ពលរដ្ឋ​ខ្មែរ​ខ្លះ​ត្អូញត្អែរ​ពី​ការ​លំបាក​សុំ​ទិដ្ឋាការ​អាមេរិក

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​សុំ​ទិដ្ឋាការ​ទៅ​​ប្រទេស​អាមេរិក បាន​រិះគន់​មន្ត្រី​ស្ថានទូត​អាមេរិក ផ្នែក​ការិយាល័យ​ផ្ដល់​ទិដ្ឋាការ​ប្រចាំ​កម្ពុជា ថា​មាន​ការ​តឹងតែង​ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ពួក​គាត់ ថែម​ទាំង​ធ្វើ​ឫក្ស​ក្រអឺតក្រទម​ទៀត​ផង។
ដោយ វោហារ ជាតិ
2012-07-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ស្ថានទូត​អាមេរិក ៣០៥
រូប​សញ្ញា​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា
RFA/Sok Serey

រៀងរាល់​ព្រឹក​គេ​សង្កេត​ឃើញ​ថា មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​ហោច​ណាស់​ចាប់​ពី​២០ ទៅ ៥០​នាក់ នាំ​គ្នា​តម្រង់​ជួរ​នៅ​ស្ថានទូត​អាមេរិក ដើម្បី​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក។

ពេល​ចេញ​មក​វិញ អ្នក​ដែល​បាន​ទិដ្ឋាការ​មាន​ទឹក​មុខ​រីករាយ។ ក៏ប៉ុន្តែ​អ្នក​ខ្លះ​ខកចិត្ត ព្រោះ​ពួក​គាត់​មិន​ត្រឹម​តែ​មិន​បាន​​ទិដ្ឋាការ​ដូច​ក្ដី​រំពឹង​ទុក​ទេ តែ​ថែម​ទាំង​អស់​ប្រាក់​ចំនួន ១៦០​ដុល្លារ ថែម​ទៀត គឺ​ប្រាក់​បង់​ថ្លៃ​សេវា​សម្រាប់​ទិដ្ឋាការ។

ជាអាទិ៍​ដូច​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ពោល​ទាំង​សោកស្ដាយ​ថា គាត់​នៅ​តែ​មិន​អស់​ចិត្ត មិន​ដឹង​ថាគាត់​ខ្វះ​ឯកសារ​អ្វី​បាន​ជា​ស្ថានទូត​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ។

គាត់​បាន​អះអាង​ថា​គាត់​បាន​ទៅ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​កូន​នៅ​សហរដ្ឋ​អាមេរិក៖ «អ្នក​គ្រប់​គ្នា​ដែល​គេ​ទៅ​សម្ភាស​ដូច​ខ្ញុំ អ្នក​ណា​ក៏​គេ​ខឹង ហើយ​គេ​ស្ដាយ​លុយ​គេ​ដែល​បង់​អស់ ១៦០​ដុល្លារ។ សម្ភាសន៍​ហ្នឹង គ្មាន​អ្នក​ណា​បាន​សម្ភាស​ច្រើន សួរ​តែ​ពីរ​បី​ម៉ាត់​ថា ឯកសារ​អ្នក​ឯង​អត់​គ្រប់​ទេ។ ដល់​ពេល​គេ​សួរ​ហេតុ​អី​បាន​មិន​គ្រប់ មិន​គ្រប់​ហ្នឹង​ខ្វះ​ស្អី? គេ​អត់​ប្រាប់​ថា​ខ្វះ​ស្អី ទេ។ លុយ ១៦០​ដុល្លារ​គេ​ពិបាក​រក​ណាស់​ដល់​សួរ​តែ​ពីរ​បី​ម៉ាត់​ស្រាប់​តែ​ឲ្យ​គេ​ធ្លាក់»

ចំណែក​អ្នក​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​អត្ត​សញ្ញាណ ដែល​ធ្លាប់​សម្ភាសន៍​ធ្លាក់​ដូច​គ្នា​ដែរ​នោះ ក៏​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ៖ «ជាក់​ស្ដែង​ខ្ញុំ​ក​ទទួល​អ៊ីចឹង​ដែរ។ ការ​សួរ​របស់​អ្នក​សម្ភាស​ហ្នឹង​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​នឹង​អ្នក​បេក្ខជន​ដែល​ត្រូវ​ទៅ​សម្ភាសន៍ ឬ​ក៏​គាត់​អាច​មើល​ប្រវត្តិ​យើង​ហើយ​ក៏​មិន​ដឹង យើង​អត់​ដឹង​រឿង​របស់​គាត់»

ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ជាទូទៅ​គេ​សម្គាល់​ថា ជា​ទិដ្ឋាការ​ទេសចរណ៍ ឬ​ទិដ្ឋាការ​សម្រាប់​ទៅ​លេង​សហរដ្ឋ​អាមេរិក​ជា​បណ្ដោះ​អាសន្ន​សម្រាប់​ធ្វើ​ការងារ ធ្វើ​មុខ​ជំនួញ ទេសចរណ៍ ឬ​ទៅ​សិក្សា។

លោក ហុក ប៊ុនលី រស់​នៅ​ភ្នំពេញ ដែល​លោក​អះអាង​ថា មាន​បង​ប្អូន​មាន​គូ​ដណ្ដឹង​នៅ​អាមេរិក ហើយ​សុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​ទៅ​នៅ​អាមេរិក​មិន​បាន បាន​រំលឹក​ថា ជួនកាល​មន្ត្រី​ស្ថានទូត​សម្ភាស​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ ស្ដាប់​ទៅ​ប្រៀប​ដូច​ជា​ប៉ូលិស​សួរ​ចម្លើយ​ជនសង្ស័យ​បទ​ល្មើស​អ្វី​មួយ​ទៅ​វិញ។

លោក ហុក ប៊ុនលី៖ «ពេល​សួរ​សំណួរ​ខ្លះ​ហាក់​ដូច​ជា​ដេញ​ដោល​មែន​ទែន ថា​យើង​ស្គាល់​គូ​ដណ្ដឹង​យើង​ហ្នឹង​ពេល​ទំនេរ​ចូល​ចិត្ត​ធ្វើ​អី? ហ្នឹង​តាម​គេ​សួរ​ណា។ យើង​ថា ចូល​ចិត្ត​មើល​សៀវភៅ ហើយ​គេ​សួរ​ថា សៀវភៅ​ហ្នឹង​សៀវភៅ​អី? យើង​ថា​សៀវភៅ​រឿង អ៊ីចឹង​គេ​សួរ​ទៀត​ថា រឿង​អី? ដេញ​ដោល​រហូត​អ៊ីចឹង​រហូត​ដល់​យើង​ឆ្លើយ​អត់​ចេញ។ ចុះ​អ្នក​ណា​ហើយ​ទៅ​ដឹង​ទាំង​អស់ បើ​គូ​ដណ្ដឹង​នៅ​នោះ​យើង​នៅ​នេះ។ មួយ​សំណួរ​ទៀត​ដែល​ពិបាក​ឆ្លើយ​ហ្នឹង​មិន​ដឹង​យ៉ាង​ម៉េច មាន​ន័យ​ថា គេ​សួរ​ដេញដោល​យើង​មែនទែន​ចង់​ទម្លាក់ ឬ​យ៉ាង​ម៉េច​ទេ។ គេ​សួរ​ថា ចុះ​ក្រៅពី​មើល​សៀវភៅ​រឿង​ធ្វើ​អី​ទៀត? អ៊ីចឹង​គាត់​ថា កីឡា។ កីឡា​អី​គេ? វ៉ៃ​ហ្គោល វ៉ៃ​ជាមួយ​អ្នក​ណា? មិត្តភ័ក្ដិ​គេ​សួរ​ថា មិត្ត​ភក្ដិ​ឈ្មោះ​អី? ចុះ​ម៉េច​ដឹង​ឈ្មោះ​អី មិត្ត​ភក្ដិ​នៅ​អាមេរិក​នោះ ​ហើយ​យើង​នៅ​ស្រុក​ខ្មែរ​នេះ។ អ៊ីចឹង​យើង​ឆ្លើយ​អត់​ចេញ។ អ៊ីចឹង​គេ​ថា អ្នក​ឯង​ស្គាល់​គ្នា​មិន​ទាន់​ច្បាស់​ទេ គេ​មិន​អាច​ឲ្យ​វីសា​ទៅ​បាន​ទេ។ អ្វី​ដែល​គេ​សួរ​ដេញ​ៗ​ទាល់​យើង​ទាល់​គេ​វាយ​តម្លៃ​យក​បណ្ដោយ។ អ្នក​ដែល​ត្អូញត្អែរ​ភាគ​ច្រើន​មាន​បញ្ហា​អ៊ីចឹង​ឯង»

ទោះ​យ៉ាង​ណា ការ​ត្អូញត្អែរ​នេះ​ត្រូវ​បាន​មន្ត្រី​ទំនាក់​ទំនង​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ លោក សន មគ្គិនថស្ស (Sean J. McItosh) ឆ្លើយ​បំភ្លឺ​ថា មន្ត្រី​ស្ថានទូត​ធ្វើការ​គោរព​ទៅ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន និង​គោរព​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា ការ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ទៅ​អ្នក​សុំ​គី​មិន​មែន​ជន​ឆបោក។ ចំពោះ​តម្លៃ​សេវា​ទិដ្ឋាការ ១៦០​ដុល្លារ  លោក​អធិប្បាយ​តាម​សារ​អេឡិចត្រូនិក​ថា នេះ​ជា​គោលការណ៍​សកល​របស់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​សម្រេច​ដំឡើង​ថ្លៃ​ទិដ្ឋាការ​ពី​ចំនួន ១៤០ ទៅ ១៦០ ដុល្លារ ដើម្បី​តម្រូវ​ទៅ​នឹង​សេចក្ដី​ត្រូវការ និង​ការ​រៀបចំ​ទុកដាក់​ឯកសារ និង​សេវា​ទិដ្ឋាការ។

តម្លៃ​ទិដ្ឋាការ​បារាំង ៧៥ ទៅ ៧៨​ដុល្លារ កាណាដា ៧៥​ដុល្លារ អូស្ត្រាលី ២០​ដុល្លារ។ តម្លៃ​ទិដ្ឋាការ​ដែល​ថោក​ជាង​គេ​ទិដ្ឋាការ​ទៅ​ប្រទេស​ជប៉ុន គឺ​តម្លៃ​ត្រឹម​តែ ៣​ម៉ឺន​រៀល ហើយ​បើ​សម្ភាស​យក​ទិដ្ឋាការ​ធ្លាក់​ក៏​ស្ថានទូត​មិន​យក​ប្រាក់​ដែរ។

ស្រប​ពេល​នេះ​ដែរ ក៏​មាន​ពាក្យ​រិះគន់​មន្ត្រី​ស្ថានទូត​ផ្នែក​ការិយាល័យ​ទិដ្ឋាការ​ដែរ ដូច​ជា​ថា ស្ថានទូត​អាមេរិក មិន​រើស​បុគ្គលិក​ខ្មែរ​ធ្វើ​ការ​មាន​តែ​បុគ្គលិក​ជនជាតិ​អាមេរិក​ដែល​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ភាសា​ខ្មែរ​ពេល​សម្ភាសន៍។ ក៏​ប៉ុន្តែ​លោក សន មគ្គិនថស្ស ឆ្លើយ​ថា ស្ថានទូត​មាន​ទាំង​បុគ្គលិក​ខ្មែរ​ទាំង​អាមេរិក ធ្វើ​ការងារ​គ្រប់​គ្រាន់។ ម្យ៉ាង​វិញ​ទៀត ក្រុម​មន្ត្រី​ទាំង​នោះ​បាន​ទទួល​ការ​ហ្វឹកហាត់​ការងារ​យ៉ាង​ស្ទាត់​ជំនាញ​មុន​បញ្ជូន​មក​ធ្វើការ​នៅ​ទី​នេះ។

ចំពោះ​ការ​អះអាង​របស់​លោក សន មគ្គិនថស្ស ត្រូវ​បាន​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​​ការបរទេស​កម្ពុជា គាំទ្រ។

លោក​​បញ្ជាក់​​ថា រូប​លោក​ផ្ទាល់​​ត្រូវ​មន្ត្រី​ទូត​អាមេរិក​សម្ភាស​ពេល​ថ្មី​នេះ ពេល​លោក​អញ្ជើញ​ទៅ​អាមេរិក​ជា​ផ្លូវ​ការ​រដ្ឋ៖ «មិន​មែន​ដូច​​គេ​ត្អូញត្អែរ​​អ៊ីចឹង​ទេ គឺ​មាន​បុគ្គលិក​ខ្មែរ​ធ្វើ​ការ​នៅ​ហ្នឹង​ដែរ។ ជនជាតិ​បរទេស​មិន​មែន​ខ្មែរ​គេ​និយាយ​ភាសា​ខ្មែរ​ខ្ញុំ​អាច​ស្ដាប់​បាន។ ប៉ុន្តែ​ខ្លាច​​ខ្មែរ​ទៀត​​ស្ដាប់​មិន​បាន ហើយ​បទពិសោធន៍​មិន​យូរ​ពេក​ទេ ​ទើប​ថ្មី​ៗ​ប៉ុន្មាន​​ខែ​មុន​នេះ​ទេ។ ខ្ញុំ​បាន​ឃើញ​ដោយ​​​ផ្ទាល់ គឺ​មាន​បុគ្គលិក​ខ្មែរ​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង​ដែរ។ ខ្ញុំ​អត់​ដឹង​ថា អ្នក​ដទៃ​​ហ្នឹង​គេ​ជួប​ស្ថានភាព​ខុស​ពី​ខ្ញុំ ផ្សេង ខ្ញុំ​គ្មាន​យោបល់​ទេ។ តម្លៃ​ទិដ្ឋាការ​​ខ្ញុំ​អត់​ដឹង​ទេ​ ពីព្រោះ​កាល​គេ​ហៅ​ខ្ញុំ​ទៅ​សម្ភាសន៍​ហ្នឹង គេ​អត់​បាន​ទារ​តម្លៃ​ទិដ្ឋាការ​ពី​ខ្ញុំ​ទេ។ ប្រហែល​​ជា​ខ្ញុំ​​ជា​មន្ត្រី​រាជការ​ដែល​ត្រូវ​គេ​អញ្ជើញ​ក៏​មិន​ដឹង​ដែរ»

តែ​​ប្រជាពលរដ្ឋ​ខ្លះ​បាន​បន្លុយ​ពាក្យ​ថា មន្ត្រី​ស្ថានទូត​អាមេរិក ពិត​ជា​ទទួល​រាក់​ទាក់​លោក កុយ គួង ដូច្នេះ​​ពិត​មែន​ហើយ ព្រោះ​លោក កុយ គួង ជា​មន្ត្រី​រាជការ​មាន​មុខ​មាត់​មួយ​រូប ហើយ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​អញ្ជើញ​ទៅ​ទៀត វា​ពិត​ជា​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ។

គេ​នៅ​ចាំ​បាន​ថា ស្ថានទូត​អាមេរិក​បាន​បិទ​ទ្វារ​ការិយាល័យ​ទិដ្ឋាការ​ម្ដង​រួច​មក​ហើយ ហើយ​បាន​បណ្ដេញ​បុគ្គលិក​ខ្មែរ​បម្រើការ​ផ្នែក​ការិយាល័យ​ទិដ្ឋាការ ៣​នាក់ ទាក់​ទង​រឿង​អាស្រូវ​ផ្ដល់​ទិដ្ឋាការ​មិន​ប្រក្រតី​នៅ​ឆ្នាំ​២០០២។ ពេល​នោះ អ្នក​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​បាងកក ប្រទេស​ថៃ។

ប្រភព​ដែល​ដឹង​រឿង​នេះ បាន​រំលឹក​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា អំពើ​ពុករលួយ​នោះ​បាន​ប៉ះពាល់​​កិត្តិយស​ខ្មែរ​យ៉ាង​ខ្លាំង ដោយសារ​ការ​ផ្ដល់​ទិដ្ឋាការ​កាល​នោះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ រួម​ទាំង​មន្ត្រី​រាជការ​មួយ​ចំនួន​ដែល​ឆបោក ព្រោះ​ពួក​គេ​លាក់​ខ្លួន​សម្ងំ​រស់​នៅ​អាមេរិក មិន​វិល​មក​ស្រុក​វិញ៖ «ខ្ញុំ​ស្គាល់​ខាង​សម្ដែង​សាលា​វិចិត្រ​សិល្បៈ កូន​សិស្ស​វិចិត្រ​សិល្បៈ​មួយ​ចំនួន​ទៅ​សម្ដែង រួច​នៅ​ហ្នឹង ហើយ​មាន​មន្ត្រី​ច្រើន​ទៅ​ហើយ​អត់​មក​វិញ​ក៏​មាន​ដែរ។ កាល​ហ្នឹង​សម្បូរ​អ្នក​អាច​មាន​​លទ្ធភាព​គេច​ទៅ​ហ្នឹង​បាន​ច្រើន»

ប្រភព​ខ្លះ​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ មាន​គំនិត​ចង់​ទៅ​រស់​នៅ​ប្រទេស​អាមេរិក ​ព្រោះ​យល់​ថា អាមេរិក​ជា​ប្រទេស​អ្នក​មាន ស្រួល​រស់​នៅ​។ ដូច្នេះ​ហើយ​ទើប​មាន​ខ្មែរ​ខ្លះ​ព្យាយាម​ទៅ​ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​ដើម្បី​ទៅ​រស់​នៅ​ប្រទេស​អាមេរិក។

បើ​ទោះ​បី​ជា​មាន​អ្នក​រិះគន់​យ៉ាង​ណា​ក្ដី ក៏​មាន​អ្នក​ដែល​បាន​ទទួល​ទិដ្ឋាការ​ទៅ​អាមេរិក កោត​សរសើរ​គោលនយោបាយ​ស្ថានទូត​អាមេរិក ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​នា​បច្ចុប្បន្ន​នេះ​ច្រើន​ដែរ។

លោក សាន សេដ្ឋា ប្រជាពលរដ្ឋ​រស់​នៅ​ភ្នំពេញ ដែល​ដឹង​រឿង​អ្នក​ក្លែង​បន្លំ​មន្ត្រី​ស្ថានទូត​អាមេរិក​កន្លង​មក បាន​សំណូមពរ​ឲ្យ​មន្ត្រី​ស្ថានទូត​ដែល​ធ្វើ​ការ​ទាក់ទង​ការ​ផ្ដល់​ទិដ្ឋាការ​ទាំង​អន្តោប្រវេសន៍ និង​ទិដ្ឋាការ​មិន​មែន​អន្តោ​ប្រវេសន៍ ឲ្យ​ផ្ដល់​ចំ​ជន​ដែល​ត្រូវ​ការ​ទិដ្ឋាការ​ពិត​ប្រាកដ​ជា​ជាង​ផ្ដល់​ឲ្យ​ជន​ឆបោក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មោទនភាព​ជាតិ​ខ្មែរ​ដែរ។

តួលេខ​ស្ថានទូត​អាមេរិក​បង្ហាញ​ថា ស្ថានទូត​អាមេរិក​បាន​ផ្ដល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​មិន​មែន​អន្តោប្រវេសន៍​ទៅ​អាមេរិក ចំនួន ៣.៤៤៣​នាក់ នៅ​ឆ្នាំ​២០០៩ និង ៣.៥១៣​នាក់ ក្នុង​ឆ្នាំ​២០១០។

ចំពោះ​សំណួរ​របស់​អ្នក​សុំ​ទិដ្ឋាការ​មិន​មែន​អន្តោប្រវេសន៍​ខ្លះ​ថា តើ​គាត់​​ត្រូវ​មាន​ឯកសារ​អ្វី​ខ្លះ​ទើប​ស្ថានទូត​ផ្ដល់​ទិដ្ឋាការ​ជូន?

លោក សន មគ្គិនថស្ស ឆ្លើយ​ថា គឺ​មាន ៥​ចំណុច។ ចំណុច​ទី​១ អ្នក​ដាក់​ពាក្យសុំ​គឺ​ជា​អ្នក​មានបំណង​ទៅ​លេង ធ្វើ​ជំនួញ ឬ​ព្យាបាល​សុខភាព។ ចំណុច​ទី​២ គឺ​ត្រូវ​បញ្ជាក់​ពេលវេលា​ស្នាក់​នៅ​ច្បាស់​លាស់។ ទី​៣ ត្រូវ​មាន​ភស្តុតាង​បញ្ជាក់​អំពី​មូលនិធិ ឬ​ប្រាក់​ចំណាយ​នៅ​ពេល​ស្នាក់​នៅ​អាមេរិក។ ទី​៤ ត្រូវ​មាន​ភស្តុតាង​បញ្ជាក់​អំពី​ចំណង​ទាក់​ទង​សង្គម និង​សេដ្ឋកិច្ច​នៅ​បរទេស។ ទី​៥ ត្រូវ​មាន​លំនៅឋាន​ក្រៅ​ប្រទេស​អាមេរិក រួម​ទាំង​មាន​ចំណង​ទាក់ទង​ធានា​ថា ពួក​គាត់​ពិត​ជា​ត្រឡប់​វិញ​បន្ទាប់​ពី​បាន​​ស្នាក់​នៅ​ប្រទេស​អាមេរិក​រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី Phnom Penh

Why is it hard for Cambodian? It is easy for rich people or Government officers to apply for Visa but it is hard for poor or medium people. Why not fair? USA is the democratic country but judge the interview not fair? If people fail during interview, should pay them back the money. You know some people take all their properties to do that. Why? Because they want to meet their family or live with his wife or her husband. They love each other, not cheating but it is true. Why not allow them to meet each other? You know the feeling of people who miss his family or wife/husband? I think you also have wife or husband or lovely family but you also have more reasons to make them fail. I know USA like only rich people. I am a Cambodian people, I am sad for that. No fair in the world!!! I need fair and possible solution. If some people fraud or cheat, please make them fail during interview but if they have enough documents and evidences, you still make them fail; I hate for that.

Thanks

Jul 08, 2012 02:12 AM

Nick

Don't feel bad about it. Just bear in mind that us is not Cambodia. I gave up my life when I decided to across the border to Thailand. Luckily I reached my goal to arrive in US. If you want it, don't give up, but you must do the right thing and the right way and US will give a free ride. Just do it! and don't complain.

Jul 08, 2012 07:56 AM

អ្នក​អាន​អនាមិក

ពី U.S.A.

បើខ្លាចបង់ខាត​ ១៦០ ដុល្លារ សុំកុំទៅជួប ទូត​ ឲ្សសោះ
ពេលមកដល់ អាមេរិក​ សង្ឃឹមថានឹងត្រូវចាយច្រើនជាង ១៦០ដុល្លារទៀតផង......

Jul 07, 2012 03:29 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

I am agree with that. I hate like so much...

Jul 06, 2012 02:21 AM

Nick

គ្រប់​ទី​កន្លែង​ធ្វើ​ការ​របស់​អាមេរីក​គឺ​គ្មាន​កន្លែង​សូកប៉ាន់។​អ្នក​ឯង​ធ្វើ​ត្រូវ​អ្នក​ឯង​ជាប់។​វា​ជា​វិនយ័​របស់​អាមេរីក​គឺ​ផ្ដល់​ការ​បម្រើ​ដល់​មនុស្ស​គ្រប់​គ្នា​ដូច​គ្នា​ដោយ​មិន​រើសអើង។​ខ្ញុំ​បាន​ឆ្លង​កាត់​ការ​នោះ។​អ្នក​នឹង​បាន​អី​ដែល​អ្នក​ចង់​បាន​នៅ​ពេល​អ្នក​ធ្វើ​អី​ត្រឹម​ត្រូវ​តាម​តម្រា។

Jul 06, 2012 01:06 AM

អ្នក​អាន​អនាមិក

Rich Khmers in Cambodia who came to the States via fake marriages are abundant here in long Beach. They paid lots of money for fake marriages. I support the US embassy to their best jobs in screening out fake applicants.

Jul 06, 2012 12:43 AM

មើល​មតិ​ទាំង​អស់.