អាស៊ាន ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ ស.រ.អា

ការ​ទាក់ទាញ​អ្នក​វិនិយោគ​សហរដ្ឋ​អាមេរិក​មក​ប្រទេស​សមាជិក​អាស៊ាន (ASEAN) អាច​នឹង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត បើ​សិន​ជា​ប្រទេស​សមាជិក​អាស៊ាន​មិន​ទាន់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ចំពោះ​បរិយាកាស​វិនិយោគ និង​អាជីវកម្ម ដូច​ជា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ អំពើ​ពុក​រលួយ ច្បាប់ និង​បញ្ហា​រដ្ឋបាល។
ដោយ អាន ស៊ីថាវ
2012-09-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សហរដ្ឋ​អាមេរិក ជា​ដៃ​គូរ​ដ៏​សំខាន់​សម្រាប់​អាស៊ាន។ តែ​មិន​ទាន់​មាន​ការ​វិនិយោគ​នៅ​តំបន់​អាស៊ាន​បាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ។ ប្រទេស​កម្ពុជា​រំពឹង​ថា នឹង​ទាក់ទាញ​អ្នក​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក បាន​ច្រើន​ជាង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ លុះ​ត្រា​តែ​កម្ពុជា​ធានា​​ឲ្យ​ភាព​ប្រសើរ​ឡើង​នូវ​កិច្ច​ព្រមព្រៀង​វិនិយោគ ឬ​បរិយាកាស​អាជីវកម្ម​ជា​ដើម។

តំបន់​អាស៊ាន​ក្លាយ​ទី​តាំង​សំខាន់​សម្រាប់​អ្នក​វិនិយោគ​បរទេស ដែល​មាន​ចំនួន​ប្រជាជន​ជាង ៦០០ លាន​នាក់។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រទេស​អាស៊ាន​បាន​បង្កើត​ក្រុម​ប្រឹក្សា​ការ​ពិភាក្សា​រវាង​ផ្នែក​ឯកជន​ក្នុង​ការ​លើក​កម្ពស់​ផ្នែក​វិនិយោគ​រវាង​តំបន់​អាស៊ាន។

ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ផ្នែក​អាជីវកម្ម​របស់​អាស៊ាន (ASEAN-BAC) បាន​បង្កើត​ឡើង​ដោយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៧ នៅ​ប្រទេស​ប្រ៊ុយណេ កាល​ពី​ឆ្នាំ ២០០១ ដែល​មាន​គោល​បំណង​សំខាន់ គឺ​លើក​កម្ពស់​ភាព​ជា​ដៃ​គូរ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ដើម្បី​សម្រេច​ឲ្យ​បាន​នៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ឆ្នាំ​២០១៥។ ក្រុម​ប្រឹក្សា​នេះ ដោះ​ស្រាយ​និង​ឆ្លើយតប​ទៅ​ផ្នែក​ឯកជន ចំពោះ​បញ្ហា​ទាំង​ឡាយ​ណា សម្រាប់​ការ​អនុវត្តន៍​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន ហើយ​ផ្នែក​ឯកជន ក៏​អ្នក​ផ្ដល់ ឬ​កំណត់​វិស័យ​អាទិភាព​សម្រាប់​ប្រមុខរដ្ឋាភិបាល​អាស៊ាន​ដែរ។

របាយការណ៍​ដែល​សិក្សា​ដោយ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី​អំពី​សក្ដានុពល និង​ភាព​ប្រកួត​ប្រជែង​វិនិយោគ​រវាង​អាស៊ាន​ប្រចាំ​ឆ្នាំ ២០១២ ថា តំបន់​អាស៊ាន​មាន​ចំណុច​ខ្លាំង​ក្នុង​ការ​ទាក់​ទាញ​វិនិយោគ។ របាយការណ៍​ដដែល​បញ្ជាក់​ថា ជាង ៣៦% នៃ​អាជីវកម្ម បាន​បង្ហាញ​ថា ប្រទេស​អាស៊ាន​នឹង​ផ្ដល់​ចំណុច​ល្អ​បំផុត សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ហើយ ៨៨% នៃ​អាជីវកម្ម​មាន​គម្រោង​នឹង​បង្កើន​ការ​វិនិយោគ​យ៉ាង​ហោច​ណាស់​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០។

លទ្ធផល​អង្កេត​បាន​បង្ហាញ​ថា ប្រទេស​សមាជិក​អាស៊ាន ដែល​ផ្ដល់​លទ្ធភាព​ល្អ​បំផុត​សម្រាប់​ស្ថាប័ន​វិនិយោគ​ផ្ទាល់​ពី​បរទេស មាន​ប្រទេស​សិង្ហបុរី វៀតណាម ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ឡាវ និង​ភូមា ឬ​មីយ៉ាន់ម៉ា។ ដោយ​ឡែក​ប្រទេស ហ្វីលីពីន ប្រ៊ុយណេ និង​ប្រទេស​កម្ពុជា ស្ថិត​នៅ​លំដាប់​ថ្នាក់​ចុង​ក្រោយ សម្រាប់​ការ​ទាក់​ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ខាង​មុខ។

ការ​អង្កេត​បាន​បង្ហាញ​ទៀត​ថា បញ្ហា​ប្រឈម​ដែល​បង្ក​ផល​លំបាក​ដល់​បរិយាកាស​អាជីវកម្ម និង​វិនិយោគ​ក្នុង​រង្វង់​អាស៊ាន​ជា​ទូទៅ មាន​ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ និង​ច្បាប់​ជា​ដើម ហើយ​ប្រទេស​សមាជិក​អាស៊ាន​ដែល​កម្រិត​ទាប​បំផុត​នៃ​បញ្ហា​ប្រឈម​ទាំង​នោះ គឺ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ប្រ៊ុយណេ។

ទីប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក លោក អគ្គរដ្ឋទូត រ៉ុង ខឺត (Ron kirt) មាន​ប្រសាសន៍​ថា ការ​ទាក់​ទាញ​ការ​វិនិយោគ នៅ​ប្រទេស​កម្ពុជា លុះ​ត្រា​តែ​ប្រទេស​កម្ពុជា​កែ​លំអ​បញ្ហា​ទាំង​ឡាយ ដែល​ទាក់​ទង​នឹង​ការ​គោរព​កិច្ច​ព្រមព្រៀង​វិនិយោគ ដោយ​លោក​មាន​ប្រសាសន៍​បន្ថែម​ថា អត្ថប្រយោជន៍​មួយ ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន គឺ​ការ​ផ្លាស់​ប្ដូរ​សេដ្ឋកិច្ច​បិទ មក​ជា​ប្រទេស ដែល​ប្រកាន់​យក​សេដ្ឋកិច្ច​បើក​ចំហ​ទៅ​កាន់​ទីផ្សារ​ខាង​ក្រៅ និង​ជា​សង្គម​មួយ ប្រកប​ដោយ​ប្រជាធិបតេយ្យ​ជា​ដើម។

លោក រ៉ុង ខឺគ មាន​ប្រសាសន៍​បន្ថែម​ថា ចំណុច​សំខាន់​ដែល​ប្រទេស​កម្ពុជា​អាច​ទាក់​ទាញ​ចំនួន​អ្នក​វិនិយោគ ស្ថិត​នៅ​លំដាប់​ខ្ពស់​ជាង​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត គឺ​ប្រទេស​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ច្បាប់ កម្លាំង​ពលកម្ម និង​បញ្ហា​ផ្សេង​ទៀត ទាក់​ទង​នឹង​បរិយាកាស​វិនិយោគ​ឲ្យ​កាន់​តែ​ប្រសើរ។

លោក រ៉ុង ខឺគ៖ «ហេតុផល​សំខាន់​​ដែល​ប្រទេស​កម្ពុជា​​ចង់​ទាក់​ទាញ​អ្នក​វិនិយោគិន​របស់​សហរដ្ឋអាមេរិក​ស្ថិត​នៅ​លំដាប់​ទី​មួយ​នោះ គឺ​ប្រទេស​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​​ នានា​ដែល​អ្នក​វិនិយោគ​ជា​ទូទៅ​ត្រូវ​ការ​នោះ​មាន​ដូច​ជា តម្លាភាព នីតិរដ្ឋ  ការ​ការពារ​  ពលកម្ម​ជំនាញ និង​ទីតាំង​ល្អ​ជា​ដើម»។

លោក​មាន​ប្រសាសន៍​បន្ត​ថា​​ អ្នក​វិនិយោគ​នានា​មិន​ចង់​​ឲ្យ​មាន​ការ​រើស​អើង​នានា​​ ចំពោះ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ណា​មួយ​ ហើយ​ប្រសិន​ជា​ប្រទេស​កម្ពុជា​​អាច​​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​  ការ​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក​​​មាន​​និន្នាការ​និង​កើន​ឡើង​ នៅ​ប្រទេស​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ចម ប្រសិទ្ធិ មាន​ប្រសាសន៍​ថា ទំនង​អាស៊ាន និង​សហរដ្ឋអាមេរិក​​បាន​ចាប់​ផ្ដើម​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ មិន​ទាន់​មាន​វេទិកា​ពិភាក្សា​អំពី​បរិយាកាស​អាជីវកម្ម​ឬ​វិនិយោគ​នៅ​ឡើយ​ទេ។ លោក ចម ប្រសិទ្ធិ បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ បាន​រៀប​ចំ​វេទិកា​ធុរកិច្ច​អាស៊ាន (Business Forum) សហរដ្ឋ​អាមេរិក ដែល​បាន​ធ្វើ​ឡើង​ខែ​ឧសភា ២០១២ កន្លង​ទៅ។

សហរដ្ឋអាមេរិក និង​អាស៊ាន ជា​ដៃ​គូរ​ពាណិជ្ជកម្ម​សំខាន់​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​លោក​បញ្ជាក់​ថា ប្រទេស​អាស៊ាន​ទាំង ១០ បច្ចុប្បន្ន​កំពុង​ក្លាយ​ទី​ដៅ​សំខាន់​សម្រាប់​ការ​វិនិយោគ​របស់​អ្នក​វិនិយោគិន​សហរដ្ឋអាមេរិក ដោយ​លោក​បញ្ជាក់​ថា ទាំង​ផ្នែក​ឯកជន និង​រដ្ឋាភិបាល ត្រូវ​មាន​ការ​ពិភាក្សា​ក្នុង​ការ​លើក​កម្ពស់​បរិយាកាស​វិនិយោគ​រវាង​អាស៊ាន។

លោក ចម ប្រសិទ្ធិ ៖ «ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពី​ការ​ប្រជុំ​មួយ​ទៅ​ការ​ប្រជុំ​មួយ​ទៀត យើង​បាន​ឃើញ​មាន​បញ្ហា​ជា​ច្រើន ហើយ​យើង​មិន​ត្រូវ​លើក​បញ្ហា​ដដែលៗ មក​ទេ។ ពី​មុន​យើង​មាន​ការ​ជួប​ជុំ​គ្នា​រវាង​ ផ្នែក​ឯកជន យើង​ស្ដាប់​អ្នក​និយាយ ហើយ​យើង​កត់​ទុក ហើយ​យើង​ជម្រាប​លា។ ឆ្នាំ​ក្រោយ យើង​កត់​ទុក និង​និយាយ​លា​ដដែល។ កត្តា​នេះ​បញ្ជាក់​ថា យើង​មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ទេ។ ប៉ុន្តែ ពេល​នេះ យើង​អង្គុយ​ពិភាក្សា​ដើម្បី​រក​ដំណោះ​ស្រាយ»។

លោក ចម ប្រសិទិ្ធ បន្ថែម​ថា រាល់​ការ​ពិភាក្សា​ទាំង​នោះ ចាំ​ចាច់​ត្រូវ​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ជា​ពេល​វេលា​សមស្រប​របស់​​​​ប្រទេស​អាស៊ាន​និង​សហរដ្ឋអាមេរិក។

របាយការណ៍​ដែល​សិក្សា​ដោយ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ស្ដី​អំពី​សក្ដានុពល និង​ភាព​ប្រកួត​ប្រជែង​វិនិយោគ រវាង​អាស៊ាន​ប្រចាំ​ឆ្នាំ ២០១២ ដដែល បាន​បង្ហាញ​ថា ឧបសគ្គ​មួយ​ចំនួន​​នៃ​បរិយាកាស​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន មាន​ដូច​ជា អំពើ​ពុក​រលួយ ដែល​កើត​មាន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ ភូមា ឬ​មីយ៉ាន់ម៉ា និង​បញ្ហា​ទាក់​ទង​នឹង​ច្បាប់​ផ្សេងៗ កើត​មាន​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​ថៃ។ ហើយ​បញ្ហា​ទាក់​ទង​នឹង​ច្បាប់ និង​បែប​បទ​រដ្ឋបាល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ាឡេស៊ី វៀតណាម ភូមា ឬ​មីយ៉ាន់ម៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

តើអាស៊ានត្រូវការពេលប៉ុន្មានឆ្នាំទៀតដើម្បីទាញអ្នកវិនិយោគអាមេរិកាំងបាន?។តើអាស៊ានកើតតាំងពីពេលណាមក?។

Sep 18, 2012 04:13 AM

Vuth Lee

ពី Lowell, Massachusetts,U.S.A

For decades, Hun Sen's government's media has spreaded propaganda that Cambodia is a democratic nation. Is Cambodia truly a democratic country? is Hun Sen truly a multi-party-democratic leader? Are Khmers free from supression? A wise and frugal government which shall restrain men from injuring one another, which leave them otherwise free to regulate their own pursuits of industry and improvement, and shall not take from the mouth of labor the rice it has earned. This is the sum of good government. On the other hand, Hun Sen government's workers(officers) love wealth greater than people liberty and it does not create peace, commerce, and honest friendship with U.S.A. yet. SO, don't expect U.S.A's entrepreneurs going to come to Cambodia doing their business at this time. Why? The United States of America(U.S.A.)is the forefather of democracy and its people are enjoying their truly democratic way of lives everyday.

Sep 18, 2012 03:27 AM

អ្នក​អាន​អនាមិក

មិនពិបាកទេបើអស់លោកចង់បានការវិនិយោកពីលោកខាងលិចជាពិសេស
ពីសហរដ្ឋអាមេរិច ច្បាប់មើលទៅល្អហើយ តែជាក់ស្តែងអំពើពុករលួយនៅ
តែមាន វាហាក់ដូចជាអន្ទងគេមកដាក់លុយហើយ ចាប់ផ្តើមរិតកអញ្ជឹង៕

Sep 18, 2012 02:29 AM

អ្នក​អាន​អនាមិក

អាស៊ានគ្មានបានការ កើតមកគ្រាន់តែល្អមើល។បើកើតមកគ្រាន់តែល្អមើល បើទោះជាស្លាប់ទៅវិញក៏មិនស្ដាយ។ពលរដ្ឋខ្មែរជាពលករ ពលការិនី ត្រូវគេធ្វើបាបដូចសត្វធាតុ មិនដែលមានមុខអាស៊ានសោះ មានតែតាមរយះការទូត។

Sep 18, 2012 02:21 AM

ហូ ទន់

ពី កោះកុង

ឈប់លក់ជាតិនិងពុករលួយទៅទើបអ្នតស្អាតស្អំគេមក
រកស៊ីនៅស្រុកខ្មែរ។

Sep 18, 2012 12:11 AM

មើល​មតិ​ទាំង​អស់.