អ្នក​វិភាគ៖ សមាជិក​អាស៊ាន​អនុវត្ត​គោល​ដៅ​សេដ្ឋកិច្ច​អាស៊ាន​ពុំ​ទាន់​ពេញ​លេញ

ទិសដៅ​សមាគម​អាស៊ាន​ចង់​បាន គឺ​ការ​បង្កើត​ឲ្យ​បាន​នូវ​តំបន់​ពាណិជ្ជកម្ម​សេរី។ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ គណៈកម្មការ​របស់​អាស៊ាន​ទាំង​អស់​ដែល​ទទួល​បន្ទុក​ផ្នែក​តំបន់​ពាណិជ្ជកម្ម​សេរី ដូច​ជា​ផ្នែក​ដឹក​ជញ្ជួន ហិរញ្ញវត្ថុ ថាមពល និង​ពាណិជ្ជកម្ម​ជាដើម ត្រូវ​មាន​កិច្ច​ប្រជុំ​ទៀត​ទាត់​មួយ ដើម្បី​រាយការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ធ្វើ​ការ​អនុម័ត។
ដោយ អាន ស៊ីថាវ
2012-08-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រជុំ​អាស៊ាន​លើក​ទី​៤៤ ៣០៥
ក្រុម​ឧត្តម​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០ ជួប​ប្រជុំ​គ្នា​ធ្វើ​សេចក្តី​ព្រាង និង​ពិនិត្យ​ទៅ​លើ​របាយការណ៍​មួយ​ចំនួន ដើម្បី​ត្រៀម​ដាក់​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​នឹង​ជួប​ប្រជុំ​នៅ​ពេល​ឆាប់ៗ នា​សណ្ឋាគារ​អប្សរា​អង្គរ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១២។
RFA/Hang Savyouth

កិច្ច​ប្រជុំ​នេះ ដើម្បី​ពន្លឿន​ឯកសារ​គោល​របស់​អាស៊ាន ក្នុង​ការ​សម្រេច​ឲ្យ​បាន​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី នៅ​ឆ្នាំ​២០១៥ ខាង​មុខ ប៉ុន្តែ​អ្វី​ដែល​បាន​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​កន្លង​មក ប្រទេស​សមាជិក​អាស៊ាន អនុវត្តន៍​មិន​បាន​ពេញ​លេញ​នៅ​ឡើយ ដែល​ប្រធាន​អាស៊ាន ត្រូវ​ពន្លឿន​កិច្ច​ការ​នេះ។

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (AEM) ជួប​ប្រជុំ​ជា​ផ្លូវ​ការ ឬ​មិន​ផ្លូវ​ការ​រៀង​រាល់​ឆ្នាំ ដើម្បី​ដឹកនាំ​សហ​ប្រតិបត្តិ​ការ​ខាង​សេដ្ឋកិច្ច​​របស់​អាស៊ាន ដែល​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះ បាន​បង្កើត​ដំបូង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​១៩៩៧។ ហើយ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​នេះ ត្រូវ​រាយការណ៍​ជូន​ទៅ​រដ្ឋាភិបាល​អាស៊ាន នា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ជា​គោល​បំណង​ចម្បង​របស់​សមាគម​អាស៊ាន​ចង់​បាន។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ ក្រុម​ប្រឹក្សា​នៃ​កិច្ច​ព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន (AFTA) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤ កន្លង​មក ដើម្បី​ត្រួត​ពិនិត្យ សម្រប​សម្រួល និង​ពិនិត្យ​ឡើង​វិញ​លើ​ការ​អនុវត្ត​គម្រោង លើ​កិច្ច​ព្រមព្រៀង​តារាង​អនុគ្រោះ​ពន្ធ​គយ​រួម (CEPT) ដែល​ជា​មធ្យោបាយ​សំខាន់​សម្រាប់​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤ បាន​ព្រមព្រៀង​ថា គណៈកម្មការ​សេដ្ឋកិច្ច​ទាំង​៥​របស់​អាស៊ាន ដែល​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ ស្បៀង កសិកម្ម និង​រុក្ខា​ប្រមាញ់ ឧស្សាហកម្ម ធនធាន​រ៉ែ និង​ថាមពល ការ​ដឹក​ជញ្ជួន និង​គមនាគមន៍ ពាណិជ្ជកម្ម និង​ទេសចរណ៍​ជា​ដើម ដែល​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ និង​ដោះ​ស្រាយ​របស់​ថ្នាក់​ឧត្ដម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​ត្រូវ​ធ្វើ​ការ​ប្រជុំ​ជា​ទៀត​ទាត់ ហើយ​រាយការណ៍​ជូន​ទៅ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន។

កត្តា​នេះ ប្រទេស​សមាជិក​ទាំង​អស់ បង្កើត​កិច្ច​ប្រជុំ​មន្ត្រី​សេដ្ឋកិច្ច​ឧត្ដម (SEOM) ជា​ផ្នែក​មួយ​នៃ​យន្តការ​របស់​អាស៊ាន មាន​ន័យ​ថា កិច្ច​ប្រជុំ​នេះ​នឹង​ពិគ្រោះ​យោបល់​លើ​ឯកសារ​មួយ​ចំនួន ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ធ្វើ​ការ​អនុម័ត ដែល​នឹង​គ្រោង​ធ្វើ​ឡើង​នៅ​ពេល​បន្ទាប់ ក្នុង​ការ​សម្រេច​ឲ្យ​បាន​តំបន់​ពាណិជ្ជកម្ម​សេរី។

ជាក់​ស្ដែង ប្រទេស​កម្ពុជា ជា​ប្រធាន​អាស៊ាន ទទួល​ធ្វើ​កិច្ច​ប្រជុំ​មន្ត្រី​សេដ្ឋកិច្ច​ឧត្ដម​របស់​អាស៊ាន បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៥ សីហា ឆ្នាំ​២០១២ នៅ​ខេត្ត​សៀមរាប ដែល​មាន​ការ​ចូល​រួម​របស់​ឧត្ដម​មន្ត្រី​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១០។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ពាណិជ្ជកម្ម លោក កាន់ ច័ន្ធមេតា បាន​ឲ្យ​ដឹង​ថា ការ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ គឺ​ផ្ដោត​លើ​ផ្នែក​វិនិយោគ​អាស៊ាន និង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន ប៉ុន្តែ​លោក​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ​មិន​ទាន់​ទទួល​បាន​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ ប៉ុន្តែ​ មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ហើយ។

លោក កាន់ ច័ន្ធមេតា បន្ថែម​ថា កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពន្លឿន និង​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​មាន​សរសេរ​នៅ​ក្នុង​ឯកសារ​គោល​របស់​អាស៊ាន ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដោយ​សេរី រវាង​ប្រទេស​សមាជិក​អាស៊ាន នៅ​ឆ្នាំ​២០១៥។

យ៉ាង​ណា​ក៏​ដោយ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​ព្រមព្រៀង​ផ្លាស់​ប្ដូរ​ប្រធាន​ប្ដូរ​វេន​អាស៊ាន តាម​តួ​អក្សរ​រៀង​រាល់​ឆ្នាំ ដើម្បី​ធ្វើ​កិច្ច​ប្រជុំ​ផ្លាស់​ប្ដូរ​យោបល់​គ្នា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​តំបន់​តែ​មួយ នៅ​ឆ្នាំ​២០១៥។ ហើយ​នៅ​ឆ្នាំ​២០១២ ប្រទេស​កម្ពុជា ជា​ប្រធាន​អាស៊ាន ដែល​បាន​គ្រោង​របៀបវារៈ​ជា​ច្រើន ក្នុង​ការ​សម្រេច​បាន​គោល​ដៅ​របស់​អាស៊ាន នៅ​ពេល​ខាង​មុខ។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ឧបនាយក​រដ្ឋមន្ត្រី គាត ឈុន បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា បាន​រៀបចំ និង​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់​មួយ​ចំនួន ដូច​ជា​ទស្សនវិស័យ នៃ​សេដ្ឋកិច្ច​របស់​អាស៊ាន ការ​ពិនិត្យ​តាម​ដាន​សេដ្ឋកិច្ច​អាស៊ាន ជា​មួយ​ប្រទេស​ដៃគូ​អាស៊ាន ជា​ដើម។

យោង​តាម​របាយការណ៍​របស់​អាស៊ាន បាន​បង្ហាញ​ថា កិច្ច​ប្រជុំ​កំពូល​អាស៊ាន បាន​ធ្វើ​ឡើង​ក្នុង​មួយ​ឆ្នាំ​ចំនួន​ពីរ​លើក ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​មេសា ជា​មួយ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​នៅ​ខែ​វិច្ឆិកា ជា​មួយ​ប្រទេស​ដៃគូ​អាស៊ាន។

ម៉្យាង​វិញ​ទៀត នៅ​ក្នុង​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន ធ្វើ​ការ​ប្រជុំ​ក្នុង​មួយ​ឆ្នាំ​១២​ដង ដែល​ក្នុង​កិច្ច​ប្រជុំ​នីមួយៗ​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាង​៥០​ស្ថាប័ន ហើយ​តាម​ការ​ប៉ាន់ស្មាន នៃ​ការ​ប្រជុំ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន​នេះ មាន​ចំនួន​ការ​ប្រជុំ​ប្រមាណ​ជាង​១.៤០០​កិច្ច​ប្រជុំ​ក្នុង​មួយ​ឆ្នាំ ដើម្បី​សម្រេច​នូវ​ឯកសារ​ទាំង​ឡាយ ឆ្ពោះ​ទៅ​រក​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥ ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នានា​យល់​ឃើញ​ថា បញ្ហា​ប្រឈម​ដ៏​ធំ​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គោល​ដៅ​របស់​អាស៊ាន បង្កើត​បាន​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​គ្នា នៅ​ពេល​ខាង​មុខ។ ក្នុង​ន័យ​នេះ មាន​ន័យ​ថា ប្រធាន​អាស៊ាន ត្រូវ​ធានា​ឲ្យ​បាន​គ្រប់​ប្រទេស​ជា​សមាជិក​អាស៊ាន ត្រូវ​អនុវត្ត​ឲ្យ​បាន​ផែនទី​​បង្ហាញ​ផ្លូវ​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០០៩-២០១៥។

យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍ​កម្ពុជា បាន​បង្ហាញ​ថា ផែនទី​បង្ហាញ​ផ្លូវ​របស់​អាស៊ាន​បច្ចុប្បន្ន​ថា ប្រទេស​ជា​សមាជិក​ត្រូវ​អនុវត្ត​ឲ្យ​បាន​លើ​១១១​កំណែ​ទម្រង់​គោល​នយោបាយ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណាក់​កាល​ដំបូង នៅ​ឆ្នាំ​២០១០ នៅ​ក្នុង​ការ​អនុវត្ត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ ប៉ុន្តែ ជា​មធ្យម ប្រទេស​នីមួយៗ​អនុវត្ត​បាន​ត្រឹម​តែ​ជាង​៨៣%​ប៉ុណ្ណោះ និង​ដំណាក់​កាល​ទី​ពីរ នៅ​ឆ្នាំ​២០១១ នៃ​ផែនទី​បង្ហាញ​ផ្លូវ តម្រូវ​ឲ្យ​ប្រទេស​នីមួយៗ​អនុវត្ត​ជាង​១៨០​វិធានការ​បន្ថែម​ទៀត ប៉ុន្តែ ជា​មធ្យម ប្រទេស​សមាជិក​អាស៊ាន​អនុវត្ត​បាន​ត្រឹម​តែ​ជាង​៦៨%​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី កំពង់ចាម

ខ្ញុំលឺគេថាមាន អាស៊ានដក៥ ដក៦ ដក៩ ដក១០, តើវាមានន័យយ៉ាងម៉េចទៅ?បើសិន នរណាដឹងជួយប្រាប់ខ្ញុំផង។ ហើយមួយទៀតគេថាមិនមានអាស៊ានដក៨ទេ,ហេតុអ្វី?

Dec 26, 2012 06:02 AM

អ្នក​អាន​អនាមិក

ពី phnom penh

ខ្ញុំយល់ថាការធ្វើសមាហរន្តកម្មសាស៊ាននៅឆ្នាំ២០១៥គឺធ្វើឲ្យប្រ​ទេសកម្ពុជាមិនរីកចម្រើននោះទេ។ផ្ទុយទៅវិញគឺធ្វើប្រ ទេសកម្ពុជាក្រជាងនេះទៅទៀត។

Aug 28, 2012 05:11 AM

CheyVorman007

ពី AngKor Wat

ខ្មុំមិនស្គាល់់មិនដឹងថាអាស៊ានមានរូបរាងនៃគោលនយោបាយ
បែបណាអោយច្បាស់នោះទេ តែខ្មុំសូមអំពាវនាវអោយអាស៊ាន
មេត្តាជួយណែនាំរដ្ឋាភិបាលកម្ពុជាទប់ស្កាត់លោកលីយ៉ង់ផាត់
ដែលជាអ្នកជំនួញធំនឹងគ្រោះថ្នាក់ជាងគេនៅក្នុងប្រទេសខ្មែរ
សព្វថ្ងៃ ខ្មុំបានឃើញឯកសារមួយដែលពួកស្បែកសថតបាន
កាលពីបីបួនខែមុន គឺលោកនេះដឹកខ្សាច់ទាំងតោនៗទៅលក់
នៅក្រៅប្រទេសយកលុយដាក់ហោរប៉ៅ របស់ធម្មជាតិ
ជារបស់រួមទាំងអស់គ្នា ម៉េចបានលោកនេះធើ្វពាណិជកម្ម
លក់យកលុយចែកធើ្វមានតែគ្នាឯង??

Aug 25, 2012 11:33 AM