កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញមកពីប្រទេសសមាជិកអាស៊ាន ប្រទេសជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB=អេឌីប៊ី)។
ផែនការមេដែលមន្ត្រីជំនាញ បានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនោះ មានដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រាប់ទាំងជើងទឹក ជើងគោក និងជើងអាកាស នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានចំនួន១០ នៅឆ្នាំ២០១៥។
ក្រៅពីនេះ ផែនការមេនោះ ក៏នឹងតភ្ជាប់ដែរនូវវប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច តភ្ជាប់រវាងស្ថាប័នរដ្ឋ និងស្ថាប័នរដ្ឋ ព្រមទាំងប្រជាជន និងប្រជាជន ឲ្យយល់ដឹងអំពីសង្គម វប្បធម៌ និងការអប់រំ នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាននោះ។
ប្រទេសកម្ពុជា គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីអនុញ្ញាតឲ្យមានលំហូរពលករជំនាញ ទៅវិញទៅមក នាពេលខាងមុខនេះ ប៉ុន្តែពេលវេលានៅមិនទាន់បានកំណត់នៅឡើយ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ប្រទេសសមាជិកអាស៊ានទាំង១០ប្រទេស នឹងក្លាយជាគ្រួសារតែមួយ នៅឆ្នាំ២០១៥ ខាងមុខ៖ «ការកសាងសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ចាំបាច់ត្រូវតែមានការតភ្ជាប់អាស៊ាន តភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធរឹង ទាំងហេដ្ឋារចនាសម្ព័ន្ធទន់ គឺមានន័យថា ព័ត៌មានវិទ្យា ព្រមទាំងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ព្រមទាំងស្ថាប័ន។ យើងធ្វើយ៉ាងណា ឲ្យអាស៊ានទៅជាសហគមន៍តែមួយ»។
ទាក់ទងនឹងផែនការមេ ក្នុងការបង្កើតសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ នោះដែរ អគ្គលេខាធិការអាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ បានមានប្រសាសន៍តាមរយៈសុន្ទរកថាថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន គឺជាគន្លឹះឆ្ពោះទៅកាន់ការលូតលាស់សេដ្ឋកិច្ច និងការអភិវឌ្ឍរយៈពេលវែងនៅក្នុងតំបន់។
លោកបន្តថា អាស៊ានគឺជាទីផ្សារដ៏ធំមួយ ដែលមានប្រជាជនចំនួនជាង៦០០លាននាក់ ដែលទាក់ទាញវិនិយោគទុនបរទេសថែមទៀត និងជាមូលដ្ឋានរឹងមាំ សម្រាប់ការលូតលាស់សេដ្ឋកិច្ចនៅថ្ងៃអនាគត។
អ្នកឯកទេសដែលបានសិក្សាអំពីផែនការមេ ដើម្បីតភ្ជាប់អាស៊ាន ឲ្យក្លាយជាសហគមន៍តែមួយនោះ បានវាយតម្លៃថា អាស៊ានត្រូវការចំណាយថវិកាចំនួន៦០០ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល១០ឆ្នាំទៀត ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។