លោក ហោ ណាំហុង៖ សមាជិក​អាស៊ាន​ទាំង​១០​នឹង​ក្លាយ​ជា​គ្រួសារ​តែ​មួយ

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា បាន​បើក​កិច្ច​ប្រជុំ​សំខាន់​មួយ ផ្ដោត​លើ​ផែនការ​មេ ដើម្បី​ត​ភ្ជាប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​១០ ឲ្យ​ក្លាយ​ជា​សហគមន៍​អាស៊ាន​តែ​មួយ នៅ​ឆ្នាំ​២០១៥។

0:00 / 0:00

កិច្ច​ប្រជុំ​នេះ​មាន​រយៈពេល​២ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​មក​ពី​ប្រទេស​សមាជិក​អាស៊ាន ប្រទេស​ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB=អេឌីប៊ី)។

ផែនការ​មេ​ដែល​មន្ត្រី​ជំនាញ បាន​លើក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ មាន​ដូច​ជា​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ រាប់​ទាំង​ជើង​ទឹក ជើង​គោក និង​ជើង​អាកាស នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០ នៅ​ឆ្នាំ​២០១៥។

ក្រៅ​ពី​នេះ ផែនការ​មេ​នោះ ក៏​នឹង​តភ្ជាប់​ដែរ​នូវ​វប្បធម៌ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច តភ្ជាប់​រវាង​ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​រដ្ឋ ព្រម​ទាំង​ប្រជាជន និង​ប្រជាជន ឲ្យ​យល់​ដឹង​អំពី​សង្គម វប្បធម៌ និង​ការ​អប់រំ នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​នោះ។

ប្រទេស​កម្ពុជា គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត ដើម្បី​អនុញ្ញាត​ឲ្យ​មាន​លំហូរ​ពលករ​ជំនាញ ទៅ​វិញ​ទៅ​មក នា​ពេល​ខាង​មុខ​នេះ ប៉ុន្តែ​ពេល​វេលា​នៅ​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស នឹង​ក្លាយ​ជា​គ្រួសារ​តែ​មួយ នៅ​ឆ្នាំ​២០១៥ ខាង​មុខ៖ «ការ​កសាង​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ចាំបាច់​ត្រូវ​តែ​មាន​ការ​តភ្ជាប់​អាស៊ាន តភ្ជាប់​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រឹង ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ គឺ​មាន​ន័យ​ថា ព័ត៌មាន​វិទ្យា ព្រម​ទាំង​ការ​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន ព្រម​ទាំង​ស្ថាប័ន។ យើង​ធ្វើ​យ៉ាង​ណា ឲ្យ​អាស៊ាន​ទៅ​ជា​សហគមន៍​តែ​មួយ»

ទាក់​ទង​នឹង​ផែនការ​មេ ក្នុង​ការ​បង្កើត​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥ នោះ​ដែរ អគ្គលេខាធិការ​អាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ បាន​មាន​ប្រសាសន៍​តាម​រយៈ​សុន្ទរកថា​ថា ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ាន គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​ការ​លូត​លាស់​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​រយៈពេល​វែង​នៅ​ក្នុង​តំបន់។

លោក​បន្ត​ថា អាស៊ាន​គឺ​ជា​ទីផ្សារ​ដ៏​ធំ​មួយ ដែល​មាន​ប្រជាជន​ចំនួន​ជាង​៦០០​លាន​នាក់ ដែល​ទាក់​ទាញ​វិនិយោគទុន​បរទេស​ថែម​ទៀត និង​ជា​មូលដ្ឋាន​រឹងមាំ សម្រាប់​ការ​លូត​លាស់​សេដ្ឋកិច្ច​នៅ​ថ្ងៃ​អនាគត។

អ្នក​ឯកទេស​ដែល​បាន​សិក្សា​អំពី​ផែនការ​មេ ដើម្បី​តភ្ជាប់​អាស៊ាន ឲ្យ​ក្លាយ​ជា​សហគមន៍​តែ​មួយ​នោះ បាន​វាយ​តម្លៃ​ថា អាស៊ាន​ត្រូវ​ការ​ចំណាយ​ថវិកា​ចំនួន​៦០០​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​១០ឆ្នាំ​ទៀត ដើម្បី​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។