ពួកគេចាប់ផ្ដើមបើកសមាជប្រជាជនអាស៊ាន ជាលើកដំបូងនៅកម្ពុជា ដែលជាការចាប់ផ្ដើមយុទ្ធនាការទាមទារអោយមេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន យកចិត្តទុកដាក់ចំពោះបញ្ហាដែលពួកគេជួបប្រទះ និងបង្កការលំបាកដល់ជីវភាពរស់នៅរបស់ពួកគេ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើរំលោភសិទ្ធិមនុស្សក្នុងប្រទេសជាសមាជិកអាស៊ាន ចាប់ផ្ដើមយុទ្ធនាការរួមគ្នានៅក្នុងរាជធានីភ្នំពេញនៅមុនកិច្ចប្រជុំកំពូលអាស៊ាន គោលដៅជំរុញអោយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកើតមានពិតប្រាកដនៅអាស៊ាន។
អគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំអ៊ន ដែលជាអ្នកសម្របសម្រួលសមាជប្រជាជនអាស៊ាន មានប្រសាសន៍ថា យុទ្ធនាការនេះមានរយៈពេល ៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៣ ខែវិច្ឆិកា។ លោកបន្តថា ពួកគេមានគោលបំណងចងក្រងតម្រូវការរបស់ពលរដ្ឋដែលមានបញ្ហាការរំលោភសិទ្ធិ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា។
សមាជប្រជាជនអាស៊ាន ត្រូវបានបង្កើតឡើងដោយបណ្ដាញពហុវិស័យនៅកម្ពុជា និងក្នុងតំបន់។ ពួកគេជាកសិករ អ្នកនេសាទ សកម្មជនព្រៃឈើ សកម្មជនដីធ្លី ប្រជាជនទីទាល់ក្រ សកម្មជនបញ្ហាស្ត្រី សកម្មជនពលកម្ម អ្នករកស៊ីផ្លូវភេទ យុវវ័យ សកម្មជនដែលប្រឆាំងនឹងការដេញចេញ សកម្មជនដែលប្រឆាំងនឹងមូលធននិយម សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នា សិល្បករ ជាដើម។
តំណាងបណ្ដាញពលរដ្ឋរស់នៅក្នុងតំបន់មិនរៀបរយក្នុងប្រទេសថៃ អ្នកស្រី ប្រាទីន មេកាវ៉ាកយ៉ាណុន (Pratin Wekawakyanon) ដែលបានចូលរួមសមាជ បានអោយដឹងថា អ្នកស្រីរំពឹងទុកថា សមាគមអាស៊ាននឹងជួយពួកគាត់ដែលជាអ្នកក្រីក្រ ទទួលបានសិទ្ធិរស់នៅពេញលេញ ដោយអន្តរាគមន៍ទៅរដ្ឋាភិបាលអោយដោះស្រាយផ្ដល់ដីធ្លីដែលអាចអោយពួកគាត់បានរស់នៅសមរម្យមុនពេលបណ្ដេញចេញ។
ទាក់ទិននឹងគម្រោងដាក់ញត្តិរបស់ប្រជាពលរដ្ឋទាំងនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សកម្មភាពពលរដ្ឋក្នុងការទាមទារផ្សេងៗ គឺបង្ហាញថា កម្ពុជា មានដំណើរការល្អក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
បើទោះជាយ៉ាងណា អ្នកសម្របសម្រួលកម្មវិធីបញ្ជាក់ថា មានការលំបាកមួយចំនួនបានកើតឡើងនៅពេលដែលប្រជាពលរដ្ឋបានចាប់ផ្ដើមសមាជរបស់ពួកគេនៅក្នុងភោជនីយដ្ឋានស្ទឹងមាស ដូចជាការផ្ដាច់ចរន្តអគ្គិសនី ដែលពុំអាចអោយពួកគេអាចពិភាក្សាបានងាយស្រួល ដោយអាជ្ញាធរសង្កាត់បានទាមទារអោយពួកគេត្រូវពិភាក្សាដោយស្ងប់ស្ងៀមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។