សូមជម្រាបថា កាលពីថ្ងៃទី១១ វិច្ឆិកា សមត្ថកិច្ចប៉ូលិសឃុំឃ្សឹម បានរកឃើញសាកសពស្រ្ដីម្នាក់និងកុមារីម្នាក់ត្រូវបានគេសម្លាប់ផ្ដាច់ក្បាលបណ្ដែតទឹក ដែលសាកសពនោះត្រូវបានលោក សែម ប៊ុន អាយុ៤៨ឆ្នាំ ជាជនជាតិព្នង បានអះអាងថាជាប្រពន្ធនិងកូនស្រីរបស់ខ្លួន ហើយការសម្លាប់នោះគឺដោយសារគំនុំដោយចោទប្រកាន់ទៅលើការចេះអំពើអាបធ្មប់។
ប៉ុន្តែការស៊ើបអង្កេតរបស់ប៉ូលិសត្រូវបានលោក សែម ប៊ុន ផ្ដល់សម្ភាសន៍កាលពីថ្ងៃទី១៦ វិច្ឆិកា ថា ប៉ូលិសបែរជាធ្វើការស៊ើបអង្កេតមកលើរូបលោកទៅវិញ ៖ «ខាងសមត្ថកិច្ចមិនបានស៊ើបអង្កេតខាងជនឧក្រិដ្ឋហ្នឹងទេ គឺឥឡូវបង្វែរមកស៊ើបអង្កេតខាងខ្ញុំវិញ ថាខ្ញុំនេះជាឃាតករសម្លាប់កូនប្រពន្ធខ្ញុំទៅវិញ។ បើថាមិនជួយទេ សូមកុំឲ្យទារុណកម្មដល់ខ្ញុំទៀត។ ជនរងគ្រោះដល់ឌុបតែពីរដង»។
សែម ប៊ុន ធ្លាប់បានផ្ដល់សម្ភាសន៍ថា លោកនិងភរិយាលោកធ្លាប់បានទទួលការប្រមាថជេរបញ្ចោពីអ្នកភូមិដោយផ្ទាល់រហូតដល់មានការពួនស្ទាក់ពងធ្វើឃាតជាច្រើនដងផងពីបទសង្ស័យថា ចេះអំពើអាបធ្មប់ ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ូលិសសង្ស័យមកលើរូបលោកនោះគឺដោយសារតែភរិយាលោកធ្លាប់ដើរបរិហារកេរ្ដិ៍លោកថា លោកធ្លាប់បានរំលោភកូនស្រីខ្លួនឯងនិងប្រើហិង្សាទៅលើភរិយា។
លោក សែម ប៊ុន បានឲ្យដឹងថា ៖ «ពីមុនមកប្រពន្ធខ្ញុំគាត់ប្ដឹងប៉ូលិសថា ខ្ញុំហ្នឹងមានសហាយស្មន់ជាមួយនឹងកូនបង្កើតរបស់ខ្ញុំ ប៉ុន្តែប្រពន្ធខ្ញុំគាត់ជាមនុស្សផឹកស្រាវាច្រើន និយាយផ្ដេសផ្ដាសច្រើនញឹកញយពេក ខ្ញុំក៏អត់មិនបានក៏ធាក់ ប៉ុន្តែធាក់ហ្នឹងមិនឲ្យខ្លាំងទេ ។ ខាងសមត្ថកិច្ចអាជ្ញាធរគេ គេថាក្រែងលោខ្ញុំមានហេតុផលយ៉ាងហ្នឹង»។
ក្រុមប្រឹក្សាឃុំឃ្សឹម គឺលោក ចាន់ សុខ ដែលធ្លាប់ឡើងចុះផ្ទះ សែម ប៊ុន បានឲ្យដឹងថា ដោយសារតែភាពក្រីក្រ សែម ប៊ុន ក៏តែងតែហៅកូនស្រីបងអាយុ១៨ឆ្នាំទៅដងជ័រក្នុងព្រៃជាមួយ ហើយបន្ទាប់ពីមានការប្ដឹងចោទប្រកាន់ពីភរិយាថាបានប្រើអំពើហិង្សាមកលើនោះ សែម ប៊ុន ក៏ត្រូវបានប៉ូលិសប៉ុស្ដិ៍ចាប់ឃុំដោយមានធ្វើទារុណកម្មទៀតផង។
លោក ចាន់ សុខ បានមានប្រសាសន៍ថា ៖ «វាគុំជាមួយប៉ូលិសរឿងដែលវ៉ៃគាត់ ថ្ងៃហ្នុងប៉ូលិសវ៉ៃគាត់ខៀវភ្នែក ដាក់ប៉ុស្ដិ៍ហ្នឹង។ ...ថ្ងៃហ្នុងប៉ូលិសវ៉ៃគាត់អស់ប៉ុន្មានដៃខៀវភ្នែកកាលហ្នុង»។
ប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំឃ្សឹមមិនបានបកស្រាយទេដោយផ្ដល់ឲ្យការសាកសួរព័ត៌មាននេះទៅថ្នាក់លើ ៖ «បើសិនជាបងចង់បានព័ត៌មាននេះ ទាក់ទងទៅខាងលើរបស់ខ្ញុំ។ រឿងនេះគឺជាកិច្ចការរបស់ខាងលើ»។
នាយស្នងការប៉ូលិសខេត្តបានផ្ដល់សម្ភាសន៍ក្រៅការអាត់សំឡេងថា ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតជាជំហានៗ ហើយវិធានការនៃការស៊ើបអង្កេត គឺប្រើវិធានការសន្តិសុខព្រហ្មទណ្ឌជួនកាលបើកជាចំហ ប៉ុន្តែមិនឲ្យព័ត៌មាននោះធ្លាយទៅដល់ជនសង្ស័យធ្វើឲ្យផ្អើលឡើយ៕
