ដោស​អាណិត​អាសូរ​សព្វ​សត្វ​ផង​គ្នា។

ព្រះតេជព្រះគុណ​ព្រះធម្មចរិយាវង្សាបណ្ឌិត ញ៉ែម គឹមតេង៖ «ពីព្រោះ​ស្រុក ប្រទេស​គេ​ដទៃៗ​ក៏​គេ​មិន​ដែល​ធ្វើ​អ៊ីចឹង​ដែរ​ទេ ហើយ​យើង​យក​គោ​ទៅ​ដុត​ទាំង​មូល​នៅ​តាម​ផ្លូវ នៅ​តាម​ទី​សាធារណៈ មុខ​ហាង​គ្រប់​កន្លែង។ ដល់​អ៊ីចឹង​វា​ដូច​ជា​បង្ហាញ​នូវ​ភាព​ហិង្សា។ យើង​ក្នុង​នាម​អ្នក​ពុទ្ធ​សាសនា​ហ្នឹង​ដែល​ប្រកាន់​ធម៌​អហិង្សា»

អ្នក​ចូល​រួម​ក្នុង​អនុ​សំវច្ឆរ​មហា​សន្និបាត​សង្ឃ​ប្រចាំ​ឆ្នាំ​លើក​ទី​២០ បាន​បញ្ជាក់​ទៀត​ដែរ​ថា ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​អាជីវកម្ម​គោ​ដុត​នេះ​ថា តាម​ពិត​ទៅ​សត្វ​គោ​គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​មាន​ជីវិត​រស់​នៅ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ក្នុង​សង្គម​ខ្មែរ​តាំងតែ​ពី​សម័យ​ដូនតា​តៗ​រៀង​មក​រហូត​ដល់​សព្វ​ថ្ងៃ។ ហើយ​សត្វ​គោ​ទាំង​ឡាយ​នោះ​ដែល​គេ​យក​មក​ចិញ្ចឹម គឺ​បាន​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការងារ​កសិកម្ម​របស់​ប្រជា​កសិករ​ខ្មែរ ដូចជា​ជួយ​អូស​ទាញ​នង្គ័ល​ភ្ជួរ រាស់​ដាស់​ដី សាប​ព្រោះ ដក​ស្ទូង និង​ជួយ​អូស​រទេះ​ដឹក​កណ្ដាប់​ស្រូវ​យក​ទៅ​បោក​បែន​ជាដើម។

អ្នក​ចូល​រួម​មហា​សន្និបាត​សង្ឃ​បាន​បន្ដ​ថា បើ​គេ​វិភាគ​ទៅ​លើ​គុណ​បំណាច់​របស់​សត្វ​គោ​ដូច​បាន​បញ្ជាក់​មក​នេះ គឺ​គេ​ពុំ​គប្បី​ធ្វើ​ទារុណកម្ម​សម្លាប់​សត្វ​គោ​ហើយ​យក​ទៅ​ដុត​ចង​ឆ្កាង​លក់​ទាំង​មូល​យ៉ាង​ដូច្នោះ​ឡើយ។

ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន ព្រះ​មេគណ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចូល​រួម​នៅ​ក្នុង​អនុ​សំវច្ឆរ​មហាសន្និបាត​សង្ឃ​លើក​ទី​២០ បាន​មាន​ព្រះ​ថេរដីកា​ថា ការ​លើក​ឡើង​របស់​អនុ​សំវច្ឆរ​មហា​សន្និបាត​សង្ឃ​ត្រង់​ចំណុច​ការ​ធ្វើ​អាជីវកម្ម​លក់​គោ​ដុត​ទាំង​មូល​នេះ គឺ​ចង់​ជួយ​ដាស់​ស្មារតី​អ្នក​លក់​ដូរ​ឲ្យ​មាន​ចិត្ត​ក្រែង​រអែង និង​មាន​មនុស្ស​ធម៌​ខ្លះៗ​ដល់​សត្វ។

ព្រះតេជព្រះគុណ ឌូ វណ្ណឌឿន៖ «តែ​ក្នុង​ហាង​បិទ​ជិត​អី​នោះ អា​ហ្នឹង​វា​ជា​រឿង​សម្រាប់​អាជីវកម្ម​របស់​គេ​ទេ។ ក៏​ប៉ុន្តែ​តាម​ផ្លូវ​តាម​អី​អ៊ីចឹង​វា​មើល​ទៅ​ស្ដែងៗ​ពេក អ៊ីចឹង​ទៅ​មហាជន ជា​សាធារណៈ​គេ​មើល​ទៅ​ដូច​ជា​ខ្វះ​ភាព​សមរម្យ។ យើង​បង្ហាញ​តែ​ភាព​ហិង្សា​ហ្នឹង​ខ្លាំង​ពេក​ទៅ​លើ​សត្វ​ដែល​មាន​ឧបការគុណ ដែល​ជា​កម្លាំង​អូស​ទាញ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ កសិករ​ប្រទេស​កម្ពុជា យើង​តាំង​ពី​សម័យ​បុរាណ​មក​រហូត​មក​ទល់​ពេល​ហ្នឹង»

ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​លក់​គោ​ដុត​ទាំង​មូល​ដែល​គេ​ឃើញ​មាន​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​តាម​ទីផ្សារ តាម​ហាង​អាហារដ្ឋាន និង​ភោជនីយដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ សព្វ​ថ្ងៃ​នេះ​ក៏​ត្រូវ​បាន​មហាជន​មួយ​ចំនួន​ធ្លាប់​បាន​រិះគន់​ជា​បន្តបន្ទាប់​មក​ដែរ​កន្លង​មក ក្នុង​នោះ​មាន​មន្ត្រី​រាជការ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត។

ការ​រិះគន់​នោះ​មាន​ដូចជា​ថា អ្នក​លក់​ធ្វើ​អំពើ​បាប​អាក្រក់ក្រៃលែង មិន​អាណិត​អាសូរ​សត្វ ធ្វើ​ទារុណកម្ម​សត្វ​តាំង​ពី​សម្លាប់​ហើយ​យក​សាច់​មក​លក់ នៅ​តែ​ចង​ដៃ​ចង​ជើង​ដោត​ឆ្កាង​ពន្លះ​សាច់ ដោត​កាំបិត​ជាប់​នៅ​ឆ្អឹង​ខ្នង ។ល។

ក្នុង​ចំណោម​អ្នក​រិះគន់​ទាំង​នោះ ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ប៊ុន ជី នៅ​ខេត្ត​បាត់ដំបង ដែល​បាន​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ហើយ​បាន​ឃើញ​ទិដ្ឋភាព​លក់​គោ​ដុត​ទាំង​មូល​នោះ បាន​មាន​ប្រសាសន៍​ថា គាត់​មាន​ការ​សង្វេគ​នៅ​ពេល​ដែល​ឃើញ​ការ​លក់​ដូរ​បែប​នេះ៖ «អាណិត​គោ​ហ្នឹង​សែន​មហា​អាណិត។ សូម្បី​តែ​ខាង​មូស្លីម ឬ​ក៏​ខាង​ឥស្លាម​សាសនា ដែល​ថា សាសនា​គេ​មិន​ហាម​ប្រាម​រឿង​សម្លាប់ ក៏​គេ​មិន​ធ្វើ​អាក្រក់​ដូច​នៅ​កម្ពុជា​យើង ដែល​ថា ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ៩០% នោះ​ដែរ។ ធ្វើ​ហ្នឹង​វា​ហួស​សម្លាប់​គ្នា​ហើយ សាច់​ឆ្អិន​ហើយ ទុក​គោ​ទាំង​មូល។ បើ​ថា បាន​ជា​ធ្វើ​ឃាត​គ្នា​ហើយ អាំង​គ្នា​ហើយ​ដាក់​ជា​កញ្ចប់ ដាក់​ជា​ស្អី​ឲ្យ​វា​មើល​ទៅ​ឲ្យ​សម​ភ្នែក»

ដោយហេតុ​បាន​ឃើញ​យ៉ាង​ដូច្នោះ​ហើយ ទាំង​ប្រជាពលរដ្ឋ និង​នៅ​ក្នុង​មហា​សន្និបាត​សង្ឃ​លើក​ទី​២០ បាន​ធ្វើ​សំណូមពរ​សុំ​ដល់​រាជរដ្ឋាភិបាល ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​លក់​គោ​ដុត​ទាំង​មូល​នៅ​តាម​ទី​សាធារណៈ ឬ​លក់​តាម​ដង​ផ្លូវ​នានា​ល្ហល្ហេវ។

ទាក់ទង​នឹង​ការ​សម្លាប់​ជីវិត​សត្វ​នេះ​ដែរ នៅ​ក្នុង​អនុ​សំវច្ឆរ​មហា​សន្និបាត​សង្ឃ ក៏​បាន​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល ជួយ​កុំ​ឲ្យ​មាន​សកម្មភាព​នេសាទ ឬ​បរ​បាញ់​សត្វ​នៅ​ក្នុង​ទន្លេ ឬ​តាម​ដង​ទន្លេ ត្រង់​ចំណុច​ខាង​មុខ​ព្រះបរមរាជវាំង​ទីក្រុង​ភ្នំពេញ។

ការ​ស្នើ​សុំ​នោះ ពីព្រោះ​តែ​យល់​ឃើញ​ថា នៅ​ខាង​មុខ​ព្រះបរមរាជវាំង​គឺ​មាន​កន្លែង​សក្ការបូជា។ ម្យ៉ាង​វិញ​ទៀត គេ​ចង់​ឲ្យ​កន្លែង​នៅ​ត្រង់​ចំណុច​នោះ​ក្លាយ​ទៅ​ជា​កន្លែង​មួយ​ដែល​មាន​សុខ​សន្តិភាព​សម្រាប់​សត្វ​ទូទៅ​ទាំង​អស់ ឬ​ដែល​គេ​ហៅ​ថា ជា​កន្លែង​អភ័យ​ភូមិ (ឬ​ជា​កន្លែង​ផុត​ចាក​ភ័យ)។

ព្រះតេជព្រះគុណ ព្រះធម្មចរិយាវង្សាបណ្ឌិត ញ៉ែម គឹមតេង ដែល​បាន​ចូល​រួម​ក្នុង​អនុ​សំវច្ឆរ​មហាសន្និបាត​សង្ឃ​ប្រចាំ​ឆ្នាំ​លើក​ទី​២០ បាន​មាន​ព្រះថេរដីកា​ថា ការ​ស្នើ​សុំ​ផ្ដល់​ទី​កន្លែង​អភ័យ​ភូមិ​សម្រាប់​សត្វ​នេះ ក៏​ដើម្បី​ជា​ប្រយោជន៍​ជាតិ​សាសនា និង​ព្រះមហាក្សត្រ៖ «យើង​ដឹង​ហើយ​ថា បាវចនា (ពាក្យ​គោល​ចារឹក) របស់​ជាតិ​យើង​នេះ គឺ​មាន ជាតិ សាសនា ព្រះមហាក្សត្រ។ ទាំង​បី​នេះ​ហើយ​ដែល​យើង​គោរព។ អ៊ីចឹង​ហើយ​មុខ​តំបន់​នេះ យើង​មិន​ចង់​ឲ្យ​ឃើញ​មាន​ការ​សម្លាប់ ឬ​ក៏​ការ​នេសាទ ការ​ធ្វើ​អាជីវកម្ម​សត្វ​មាន​ជីវិត​អី​អ៊ីចឹង​ទេ។ យើង​ចង់​ថា ឲ្យ​តំបន់​ហ្នឹង​ទៅ​ជា​តំបន់​ផ្ដល់​អភ័យ​ឲ្យ​សព្វ​សត្វ។ សត្វ​ត្រី សត្វ​ស្លាប​អី​វា​មក​កន្លែង​ហ្នឹង​ទៅ​វា​មាន​សេរីភាព វា​មាន​សន្តិភាព អត់​ភ័យ អត់​ខ្លាច​អី​ទេ ជា​តំបន់​ផុត​ចាក​ភ័យ»

នូវ​រាល់​ការ​ស្នើ​សុំ​ទាំង​អម្បាលមាណ​នេះ គេ​ឃើញ​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជរដ្ឋាភិបាល គឺ​អ្នកស្រី ម៉ែន សំអន ដែល​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ទៅ​ចូល​រួម​បិទ​អនុ​សំវច្ឆរ​មហាសន្និបាត​សង្ឃ​លើក​ទី​២០ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា អ្នកស្រី​មិន​ទាន់​ហ៊ាន​សម្រេច​ថា យ៉ាង​ណា​ឡើយ គឺ​ត្រូវ​យក​សំណើ​នោះ​ទៅ​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ពិនិត្យ​សិន។ រី​ឯ​លទ្ធផល​យ៉ាង​ណា​នោះ​គឺ​មិន​ទាន់​ដឹង​ប្រាកដ​ទេ៕

មតិ (15)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

រឿងការចូលរួមហាមប្រាមនេះវាជាការរួមចំណែកក្នុងការកែលម្អសោភណភាពនិងបង្កើនសីលក្រមពីព្រះសង្ឃ ។ ការហាមប្រាមមិនឲ្យសំឡាប់មនុស្សនិងសត្វនោះ ព្រះសង្ឃលោកហាមយើងរាល់តែដងហ្ខឹង ដូចជានៅក្នុងសីល៥ជាដើម។តែបើអ្នកកាន់អំណាចគេមិនធ្វើតើឲ្យព្រះសង្ឃ​ធ្វើម្តេចទៅ? ឲ្យលោកដើរហែរបាតុកម្មរួចឲ្យគេវាយជេរប្របាថព្រះសង្ឃទៀតឬ? កិច្ចការជារច្រើនដែលតម្រូវឲ្យយើងធ្វើមួយជំហ៊ានម្តងៗ។ខ្ញុំយល់ថាចូលរួមធ្វើអំពើល្អពិតជាពិបាក តែបើយើងគ្រប់គ្នាជាខ្មែរមានឆន្ទៈល្អ វាមុខតែដើរទៅមុខជាមិនខាន។អរគុណ

Mar 01, 2012 01:49 AM

អ្នក​អាន​អនាមិក

តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរប្រសិនបើប្រៀបមកថាសត្វទាំងអស់នោះជាសាច់ញាតិរបស់អ្នកវិញនោះ?

Dec 27, 2011 08:56 AM

អ្នក​អាន​អនាមិក

សត្វគោគឺជាសត្វដែលជាអ្នកមានគុណដធំជួយធ្វើស្រែមនុស្សគ្របរូបបានគោនេះហើយបង្ករបង្កើនផលអោយយើង
ចំពោះសត្វព្រៃវិញគឺបានគេថែរក្សានិងអភិរក្សចំពោះគោវិញ
គឺអយុទ្ត​តិធមណាសប្រើគ្នាហើយធ្វើបាបគ្នាទៀតតើមនុស្ស
គ្របគ្នាដែលគិតពីគុណរបសគោដែររឺទេសូមមើលទៅព្រះ
សម្មាសម្ដុទ្ទកគងនៅលើសត្វគោដែរអញ្ជឹងសត្វគោកជាអ្នក
មានគុណដលព្រះសម្មាសម្តុទ្ទ​ដែរ។

Dec 26, 2011 10:09 PM

អ្នក​អាន​អនាមិក

សត្វគោគឺជាសត្វដែលជាអ្នកមានគុណដធំជួយធ្វើស្រែមនុស្សគ្របរូបបានគោនេះហើយបង្ករបង្កើនផលអោយយើង
ចំពោះសត្វព្រៃវិញគឺបានគេថែរក្សានិងអភិរក្សចំពោះគោវិញ
គឺអយុទ្ត​តិធមណាសប្រើគ្នាហើយធ្វើបាបគ្នាទៀតតើមនុស្ស
គ្របគ្នាដែលគិតពីគុណរបសគោដែររឺទេសូមមើលទៅព្រះ
សម្មាសម្ដុទ្ទកគងនៅលើសត្វគោដែរអញ្ជឹងសត្វគោកជាអ្នក
មានគុណដលព្រះសម្មាសម្តុទ្ទ​ដែរ។

Dec 26, 2011 10:08 PM

អ្នក​អាន​អនាមិក

សត្វត្រូវគេសំលា់ប់លានក្បាលក្នុង១ថ្អៃៗមិននិយាយផងនិយាយតែពីការសំលាប់គោ។​ លោកសង្សនេះសោទឆាន់បាយអត់សាច់លេបបាយមិនរួចទេ។​អ្ងកធំពេលទៅលែងស្រូកម្តងៗកាប់ឆ្កែ១០ក្បាល ដុកគោ៣​ម៉េចមិនថាផង។បានរស់រានមានជីវិតរស់ដោយសុខសាន្តក្នុងដោយសាអ្អកស្រុក។​កុំឆាប់ភ្លេចពេកសម័យអាយ៉ងបួសបានអត់។

Dec 26, 2011 09:14 PM

មើល​មតិ​ទាំង​អស់.