បណ្ដាញយុវជននៅតាមសហគមន៍មួយចំនួននៅបណ្ដាប្រទេសជាសមាជិកអាស៊ានចំនួន ២៥រូប មកពីប្រទេសចំនួន ៥ បានមកចូលរួមក្នុងកិច្ចប្រជុំរួមគ្នានៃក្រុមយុវជនស្ម័គ្រចិត្តរយៈពេល ២ថ្ងៃ ដើម្បីស្វែងរកយុទ្ធសាស្ត្រឲ្យរដ្ឋាភិបាលអាស៊ាន បញ្ចូលកម្លាំងចលករយុវជនទៅក្នុងសកម្មភាពរបស់អាស៊ាន។
កិច្ចប្រជុំដែលធ្វើឡើងកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ បានបញ្ចប់ទៅបន្ទាប់ពីក្រុមយុវជននៃប្រទេសអាស៊ាន សម្រេចបន្តការទាមទារឲ្យមេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ចេញគោលនយោបាយយុវជនអាស៊ាន យកចិត្តទុកដាក់ចំពោះយុវជន និងផ្ដល់ឱកាសឲ្យយុវជនចូលរួមក្នុងកិច្ចការអាស៊ាន។
អ្នកសម្របសម្រួលពង្រឹងសិទ្ធិអំណាចយុវជននៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក លួន ធន ឲ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា រដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងកម្ពុជាផង នៅមិនទាន់ផ្ដល់ឱកាសឲ្យយុវជនចូលប្រឡងក្នុងកិច្ចការអាស៊ាននៅឡើយទេ។ ម្យ៉ាងសំឡេងរបស់យុវជននៅមិនទាន់មានភាពស្មើគ្នាក្នុងជួររដ្ឋាភិបាល។
លោកបន្តថា អាស៊ានគឺជាចំណុចកណ្ដាលនៃប្រជាជនអាស៊ាន ហើយយុវជនមានច្រើននៅក្នុងចំណោមប្រជាជនទាំងនោះ ដូច្នោះក្រុមយុវជនស្នើសុំឲ្យរដ្ឋាភិបាលអាស៊ាន ងាកមកផ្ដោតលើតម្រូវការយុវជនឲ្យបានច្រើន៖ «ឲ្យគាត់ទទួលស្គាល់នូវអ្វីជាកម្លាំងយុវជន។ យុវជនមានសំឡេងក្នុងជួររដ្ឋាភិបាល ឬជួររដ្ឋាភិបាលរបស់អាស៊ាន ហើយឲ្យអាស៊ានងាកមករកយុវជនខ្លះដែរ ដើម្បីឲ្យយើងមានកន្លែងមួយសម្រាប់យុវជនបានអង្គុយឲ្យមានគោលនយោបាយមួយស្តីអំពីយុវជនច្បាស់លាស់»។
លោក លួន ធន បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលអាស៊ាន ចាប់អារម្មណ៍យុវជន យុវជនអាចនឹងក្លាយជាចលករស្នូលនៃការបង្កើតតម្លៃប្រជាជាតិអាស៊ាន សេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៖ «យុវជនគឺជាកម្លាំងចលករមួយដ៏ពិសេស ព្រោះគាត់គ្មាននិន្នាការ ហើយយុវជននឹងក្លាយជាថ្នាក់ដឹកនាំមួយនៅថ្ងៃក្រោយ ហើយកម្លាំងយុវជននៅអាស៊ាន គឺអាចប្តូរនូវសកម្មភាពមួយដែលកាន់ភាពល្អប្រពៃបាន ព្រោះនិន្នាការរបស់យុវជន ខ្ញុំឃើញគំនិតរបស់គាត់ផុលផុសឡើង គឺសុទ្ធតែចង់បង្កើតតម្លៃរបស់ខ្លួន តម្លៃប្រជាជាតិអាស៊ាន និងឲ្យវាមានភាពថ្លៃថ្នូរ ឲ្យមានភាពអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។
ប្រទេសកម្ពុជាមានយុវជនចំនួន ៣៣ភាគរយ គឺស្មើនឹងជាង ៤លាននាក់នៃប្រជាជនសរុបប្រមាណ ១៤លាននាក់។ បណ្ដាញក្រុមយុវជនអាស៊ាន ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាម្ដងរួចមកហើយ ទៅថ្នាក់ដឹកនាំអាស៊ាន កាលពីខែមីនា កន្លងទៅ។ សេចក្ដីថ្លែងការណ៍រួមនោះផ្ដោតសំខាន់ទៅលើការអប់រំរបស់យុវជន ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចំណុចជាច្រើនទៀតដែលពាក់ព័ន្ធនឹងការប្រឈមរបស់យុវជននៅតំបន់អាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ កិច្ចប្រជុំកំពូលពាក់ព័ន្ធជាច្រើនទៀត រួមទាំងកិច្ចប្រជុំអាស៊ីបូព៌ា នឹងចាប់ធ្វើពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។ កិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងចូលរួម ហើយអង្គការសង្គមស៊ីវិល រួមទាំងបណ្ដាញយុវជន គ្រោងនឹងដាក់ញត្តិ ឬចេញសេចក្ដីថ្លែងការណ៍រួមទៅថ្នាក់ដឹកនាំទាំងនោះ ដើម្បីជំរុញឲ្យការទាមទាររបស់ពួកគេមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។