លោក ម៉ៅ រ៉ៃ មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៨០៧ បានថ្លែងថាកម្លាំងរដ្ឋាភិបាលខ្មែរបានបង្ខំចិត្តចាប់ជនជាតិថៃ២នាក់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែសីហា នៅច្រកប្រាសាទត្បែងទឹកដីខ្មែរជាប់ច្រកសូន្យសាមរបស់ថៃ ក្បែរជើងភ្នំដងរែកក្នុងខេត្តបន្ទាយមានជ័យ ។
លោក ម៉ៅ រ៉ៃ បានឲ្យដឹងថា ៖ «ចំពោះប្រជាពលរដ្ឋថៃ បើមិនបានប្រជាពលរដ្ឋខ្មែរយើងមកវិញទេ ខ្ញុំក៏អត់ឲ្យដែរ ខ្ញុំសុំឃាត់ខ្លួនទុកសិន ដើម្បីធ្វើការទាមទារដោះដូរ» ។
ការចាប់ខ្លួនជនជាតិថៃ២នាក់ និងគោយន្ត២គ្រឿងនេះ គឺបានធ្វើឡើងបន្ទាប់ពីតម្រួតថៃនៅច្រកសូន្យសាមក្នុងខេត្តស្រះកែវ បានចាប់ពលរដ្ឋខែ្មរ៤នាក់និងគោយន្ត២គ្រឿង ខណៈដែលពលរដ្ឋខ្មែរទាំង៤នាក់បើកគោយន្តដឹកអីវ៉ាន់ចូលឲ្យថៅកែថៃ ។
លោក ម៉ៅ រ៉ៃ បានបញ្ជាក់ថាភាគីតម្រួតថៃបានបដិសេធមិនព្រមដោះលែងពលរដ្ឋខ្មែរទាំង៤នាក់នោះទេ បើទោះបីមានកិច្ចអន្តរាគមន៍ពីភាគីកម្ពុជាយ៉ាងណាក្តី ។
លោក ម៉ៅ រ៉ៃ បានមានប្រសាសន៍ថា ៖ «គេគិតតែនិយាយតាមផ្លូវច្បាប់ មកតាមផ្លូវច្បាប់ ប្រទេសមានច្បាប់ដូចគ្នា ខ្ញុំក៏ធ្វើតាមផ្លូវច្បាប់ដែរ» ។
ជនជាតិថៃទាំង២នាក់មានឈ្មោះ ម៉ាន ជាតិ ភេទប្រុស អាយុ៤៦ឆ្នាំ និងឈ្មោះ សិត ថា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិសូន្យសាម ឃុំតាត់ថៃ ស្រុកតាប់ស្យា ខេត្តស្រះកែវ និងគោយន្ត២គ្រឿង រួមទាំងកូនសត្វគោ២ក្បាល ត្រូវបានកម្លាំងរដ្ឋាភិបាលខ្មែរឃាត់ទុកនៅប៉ុស្តិ៍ការពារព្រំដែនបា្រសាទត្បែងក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ពលរដ្ឋខ្មែរជាក្មេងប្រុសទាំង៤នាក់ដែលតម្រួតថៃចាប់មិនព្រមដោះលែង កាលពីវេលាម៉ោង ៦:៣០នាទី ព្រឹកថ្ងៃទី២៦ ខែសីហានោះ មានឈ្មោះ ឆៅ ឈា អាយុ១២ឆ្នាំ ឈ្មោះ លោត លាញ់ អាយុ១៦ឆ្នាំ ឈ្មោះ កាន សេត អាយុ១៥ឆ្នាំ និងឈ្មោះ ថា រិន អាយុ១៨ឆ្នាំ ។
អ្នកទាំង៤នាក់នេះរស់នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានថៃចាប់ខណៈដែលពួកគេបើកគោយន្តដឹកអីវ៉ាន់ឲ្យថៅកែថៃ ។
ភាគីថៃ លោក សំ ភុន អភិបាលរងស្រុកតាប់ស្យា និងលោក ថាប តាម៉ុន មេបញ្ជាការឈុត១២ថៃ មិនអាចទំនាក់ទំនងសុំការបញ្ជាក់បានទេ ។
លោក ម៉ៅ រ៉ៃ បានព្រមានថាបើសិនជាថៃមិនព្រមដោះលែងប្រជាពលរដ្ឋខ្មែរទាំង៤នាក់ទេ លោកនឹងកសាងសំណុំរឿងបញ្ជូនជនជាតិថៃទាំង២នាក់ទៅតុលាការខ្មែរដើម្បីអនុវត្តតាមច្បាប់ ។
លោក ម៉ៅ រ៉ៃ បានបញ្ជាក់ថា ៖ «បើថាព្រឹកស្អែកមិនមានលទ្ធផល មានព័ត៌មានអីផ្ដល់មកឲ្យខ្ញុំវិញទេ អាហ្នឹងខ្ញុំនឹងបញ្ជូនប្រជាពលរដ្ឋថៃ ចាត់ការតាមច្បាប់ដូចគ្នា» ។
ទោះជាមានការអះអាងយ៉ាងនេះក្តី លោក ម៉ៅ រ៉ៃ បានបញ្ជាក់ថាភាគីថៃបានប្រាប់ឲ្យភាគីកម្ពុជារង់ចាំលទ្ធផលនៅត្រឹមព្រឹកថ្ងៃស្អែកជាបន្តទៀត ៕
