សាលា​ឧទ្ធរណ៍​គ្រោង​បើក​សវនាការ​ករណី​ឃាតកម្ម​លើ​សកម្មជន​សហជីព

តុលាការ​សាលាឧទ្ធរណ៍​នៃ​ប្រទេស​កម្ពុជា​គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​នៅ​ថៃ្ង​ទី​១១ ខែ​កុម្ភៈ សប្តាហ៍​ខាង​មុខ​នេះ​ជុំវិញ​សំណុំ​រឿង​ជន​សង្ស័យ​ឈ្មោះ ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ត ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​បាញ់​សម្លាប់​លោក រស់ សុវណ្ណារ៉េត ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា​ប្រចាំ​នៅ​រោងចក្រ​ឈ្មោះ កុមារ​ទុងហ្គា នៅ​ជាយ​ទីក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៤ កន្លង​ទៅ។
ដោយ សុខ សេរី
2009.02.04

លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ដែល​បាន​តាមដាន​សំណុំ​រឿង​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ករណី​របស់​លោក ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ត នោះ គឺ​ស្រដៀង​គ្នា​នឹង ប៊ន សំណាង និង សុខ សំអឿន ផង​ដែរ ដែល​ជា​ឃាតករ​សិប្បនិម្មិត។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទាក់ទង​នឹង​ជន​សង្ស័យ​ម្នាក់​ដែល​ឈ្មោះ ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ដ ក៏​ប៉ុន្តែ​តាម​ការ​ស៊ើបអង្កេត​របស់​ខាង​អង្គការ​សង្គម​ស៊ីវិល យើង​ឃើញ​ថា​ជន​សង្ស័យ​ឈ្មោះ ថាច់ សាវ៉េត ឬ​ក៏ ច័ន្ទ សុភ័ក្រ្ដ គឺ​ជា​ឃាតករ​សិប្ប​និម្មិត វា​មិន​ខុស​ពី​រឿង ប៊ន សំណាង និង សុខ សំអឿន នោះ​ទេ»

លោក សម ចំរើន ជា​មេធាវី​របស់​លោក ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ត បាន​មាន​ប្រសាសន៍​ថា  កូន​ក្តី​របស់​លោក​ជា​មនុស្ស​គ្មាន​កំហុស​អ្វី​ទ្បើយ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​លើ​រូប​លោក រស់ សុវណ្ណារ៉េត នោះ។

លោក សម ចំរើន មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​បាន​ត្រៀម​ឯកសារ ត្រៀម​សាក្សី​អី​រួច​រាល់​ហើយ»

សុខ សេរី ៖ ដើម្បី​បញ្ជាក់​ថា កូន​ក្ដី​របស់​លោក​ជា​ពិរុទ្ធជន ឬ​ក៏​បញ្ជាក់​ថា កូន​ក្ដី​របស់​លោក​ជា​មនុស្ស​បរិសុទ្ធ?

សម ចំរើន ៖ បញ្ជាក់​ថា កូន​ក្ដី​របស់​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​ក្នុង​រឿង​ហ្នឹង​ទេ មិន​មែន​ជា​ឃាតករ​ក្នុង​រឿង​ហ្នឹង។

មិន​អាច​ទាក់ទង​មន្រ្តី​នៃ​តុលាការ​សាលាឧទ្ធរណ៍​បាន​ភ្លាមៗ​ទេ នៅ​ថៃ្ង​ពុធ​នេះ​ជុំវិញ​ការ​អះអាង​ខាង​លើ​នេះ។

លោក ខៀវ សុភ័ក្រ្ត ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «សំខាន់​ច្បាប់​កំណត់​យ៉ាង​ម៉េច តុលាការ​លោក​នឹង​វិនិច្ឆ័យ​ទៅ​តាម​វត្ថុតាង ទៅ​តាម​សាក្សី ទៅ​តាម​អ្វី​ដែល​មាន​ដើម្បី​ដាក់​បន្ទុក​នោះ យើង​រង់ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​ទៅ»

លោក ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​និង​សង្ស័យ​ថា បាន​ធ្វើ​មនុស្ស​ឃាត​លើ​រូប​លោក រស់ សុវណ្ណារ៉េត កាល​ពី​ថៃ្ង​ទី​៧ ខែ​ឧសភា ឆ្នាំ​២០០៤ កន្លង​ទៅ។

ក្រោយ​មក តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​រូប​លោក​ឲ្យ​ជាប់​គុក​រយៈពេល ១៥​ឆ្នាំ កាល​ពី​ឆ្នាំ​២០០៥ កន្លង​ទៅ ក្រោម​បទ​ចោទ​ប្រកាន់​ថា លោក​បាន​ធ្វើ​មនុស្ស​ឃាត​លើ​រូប​លោក រស់ សុវណ្ណារ៉េត ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ប្រចាំ​នៅ​រោងចក្រ​កាត់ដេរ​ឈ្មោះ កុមារ ទុងហ្គា ជាយ​ទីក្រុង​ភ្នំពេញ។

ប៉ុន្តែ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រិះគន់​ថា គ្មាន​ភស្តុតាង ឬ​សាក្សី​ណា​មួយ ត្រូវ​បាន​គេ​បង្ហាញ​ក្នុង​ការ​ចោទ​ប្រកាន់​និង​កាត់ទោស​កន្លង​មក​នោះ​ទេ លើ​ជន​សង្ស័យ​ឈ្មោះ ថាច់ សាវ៉េត ឬ ច័ន្ទ សុភ័ក្រ្ត​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។