នៅក្នុងកិច្ចជួបប្រជុំនោះ ក្រុមបណ្ដាប្រទេសអាស៊ានខ្លះ បានចាប់ផ្ដើមឈានទៅរកការពង្រីកភាពជាដៃគូជាមួយបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ច។
តើប្រទេសកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសអាស៊ានដែរនោះ នឹងចូលជាសមាជិកនៃប្រទេសជាដៃគូពិភាក្សាសេដ្ឋកិច្ចក្រៅតំបន់ដែរ ឬទេ?
ប្រមុខនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ បានឱ្យដឹងថា ក្រុមប្រទេសជាដៃគូពិភាក្សាផ្នែកសេដ្ឋកិច្ច បានចាត់ទុកប្រទេសអាស៊ានទាំង១០ គឺជាស្នូលដើម្បីឈានទៅរកការបង្កើតរចនាសម្ព័ន្ធធនធានថ្នាក់តំបន់មួយ ជួយដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ លោកបានមានប្រសាសន៍កាលពីល្ងាចថ្ងៃសុក្រ ទី៣១ ខែសីហា ថា ក្នុងការជួបប្រជុំគ្នាជាច្រើនថ្ងៃមកនេះ ប្រទេសដែលជាសមាជិកអាស៊ានមួយចំនួន នឹងឈានទៅរកការពង្រីកដៃគូពិភាក្សាផ្នែកសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសផ្សេងទៀតនៅក្រៅតំបន់ ដើម្បីជួយដល់សេដ្ឋកិច្ចរបស់គេឱ្យរឹងមាំ។
លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ទៀតថា ប្រទេសអាស៊ានមួយចំនួន អាចនឹងចូលរួមនៅក្នុងភាពជាដៃគូពិភាក្សាសេដ្ឋកិច្ច ដែលបានផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិក ដោយមានកម្រិតស្តង់ដារខ្ពស់មួយ។ ក៏ប៉ុន្តែ ប្រទេសខ្លះអាចនឹងមិនទាន់ចូលរួមនៅឡើយ។ ចំណែកប្រទេសកម្ពុជា នៅមិនទាន់បានគិតទៅដល់ការចូលជាសមាជិកនៃប្រទេសជាដៃគូពិភាក្សាផ្នែកសេដ្ឋកិច្ចក្រៅតំបន់នោះទេ។
លោក ចម ប្រសិទ្ធ៖ «ដៃគូសេដ្ឋកិច្ចនៅក្នុងតំបន់ និងប្រើប្រាស់អាស៊ាន ធ្វើជាស្នូលកណ្ដាលនៃការឈានទៅរកការបង្កើតរចនាសម្ព័ន្ធធនធានថ្នាក់តំបន់មួយ ក្នុងការជួយដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ បញ្ហានេះវានឹងមានទំនាក់ទំនងរវាងបណ្ដាប្រទេសអាស៊ានទាំង១០ បូកជាមួយប្រទេសចិន កូរ៉េ ជប៉ុន អូស្ត្រាលី ណូវែលហ្សេឡង់ ហើយនិងឥណ្ឌា»។
លោក សុរិន ពិតសុវណ្ណ ជាអគ្គលេខាធិការនៃសមាគមអាស៊ាន បានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ ដែលមានរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសកម្ពុជា ធ្វើជាប្រធាននោះថា គឺបាននាំមកនូវភាពលូតលាស់ជាច្រើន សម្រាប់បណ្ដាប្រទេសអាស៊ាន។ លោក សុរិន ពិតសុវណ្ណ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាសមាជិកក្មេងខ្ចីមួយនៅក្នុងសមាគមអាស៊ាន ក៏ប៉ុន្តែ កម្ពុជាបានចែកចាយនូវការរីកលូតលាស់យ៉ាងច្រើនសម្រាប់អាស៊ាន។
ក្នុងការប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ នេះ គេមើលឃើញថា ប្រទេសក្រៅតំបន់មានការចាប់អារម្មណ៍ខ្លាំងទៅលើតំបន់ទីផ្សារពាណិជ្ជកម្មសេរីអាស៊ាន។
សហរដ្ឋអាមេរិក បានសម្លឹងឃើញថា តំបន់អាស៊ាន គឺជាកូនសោ និងជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលមានយុទ្ធសាស្ត្រសេដ្ឋកិច្ច ហើយសហរដ្ឋអាមេរិក នឹងចូលរួមពាក់ព័ន្ធជាមួយសេដ្ឋកិច្ចរបស់អាស៊ាន បន្ត នៅក្នុងរយៈពេលពី២០ទៅ៣០ឆ្នាំខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។