ភាពខ្វះចន្លោះទាំងនោះ ដូចជាការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់អាស៊ានទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការជំរុញផ្នែកសហគ្រាសទាំងខ្នាតតូច និងមធ្យម ឱ្យមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាដើម។
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ បានចាប់ដំណើរការរយៈពេល៤ថ្ងៃមកហើយ នៅក្នុងខេត្តសៀមរាប។ កិច្ចប្រជុំនោះ កំពុងក្លាយទៅជាវេទិការបស់ក្រុមប្រទេសជាសមាជិកសមាគមអាស៊ានទាំង១០ ប្រឹងប្រែងនៅក្នុងតំបន់រួមគ្នា និងពិភាក្សាជាមួយប្រទេសដៃគូផង ដើម្បីជួយជំរុញឱ្យសេដ្ឋកិច្ចអាស៊ាន បានងើបឡើងផុតពីវិបត្តិនានា។
កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្មនៃបណ្ដាប្រទេសអាស៊ាន បានជួបពិភាក្សាជាមួយដៃគូវិនិយោគមកពីប្រទេសជប៉ុន និងឥណ្ឌា ដោយគេចង់ចរចា ដើម្បីឈានទៅរកការបង្កើតរចនាសម្ព័ន្ធធនធានថ្នាក់តំបន់មួយ ក្នុងការជួយដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោក សុរិន្ទ ពិតសុវណ្ណ ជាអគ្គលេខាធិការរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ លោកបានមានប្រសាសន៍ថា ក្រុមប្រទេសអាស៊ាន កំពុងព្យាយាមស្វែងយល់អំពីបរិបទសកលមួយ នៅក្នុងពេលបច្ចុប្បន្ន ដែលអាស៊ានកំពុងទទួលរងការប៉ះពាល់ ដោយសារវិបត្តិមួយចំនួន ដូចជាផលវិបាកផ្នែកសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប និងការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់គេងើបឡើងវិញជាដើម។
លោក សុរិន្ទ ពិតសុវណ្ណ បានបញ្ជាក់ថា នៅពេលដែលតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនេះ ប្រទេសអាស៊ានក៏បានទទួលរងផលប៉ះពាល់ដែរ ក៏ប៉ុន្តែអាស៊ានរំពឹងថា តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ រួមនឹងការពិភាក្សាជាមួយប្រទេសជាដៃគូពាណិជ្ជកម្ម ដើម្បីបង្កើតរចនាសម្ព័ន្ធធនធានថ្នាក់តំបន់ផង ប្រហែលជាអាចជួយដល់អាស៊ានបាន៖ «យើងមានបញ្ហាសេសសល់ខ្លះទៀត ដែលត្រូវពិភាក្សាជាមួយដៃគូវិនិយោគ ប្រទេសជប៉ុន និងឥណ្ឌា ដែលយើងចង់ចរចា ដើម្បីបង្កើតរចនាសម្ព័ន្ធធនធានថ្នាក់តំបន់ ដែលនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ។ ផងដែរ យើងនឹងនិយាយអំពីច្បាប់កម្មសិទ្ធិបញ្ញា ពីព្រោះបញ្ហាទាំងនោះពាក់ព័ន្ធនឹងការនាំចេញផលិតផលទៅប្រកួតប្រជែងទីផ្សារ»។
លោក សុរិន្ទ ពិតសុវណ្ណ បានមានប្រសាសន៍ទៀតថា ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន គេក៏បានសម្លឹងឃើញតួនាទីសំខាន់របស់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ ពីព្រោះតែសហគ្រាសខ្នាតតូច និងមធ្យម បានជួយដល់សេដ្ឋកិច្ចរបស់អាស៊ានប្រមាណជា៩៥%។
អង្គការកម្មសិទ្ធិបញ្ញារបស់ពិភពលោក បានយល់ស្របថា ច្បាប់នៃកម្មសិទ្ធិបញ្ញានៅលើពាណិជ្ជកម្ម គឺជាផ្នែកមួយដែលជួយជំរុញដល់សេដ្ឋកិច្ចអាស៊ានដែរ។
លោកបណ្ឌិត ហ្វ្រែនស៊ីស ហ្គឺរី ជានាយករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានមានប្រសាសន៍ថា ការប្រើប្រាស់កម្មសិទ្ធិបញ្ញាទៅលើពាណិជ្ជកម្ម គឺវាអាចជួយជំរុញឱ្យមានការប្រកួតប្រជែងខាងសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ានកាន់តែខ្លាំងឡើង ដែលអាស៊ានគួរតែធ្វើយ៉ាងណាការពារកម្មសិទ្ធិបញ្ញាឱ្យបានល្អ៖ «កាលពីព្រឹកមិញ ខ្ញុំបានជួបជាមួយក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស ហើយបានពិភាក្សាអំពីបញ្ហាធ្វើយ៉ាងណាជំរុញឱ្យប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា។ ព្រោះការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ហា អាចជួយជំរុញឱ្យកម្ពុជា ក៏ដូចជាអាស៊ាន មានភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងឡើង»។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានសមាគមអាស៊ានក្នុងឆ្នាំ២០១២ បានថ្លែងនៅក្នុងការប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ កាលពីថ្ងៃទី២៧ ខែសីហា ថា អាស៊ានត្រូវរួមគ្នាប្រែក្លាយសហគមន៍អាស៊ាន ឱ្យទៅជាមហាគ្រួសារមួយដ៏ជិតស្និទ្ធ ដែលមានភាពសុខដុមទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយ នៅពេលដែលឃើញសេដ្ឋកិច្ចអាស៊ាន បានកើនឡើង៤.៧% កាលពីឆ្នាំកន្លងទៅ បើទោះបីជាអាស៊ានកំពុងស្ថិតនៅក្រោមលក្ខខណ្ឌសេដ្ឋកិច្ចដ៏តឹងតែង ដូចជាប្រេងឥន្ធនៈឡើងថ្លៃខ្ពស់ និងលំហូរមូលធនមិនទៀងទាត់ក៏ដោយ។
លោក ហ៊ុន សែន បានអំពាវនាវឱ្យបណ្ដាប្រទេសអាស៊ាន ត្រូវមានជំហរតែមួយក្នុងការរួមគ្នាដោះស្រាយ និងបំពេញភាពខ្វះចន្លោះនានា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចអាស៊ានឱ្យប្រសើរឡើង នាពេលអនាគត៖ «ក្នុងន័យនេះ ខ្ញុំជឿជាក់ថា អាស៊ាននឹងបន្តពង្រឹង និងពង្រីកឯកភាពគ្នាក្នុងតំបន់ ដើម្បីរួមគ្នាដោះស្រាយ និងបំពេញភាពខ្វះខាត ខ្វះចន្លោះទាំងឡាយដែលនៅមាន ដូចជាការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់អាស៊ានទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទាំងផ្នែកស្ថាប័ន និងទាំងការជំរុញផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ឱ្យមានតួនាទីសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់នេះ»។
ប្រមុខអាស៊ាន បានបញ្ជាក់ថា នៅចំពោះមុខ អាស៊ានកំពុងតែជួបបញ្ហាប្រឈមជាច្រើន ទាំងកម្រិតសកល និងកម្រិតតំបន់ ដូចជាភាពផុយស្រួយនៃការងើបឡើងវិញផ្នែកសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ គួបផ្សំនឹងការអូសបន្លាយនៃវិបត្តិបំណុលនៅតំបន់អឺរ៉ុប វិបត្តិនយោបាយ និងសង្គម ដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បញ្ហាតម្លៃប្រេងកើនខ្ពស់ បញ្ហាសន្តិសុខស្បៀង និងថាមពល ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
បញ្ហាប្រឈមទាំងនោះ ពុំអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពនៅកម្រិតថ្នាក់ជាតិនីមួយៗបានឡើយ គឺវាទាមទារឱ្យសហគមន៍អាស៊ានទាំងមូលធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។