កិច្ច​ប្រជុំ​អាស៊ាន​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​ពី​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន លើក​ទី​៤៥ និង​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន ព្រម​ទាំង​កិច្ច​ប្រជុំ​សំខាន់ៗ​មួយ​ចំនួន​ទៀត នៅ​ទីក្រុង​ភ្នំពេញ បាន​ឈាន​ដល់​ថ្ងៃ​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ឯ​វិមាន​សន្តិភាព។
ដោយ សុខ សេរី
2012-07-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
វេទិកា​តំបន់​អាស៊ាន​លើក​ទី​១៩ ៣០៥
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក ចូល​រួម​ក្នុង​វេទិកា​តំបន់​អាស៊ាន​លើក​ទី​១៩ និង​ធ្វើ​សន្និសីទ​កាសែត នៅ​ឯ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២។
RFA/Sok Serey

ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​ទាំង​នោះ មាន​អស់​រយៈពេល​១​សប្ដាហ៍ និង​ស្ថិត​នៅ​ក្រោម​កិច្ច​ការពារ​សន្តិសុខ និង​សុវត្ថិភាព​យ៉ាង​ម៉ត់ចត់ និង​ជោគជ័យ។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧប​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ប្រកាស​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នោះ​បាន​ទេ ដោយ​សារ​តែ​ប្រទេស​សមាជិក​អាស៊ាន មួយ​ចំនួន​មិន​ទាន់​បាន​ចុះ​សម្រុង​គ្នា លើ​ការ​ដោះស្រាយ​នៃ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង (South China Sea)។

ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​កំពុង​តែ​មាន​ជម្លោះ​តានតឹង ដណ្ដើម​កាន់​កាប់​ប្រជុំ​កោះ​ស្ត្រាតលី (Spratly) និង​កោះ​ប៉ារ៉ាសែល (Paracel) ជាមួយ​ប្រទេស​ចិន (China) នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ មាន​ដូច​ជា​ប្រទេស​វៀតណាម (Vietnam) ហ្វីលីពីន (Philippines) ម៉ាឡេស៊ី(Malaysia) និង​ប្រទេស​ប្រ៊ុយណេ (Brunei)។ ប៉ុន្តែ​កន្លង​មក ប្រទេស​ហ្វីលីពីន និង​វៀតណាម បាន​ប្រឈម​មុខ​ជាមួយ​ប្រទេស​ចិន ខ្លាំង​ជាង​គេ។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​វិមាន​សន្តិភាព​ថា ប្រទេស​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន កំពុង​តែ​យក​បញ្ហា​ជម្លោះ​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​នោះ មក​ធ្វើ​ជា​ចំណាប់​ខ្មាំង មិន​ឲ្យ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នោះ​បាន នៅ​ថ្ងៃ​បញ្ចប់​នៃ​កិច្ច​ប្រជុំ៖ «នៅ​កន្លែង​នេះ គឺ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស វា​មិន​មែន​ជា​តុលាការ​កាត់​ក្តី​ឲ្យ​ភាគី​ជម្លោះ​ឲ្យ​អ្នក​ណា​ចាញ់ អ្នក​ណា​ឈ្នះ ដី​នេះ​របស់​អ្នក​ណា កោះ​នេះ​របស់​អ្នក​ណា ដែន​សមុទ្រ​នេះ​របស់​អ្នក​ណា។ ភាគី​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ អាច​ដោះស្រាយ​តាម ស៊ី.អូ.ស៊ី (COC) ដែល​ក្នុង​នោះ​មាន​ច្បាប់​អន្តរជាតិ ដែល​ក្នុង​នោះ​មាន​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ»

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​គ្រា​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ នេះ កម្ពុជា​បាន​ខិតខំ​ធ្វើ​សេចក្តី​ព្រាង នៃ​ក្រម​ប្រតិបត្តិ​ស្តី​ពី​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ស្ដី​ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា លោក​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​រឿង​បរាជ័យ​មួយ នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ឆ្នាំ​នេះ៖ «ហើយ​បរាជ័យ​នៅ​ប្រទេស​កម្ពុជា យើង​អាច​ឆ្លុះ​បញ្ចាំង​នូវ​អសមត្ថភាព​របស់​ប្រទេស​យើង ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​មាន​ការ​មូល​មាត់​គ្នា»

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន កន្លង​មក​នេះ ភាគី​ទាំង​អស់​បាន​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់ៗ​ចំនួន​ជាង ១៣០​ចំណុច គឺ​នៅ​សល់​តែ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ដែល​មិន​ត្រូវ​បាន​ឯកភាព​គ្នា​នៅ​ឡើយ។

កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​អាស៊ាន​នេះ ចង់​ឲ្យ​ភាគី​ជម្លោះ​នោះ​រក្សា​ទុក​បញ្ហា​នេះ​មួយ​ឡែក​សិន ដើម្បី​ដោះស្រាយ​បន្ត ហើយ​ចេញ​សេចក្តី​ថ្លែងការណ៍​សម្រេច​រួម​គ្នា​មួយ។

តែ​ទោះ​យ៉ាង​ណា លោក ហោ ណាំហុង បាន​បញ្ជាក់​ថា បញ្ហា​មិន​ចុះ​សម្រុង​គ្នា​នេះ គឺ​មិន​អាច​ប៉ះពាល់​ដល់​ផែនការ​បង្កើត​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥ នោះ​ទេ ដោយ​លោក​ចាត់​ទុក​ថា នេះ​ជា​បញ្ហា​ដាច់​ដោយ​ឡែក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ដំណក់ឈាមខ្មែរ

ពី វ៉ាស៊ិនតោន

វាជាសំដីដ៏គ្មានទំនួលខុសត្រូវ! ព្រោះវាជារឿងដ៏ទល់ច្រក និងគ្មានដំណោះស្រាយសំរាប់កម្ពុជា!

Jul 15, 2012 12:55 AM

ង្វៀង ស៊ុំធាង

ពី ហានណូយ

បញ្ហារបស់សមាជិកអាស៊ាន គឺជាបញ្ហារបស់អាស៊ាន ហេតុអីបានជាលោក ហោ ណាំហុង និយាយយ៉ាងដូចនេះ ? ឬមកពីខ្លួនប្រធានអាស៊ានគ្មានសម្មត្តិភាពដោះស្រាយបែជានិយាយយករួចតែខ្លួន ?

Jul 14, 2012 04:14 AM

Eagle Master

ពី Pa(USA)

To all aseans while world is facing financial colapted we should stop spending money for this nonesenes and focusing on Uygher,Mongol,Tibet is suffering selfimmolations.

Jul 13, 2012 07:38 PM

អ្នក​អាន​អនាមិក

If "KAM" existed on this earth, VN and China will face shortly because both of them had built a long time.

Jul 13, 2012 10:28 AM