កិច្ចប្រជុំនេះ បានបើកជាផ្លូវការដោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន។
រដ្ឋមន្ត្រីក្រសួងថាមពល នៃប្រទេសសមាជិកអាស៊ានទាំង១០ នៅថ្ងៃទី១២ ខែកញ្ញា បានបើកកិច្ចពិភាក្សាសំខាន់មួយ ផ្ដោតលើផែនការមេ ដើម្បីតភ្ជាប់ប្រព័ន្ធថាមពលអគ្គិសនី និងចែកចាយថាមពលអគ្គិសនីនោះពីប្រទេសមួយទៅប្រទេសមួយទៀត នៅក្នុងតំបន់អាស៊ាន ដើម្បីធានាថា ប្រទេសសមាជិកអាស៊ានទាំងអស់ មានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នៅថ្ងៃអនាគត។
ផែនការមេនោះ ត្រូវបានអនុម័តដោយប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ានទាំង១០ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៧ នៅទីក្រុងហាណូយ (Hanoi) ប្រទេសវៀតណាម កាលពីខែតុលា ឆ្នាំ២០១០ កន្លងទៅ។
ផែនការមេនោះ គឺចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ រាប់ទាំងការផលិត និងការប្រើប្រាស់ថាមពលប្រើដោយវារីអគ្គិសនីថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ ថាមពលកម្លាំងទឹកក្រោមដី ថាមពលជីវឧស្ម័ន និងថាមពលជីវឥន្ធនៈ ជាដើម ដើម្បីកាត់បន្ថយការបំផ្លាញបរិយាកាស និងបរិស្ថាន ដែលនាំឲ្យប្រែប្រួលអាកាសធាតុ។
នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា លោក ហ៊ុន សែន នៅក្នុងការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៣០ នៅថ្ងៃទី១២ ខែកញ្ញា បានមានប្រសាសន៍ថា អាស៊ានកំពុងតែប្រឈមមុខនឹងបញ្ហាសន្តិសុខថាមពលអគ្គិសនី បញ្ហាស្បៀងអាហារ និងគ្រោះមហន្តរាយធម្មជាតិជាដើម៖ «យើងក៏អាចមើលឃើញដែរថា ធ្យូងថ្មក៏បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការថាមពលទាំងបច្ចុប្បន្ន និងទៅអនាគតផងដែរ ប៉ុន្តែការប្រើប្រាស់ប្រភពថាមពលធ្យូងថ្ម ក៏ទាមទារឲ្យមានការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបផងដែរ»។
លោកបញ្ជាក់ថា ផែនការតភ្ជាប់ចរន្តអគ្គិសនីនៅតំបន់អាស៊ាន និងការតភ្ជាប់បំពង់ឧស្ម័នអាស៊ាន នៅមិនទាន់បានអនុវត្តជាក់ស្ដែងនៅឡើយ គឺមានតែការចុះកិច្ចសន្យាទ្វេភាគី រវាងប្រទេសសមាជិកអាស៊ានកន្លងមក។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៃប្រទេសកម្ពុជា លោក ស៊ុយ សែម បានមានប្រសាសន៍ថា ផែនការបន្តពីផែនការមេឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ នោះ គឺការតភ្ជាប់បំពង់ឧស្ម័នអាស៊ាន ការប្រើប្រាស់ធ្យូងថ្មស្អាត និងកិច្ចសហប្រតិបត្តិការថាមពល នុយ ក្លេអ៊ែរ (Nuclear) ជាដើម៖ «ឈានទៅសម្រេចបានជោគជ័យក្នុងការអនុវត្តផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការថាមពលអាស៊ានឆ្នាំ២០១០-២០១៥ ក៏ដូចជាទទួលបានអាស៊ានមួយ ដែលមានការអភិវឌ្ឍប្រកបដោយចេរភាព លើវិស័យថាមពល ដែលជាប្រភពចម្បងក្នុងការជួយទ្រទ្រង់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៃបណ្ដាប្រទេសអាស៊ានរបស់យើង និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់»។
ស្របពេលនេះដែរ មន្ត្រីជំនាញមកពីប្រទេសសមាជិកអាស៊ានចំនួន១០ បានជួបប្រជុំគ្នាមួយផ្សេងទៀត កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងទៅនេះ ផ្ដោតលើផែនការមេមួយផ្សេងទៀត ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អាស៊ាន រាប់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស នៅឆ្នាំ២០១៥។
ក្រៅពីនេះ ផែនការមេនោះ ក៏នឹងតភ្ជាប់ដែរនូវវប្បធម៌ ពាណិជ្ជកម្ម សេដ្ឋកិច្ច ស្ថាប័នរដ្ឋ និងស្ថាប័នរដ្ឋ ព្រមទាំងប្រជាជន និងប្រជាជន ឲ្យយល់ដឹងអំពីវប្បធម៌ និងការអប់រំ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ានចំនួន១០ ដែលមានប្រជាជនសរុបជាង៦០០លាននាក់។
អ្នកឯកទេសបានប៉ាន់ស្មានថា អាស៊ានត្រូវចំណាយថវិកាសរុបចំនួនជាង៦០០ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល១០ឆ្នាំទៀត ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។