នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ លោក ខៀវ សាម៉ន មានប្រសាសន៍ថា សមត្ថកិច្ចត្រៀមបញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះ ចាន់ ឫទ្ធីឌី ជាឧត្តមសេនីយ៍ទោ មានឋានៈជានាយរងសេនាធិការកងទ័ពជើងគោក ក្រសួងការពារជាតិ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែសីហា។ លោកបន្តថា យុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលមានជនសង្ស័យជាមន្ត្រីយោធាជាន់ខ្ពស់នេះ សមត្ថកិច្ចធ្វើការប្រយ័ត្នប្រយែងបំផុត។
លោកបន្ថែមថា មកដល់ពេលនេះសមត្ថកិច្ចជំនាញចាប់ខ្លួនជនសង្ស័យក្នុងសំណុំរឿងគ្រឿងញៀនដ៏ធំមួយនេះ បានចំនួន៤នាក់ និងវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកជាដើម បានជិត៥គីឡូក្រាម ឬគិតជាប្រាក់ប្រមាណ២៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោក ខៀវ សាម៉ន៖ «វត្ថុតាង គឺរឹបអូសបានថ្នាំញៀនប្រភេទមេតាំហ្វេតាមីនគ្រាប់ សញ្ញាឌុបឡឺវ៉េ.អ៊ីការិច (WY) ជិត៤គីឡូ គឺ៣គីឡូ៧ខាំជាង និងថ្នាំញៀនមេតាំហ្វេតាមីន ឬម៉ាទឹកកក គឺមានចំនួនជិត១គីឡូ។ សរុបទាំងអស់គឺ ៤គីឡូ៧ខាំជាង»។
លោក ខៀវ សាម៉ន បានបន្តថា សំណុំរឿងគ្រឿងញៀននេះ សមត្ថកិច្ចជំនាញបានស៊ើបអង្កេត និងតាមដានជាច្រើនឆ្នាំ ទើបអាចបង្ក្រាបបានជោគជ័យ។ លោកបន្តថា សំណុំរឿងគ្រឿងញៀននេះ សមត្ថកិច្ចនឹងបន្តស៊ើបអង្កេតបន្តទៀត ដើម្បីស្វែងរកបក្ខពួកជនសង្ស័យ៖ «យើងចាប់បានចំពោះតែមេខ្លោងដែលជាអ្នកឃុបឃិតក្នុងការលក់ ទិញ ជាមួយក្រុមទាំងអស់នេះ គឺចាប់បាន៣នាក់។ ប៉ុន្តែ មានម្នាក់របៀបជាអង្គរក្ស ឬអ្នកយាមផ្ទះរបស់ឈ្មោះ ចាន់ ឫទ្ធីឌី ទាំងអស់ចំនួន៤នាក់»។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ សមត្ថកិច្ចចម្រុះ ដឹកនាំដោយមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន និងមានព្រះរាជអាជ្ញារងតុលាការ លោក គី ប៊ុណ្ណារ៉ា បានចុះបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀន១កន្លែង នៅភូមិគ្រឹះមន្ត្រីយោធាពាក់ផ្កាយពីរម្នាក់ នៅភូមិគ្រឹះលេខ៤៤ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុទ្ធនាការនោះ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ចាន់ ឫទ្ធីឌី ជាឧត្តមសេនីយ៍ទោ មានឋានៈជានាយរងសេនាធិការកងទ័ពជើងគោក និងរកឃើញថ្នាំញៀនជិត៥គីឡូក្រាម។
ទាក់ទងបញ្ហានេះ លោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងតុលាការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជួញដូរគ្រឿងញៀននេះ ប៉ូលិសមិនទាន់បញ្ជូនមកដល់ដៃតុលាការនៅឡើយទេ។ ប៉ុន្តែលោកថា សំណុំរឿងនេះមុននឹងអាចធ្វើប្រតិបត្តិការចុះឆែកឆេរភូមិគ្រឹះដែលសង្ស័យថាស្ដុក និងសម្រាប់ចែកចាយគ្រឿងញៀន កម្លាំងជំនាញបានចំណាយពេលស៊ើបអង្កេត និងតាមដានជាច្រើនឆ្នាំ ទើបបង្ក្រាបបានជោគជ័យ៖ «ប៉ូលិសមិនទាន់បញ្ជូនមកតុលាការទេ គឺកំពុងសាកសួរ។ ខ្ញុំមិនទាន់និយាយទេ ព្រោះប៉ូលិសកំពុងស៊ើបអង្កេតនៅឡើយសំណុំរឿងនេះ»។
ទោះយ៉ាងណា លោក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីគ្រឿងញៀននេះ សមត្ថកិច្ចមិនទាន់បញ្ចេញរបាយការណ៍ជាសាធារណៈទេ ព្រោះប្រតិបត្តិការនេះ មន្ត្រីជំនាញកំពុងស្រាវជ្រាវរកទីតាំងពាក់ព័ន្ធ និងបក្ខពួកជនសង្ស័យ មុនបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធីនៃច្បាប់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងជនសង្ស័យជួញដូរគ្រឿងញៀន ឈ្មោះ ចាន់ ឫទ្ធីឌី ជាឧត្តមសេនីយ៍ទោ មានឋានៈជានាយរងសេនាធិការកងទ័ពជើងគោក នៃក្រសួងការពារជាតិបានទេ នៅរសៀលថ្ងៃទី២៧ ខែសីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។