ចៅសង្កាត់ទួលសង្កែបានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ វិច្ឆិកា ថា បន្ទាប់ពីទឹកស្រកផុតផ្លូវចំនួន១៧ខ្សែក្នុងសង្កាត់របស់លោក អាជ្ញាធរកំពុងតែរៀបចំសាងសង់ផ្លូវទាំងនោះឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា កាលពីទឹកលិចមានផ្ទះប្រជាពលរដ្ឋប្រមាណ៤០%ត្រូវបានលិចទឹក ប៉ុន្តែឥឡូវនេះបានស្រកអស់ហើយ ៖ «កំពុងតែធ្វើអាថ្មីសិន»។
ចំណែកឯចៅសង្កាត់គីឡូម៉ែត្រលេខ៦ លោក សុខ សម្បត្តិ មានប្រសាសន៍ថា កាលពីទឹកលិចខ្លាំងក្នុងសង្កាត់របស់លោកមានផ្ទះប្រជាពលរដ្ឋប្រមាណ៦០%ត្រូវបានលិចទឹក ប៉ុន្តែឥឡូវនេះទឹកស្រកខ្លះហើយនៅសល់តែផ្ទះប្រមាណ២០%តែប៉ុណ្ណោះដែលកំពុងលិចទឹកនៅឡើយ ចំណែកឯផ្លូវក៏ស្រកអស់ដែរ ហើយកំពុងរៀបចំជួសជុលផ្លូវ១ខ្សែដែលបានខូចខាតដោយសារទឹកលិចនោះ។
លោក សុខ សម្បត្តិ បានមានប្រសាសន៍ថា ៖ «បើនិយាយពីផ្លូវធំៗដែលយើងត្រូវធ្វើដំណើរចាំបាច់ហ្នឹងគឺថាគោកអស់ហើយ ផ្លូវមួយហ្នឹងយើងប្រុងរៀបចំសាងសង់ចាក់បេតុង ក៏ប៉ុន្តែឥឡូវហ្នឹងគឺថវិកា៥០បូកនឹង៥០ ក៏ប៉ុន្តែឥឡូវហ្នឹងមិនទេ គឺយើងធ្វើយ៉ាងម៉េចឲ្យបានថ្នល់ហ្នឹងខ្ពស់សិន»។
អភិបាលខណ្ឌដង្កោ លោក ក្រូច ផាន មានប្រសាសន៍ថា សង្កាត់ពីរនៅក្នុងខណ្ឌរបស់លោកដែលបានលិចទឹកកន្លងទៅនោះក៏បានស្រកអស់ហើយ ហើយក៏មិនមានផ្លូវដែលត្រូវខូចខាតនោះដែរ ព្រោះផ្លូវដែលលិចទឹកទាំងនោះសុទ្ធតែជាផ្លូវចាក់បេតុង ប៉ុន្តែលោកក៏កំពុងរៀបចំធ្វើប្រឡាយមួយដើម្បីបញ្ចៀសទឹកនៅឆ្នាំក្រោយកុំឲ្យលិចលង់ផ្ទះប្រជាពលរដ្ឋដូចឆ្នាំមុនទៀត។
លោក ក្រូច ផាន បានបញ្ជាក់ថា ៖ «ធ្វើប្រឡាយដើម្បីបញ្ចៀសទឹកអាមកកន្លែងលិចលង់នៅចំណុចផ្លូវរទេះភ្លើងនេះដើម្បីបំបែកទឹកជាពីរដើម្បីឲ្យទឹកធូរស្រាល អាចំណុចដែលធ្ងន់... ខណ្ឌមានវិធានការដើម្បីដោះស្រាយបញ្ហាកសាងប្រឡាយមួយទៀតដើម្បីដើរប្រមូលបងប្អូនដែលជាអ្នកសាងសង់ផ្ទះល្វែងមួយចំនួនគឺថាឯកភាពហើយ ហើយឲ្យខណ្ឌដើម្បីសិក្សាដើម្បីសម្រេចបានជាគោលការណ៍អស់ប៉ុន្មានអីប៉ុន្មាន ហើយសាលាខណ្ឌនឹងសុំគោលការណ៍ពីសាលាក្រុងដើម្បីអនុវត្តស្ដារប្រឡាយនេះដើម្បីចៀសវាងការលិចលង់»។
សូមជម្រាបដែរថា កាលពីពេលកន្លងទៅថ្មីៗនេះអភិបាលរងក្រុងភ្នំពេញធ្លាប់មានប្រសាសន៍ថា សាលាក្រុងភ្នំពេញកំពុងតែសិក្សាដាក់ប្រព័ន្ធលូបង្ហូរទឹកថ្មីនៅតំបន់មួយចំនួនដែលកំពុងតែរងគ្រោះបញ្ហាស្ទះទឹក។ សាលាក្រុងភ្នំពេញក៏មានគម្រោងការទម្លាយប្រទ្បាយនិងជីកដាក់លូជាច្រើនកន្លែងដើម្បីរំដោះទឹក ហើយគម្រោងការខាងលើនេះកំពុងតែចាប់ផ្តើមអនុវត្តនៅក្នុងខណ្ឌពីរ គឺខណ្ឌឫស្សីកែវ និងខណ្ឌដង្កោ។
បើតាមប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវនិងខណ្ឌដង្កោបានអះអាងថា ផ្ទះរបស់ពួកគាត់ខ្លះលិចទឹកជិតពីរខែហើយ ខ្លះទៀតជិតបីខែមកហើយ ហើយផ្ទះខ្លះទៀតរួមទាំងវត្តផងនិងសាលារៀនផងក៏កំពុងតែនៅលិចទឹកនៅឡើយបច្ចុប្បន្ននេះ៕
