មូលហេតុនៃការពុំទាន់ទទួលបានប្លង់ដី ដោយសារតែគ្រួសារទាំងនោះមានដីទំហំលើសពី ១០ហិកតារ។
ក្រុមអ្នកភូមិជាច្រើនគ្រួសារ នៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កំពុងមានការព្រួយបារម្ភ ដោយសារតែការខកខានមិនបានទទួលប្លង់ដីកាន់កាប់ស្របច្បាប់ នៅគ្រាដែលប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារបានទទួលប្លង់កាន់កាប់ដីស្របច្បាប់រួចរាល់ហើយនោះ។
អ្នកភូមិបន្ទាយឆ្មារលិច ឈ្មោះ ហឿង លក្ខិណា អាយុ ៤៥ឆ្នាំ បានថ្លែងនៅថ្ងៃទី៧ ខែធ្នូ ថា ដីស្រែចម្ការជាច្រើនរយហិកតាររបស់អ្នកភូមិចំនួនជាង ៤០គ្រួសារ ត្រូវបានគណៈកម្មការគ្រប់គ្រងដីរដ្ឋ និងក្រុមនិស្សិតបានចុះទៅវាស់វែងចេញបង្កាន់ដៃដីកាន់កាប់រួចរាល់ហើយ។
នៅថ្ងៃទី៣០ ខែវិច្ឆិកា មានប្រជាពលរដ្ឋចំនួន ១០គ្រួសារ ជាតំណាងអ្នកភូមិបានចូលទៅផ្ដិតមេដៃទទួលប័ណ្ណ ដើម្បីទៅទទួលប្លង់ដីដែលគេនឹងរៀបចំចែកជូននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២៖ «ថ្ងៃទី១ បងប្អូនដែលទៅដាក់សលាកបត្រប្ដូរយកប្លង់កម្មសិទ្ធិហ្នឹង ហើយអ្នកខ្លះក៏អ្នកខ្លះដីធំទៅ ក៏អត់បានដីធំលើសពី ១០ហិកតារ អត់ចេញ ក្រោម ១០ហិកតារបាន។ សួរក្រុមការងារចែកប័ណ្ណ វាអត់ឃើញសន្លឹកប័ណ្ណហ្នឹងមក ព្រោះដីយើងវាធំលើសពី ១០ហិកតារ វាលើសពីច្បាប់កំណត់ ច្បាប់កំណត់ឲ្យចេញក្រោម ១០ហិកតារ ឬក៏ ១០ហិកតារ»។
អ្នកភូមិចំនួនជាង ៤០គ្រួសារនោះ គឺជាអ្នកមានដីស្រែចម្ការទំហំធំលើសពី ១០ហិកតារ។ ប្រជាពលរដ្ឋខ្លះជាអ្នករស់នៅភូមិក្បាលទន្សោង ភូមិបន្ទាយឆ្មារលិច និងខ្លះទៀតជាអ្នកទៅពីខាងក្រៅភូមិ ក្នុងឃុំបន្ទាយឆ្មារ។
លោកស្រី ឆាំ សារួម អាយុ ៤២ឆ្នាំ បានបញ្ជាក់ថា លោកស្រីមានដីស្រែចម្ការទំហំជាង ២០ហិកតារ ត្រូវបានគេចុះវាស់វែងចេញបង្កាន់ដៃដីរួចហើយ រង់ចាំតែថ្ងៃទទួលប្លង់។ នៅថ្ងៃគេចុះចែកប្លង់ដីជូនអ្នកភូមិ ស្រាប់តែគេប្រាប់ថា ដីរបស់គាត់ទំហំធំលើសពីច្បាប់កំណត់៖ «ដីខ្ញុំមាន ២៩ហិកតារ ធ្វើប្លង់ហើយ តែវាអត់ចេញប្លង់រឹង ហើយគេថាចាំនៅពេលក្រោយ គេមកប្រាប់ខ្ញុំថាកាត់ទៅ ខ្ញុំមានប្លង់ជាប់ៗគ្នាដាក់ ១០ហិកតារ អត់ចេញដែរ កាត់បីប្លង់កាត់ទៅឲ្យកូន និងខ្លួនខ្ញុំពីរប្លង់ដែរ ម្ចាស់ដីចង់បានមានប្លង់នឹងគេ។ ចុះបើខ្ញុំបំបែក ហើយគេថាមិនចេញ ខ្ញុំចង់ថាបាននុះហើយ»។
លោក ឌី សុភ័ណ្ឌ មេភូមិបន្ទាយឆ្មារលិច ថ្លែងថា នៅក្នុងភូមិរបស់លោកមានប្រជាពលរដ្ឋចំនួន ១០គ្រួសារ នៅពុំទាន់ទទួលបានប្លង់ដីស្របច្បាប់ដូចគ្នា។ មូលហេតុដោយសារពួកគាត់មានដីស្រែចម្ការទំហំលើសពី ១០ហិកតារ ដែលគេមិនអាចចេញប្លង់ដីកាន់កាប់ឲ្យបាន៖ «គេថាចេញដែរ ប៉ុន្តែចាំក្រោយពួកខ្ញុំ គាត់មាន ១១ហិកតារកន្លះ ហើយបានកែអស់ហើយចេញ ៩ហិកតារ កាត់ទុក សួរគេថាម៉េចបានមិនចេញ គេថាចាំវគ្គពីរ វគ្គមួយនេះគេចេញបានតែ ១ពាន់ជាងទេ»។
មេឃុំបន្ទាយឆ្មារ លោក វ៉ែន សំអូន បានថ្លែងថា មានប្រជាពលរដ្ឋចំនួន ៤១គ្រួសារ នៅភូមិក្បាលទន្សោង នៅពុំទាន់ទទួលបានប្លង់ដីស្របច្បាប់ទេ ដោយសារចំនួនគ្រួសារនោះមានដីស្រែចម្ការទំហំធំលើសពី ១០ហិកតារ៖ «អាហ្នឹង បើយើងយោងលើអនុសាសន៍របស់សម្ដេច ដីលើសពី ១០ហិកតារ ទុកវាស់ដាក់ដោយដុំជាក្រោយ មិនមែនថាមិនបានប្លង់ទេ។ យើងនឹងចេញនៅពេលក្រោយ តែបើបងប្អូនបានបំបែកប្លង់ក្រោម ១០ហិកតារ គឺចេញឲ្យទាំងអស់ លើកលែងអ្នកដែលមានលើសពី ១០ហិកតារ ដែលមានចំនួន ៤០គ្រួសារហ្នឹង គឺទុកដាក់ដោយដុំអាហ្នឹង ដោយសារពួកគាត់មិនបានបំបែក។ គាត់អាងថាឲ្យទៅកូនភ័យខ្លាចកូនយកទៅឲ្យទៅប្អូនខ្លាចប្អូនយក អ៊ីចឹងគាត់អោបដល់ពេលចេញប្លង់មកអត់បានទេ ទុកដាក់ដោយដុំនៅពេលក្រោយ»។
នៅស្រុកថ្មពួក មានប្រជាពលរដ្ឋចំនួនជាង ៣ពាន់គ្រួសារទទួលបានប្លង់ដីស្រប់ច្បាប់ ចំណែកឯប្រជាពលរដ្ឋចំនួនជាង ៤០គ្រួសារ ដែលមានដីទំហំធំលើសពី ១០ហិកតារ នៅមិនទាន់ដឹងថាគណៈកម្មការគ្រប់គ្រងដីរដ្ឋ នឹងរៀបចំចេញប្លង់កម្មសិទ្ធិស្របច្បាប់ឲ្យពួកគាត់នៅពេលណាជាក់លាក់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។