ជម្លោះរវាងមន្ត្រីគណបក្សប្រជាជនកម្ពុជា និងមន្ត្រីគណបក្ស សិទ្ធិមនុស្ស នៅក្នុងបរិវេណសាលាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែសីហា បណ្ដាលឲ្យជំទប់ទី២ គណបក្សសិទ្ធិមនុស្សទើបចូលកាន់តំណែង ក្លាយជាជនល្មើស រីឯជំនួយការឃុំត្រពាំងជោ ជាមន្ត្រីគណបក្សប្រជាជនកម្ពុជា បានស្លាប់។
សាក្សីក្នុងហេតុការណ៍ជម្លោះនោះ លោក ស្វាយ លី ជំទប់ទី២ ឃុំរស្មីសាមគ្គី មកពីគណបក្ស សម រង្ស៊ី ស្រុកឱរ៉ាល់ បានអះអាងថា កាលពីថ្ងៃទី២ ខែសីហា អាជ្ញាធរស្រុកឱរ៉ាល់ បានអញ្ជើញមន្ត្រីទើបជាប់ឆ្នោតថ្មី របស់ក្រុមប្រឹក្សាឃុំ ទៅបង្រៀននៅសាលាស្រុក អំពីការងារដែលត្រូវបម្រើប្រជាជនក្នុងឃុំនីមួយៗ។ លោកថា នៅម៉ោងជាង១រសៀល ពេលសម្រាកអាហារថ្ងៃត្រង់រួច លោក លី ម៉ៅ ជំនួយការឃុំត្រពាំងជោ បានជួយប្រាប់ទៅលោក សូត្រ ចាន់ថា ដែលជាជំទប់ទី២ របស់គណបក្ស សិទ្ធិមនុស្ស ទើបជាប់ឆ្នោតថ្មី ពីរបៀបបំពេញបែបបទក្នុងការបំពេញលិខិតអត្រានុកូលដ្ឋាន។
មួយសន្ទុះក្រោយមក លោកបានឃើញអ្នកទាំងពីរវាយតប់គ្នា ហើយលោក លី ម៉ៅ ជំនួយការឃុំ ដួលស្ដូកលើដីក្នុងបរិវេណសាលាស្រុកតែម្តង៖ «រឿងធ្វើអត្រានុកូលដ្ឋាននោះ ជជែកគ្នាហើយ ដល់អ៊ីចឹង ជំនួយការស្មៀនហ្នឹងប្រមាថមើលងាយគាត់ច្រើនពេក ហើយអ៊ីចឹង គាត់ទ្រាំអត់បាន ក៏គាត់ទៅដាក់ត្រូវមួយដៃចំមុខ ដល់អ៊ីចឹងអ្នកជំនួយការស្មៀន មកកន្ត្រោងកអាវគាត់ ប្រតាយគ្នាទៅ ដល់អ៊ីចឹង គាត់ក៏វ៉ៃទៀតទៅ ដល់ពេលហើយរាងទន់ទៅ គាត់ទាញមកអុកមួយជង្គង់ថែមមួយដៃ ដួលទៅដីបាត់ទៅ»។
ជំទប់ទី១ ឃុំរស្មីសាមគ្គី របស់គណបក្ស សិទ្ធិមនុស្ស លោក ជា សំអូន អះអាងថា គាត់បានឭថា លោក លី ម៉ៅ ជាជនរងគ្រោះដែលស្លាប់នោះ បានជេរប្រមាថលោក សូត្រ ចាន់ថា ជំទប់ទី២ នោះ នៅក្នុងចំណោមមនុស្សច្រើន ដែលសម្រាកហូបបាយ ទើបជម្លោះកើតឡើង៖ «គណបក្សយើង ដែលបង្រួបបង្រួមគ្នាហើយ យើងធ្វើអ៊ីចឹង គឺធ្វើឲ្យមានឥទ្ធិពលអាក្រក់មួយនៅក្នុងគណបក្ស ខ្ញុំសោកស្ដាយដែរ»។
មេឃុំត្រពាំងជោ លោក ទេព ណែម ថ្លែងថា ជារឿងដែលមិនគួរឲ្យកើតឡើង បណ្ដាលឲ្យមន្ត្រីក្នុងឃុំពីរនាក់ ក្នុងនោះម្នាក់ស្លាប់ និងម្នាក់ទៀតក្លាយជាអ្នកទោស ព្រោះតែមិនចេះអត់ឱនឲ្យគ្នា។
លោកថា ជំទប់ទី២ ឈ្មោះ សូត្រ ចាន់ថា ដែលប៉ូលិសបានចាប់ខ្លួនភ្លាមៗក្រោយរឿងហេតុវាយតប់ ទើបចូលកាន់តំណែង ក្នុងសាលាឃុំត្រពាំងជោ បានប្រមាណជិត៣ខែ។ លោកបន្តថា ក្នុងនាមជាអ្នករួមការងារ លោកសោកស្ដាយមន្ត្រីទាំងពីរនាក់នោះណាស់។ លោកអះអាងថា ជំទប់ទី២ គណបក្ស សិទ្ធិមនុស្ស ឈ្មោះ សូត្រ ចាន់ថា ធ្លាប់ជាប់ពន្ធនាគារច្រើនឆ្នាំមកហើយ និងធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារកន្លងមកដែរ។
លោកថាជំទប់ទី២ នោះ ត្រូវសមត្ថកិច្ចស្រុកឱរ៉ាល់ ចាប់ខ្លួនបញ្ជូនទៅស្នងការខេត្ត ក្រោយការប្រព្រឹត្តវាយសម្លាប់ជំនួយការឃុំត្រពាំងជោ នៅថ្ងៃដដែលនោះ៖ «ជាប្រវត្តិរបស់វាតាំងពីដើមមក គឺវាសម្លាប់ប្រពន្ធ វាកាប់ប្រពន្ធចោល កាលពីឆ្នាំ៨០ ទសវត្ស ៨០ហ្នឹង គេដាក់គុកប្រហែលជាង១០ឆ្នាំ ទើបរួច ដែលសម្ដេចតាចូលស្រុកប្រហែលឆ្នាំ៩៣ ឬ៩៤ ទេ»។
ស្នងការខេត្តកំពង់ស្ពឺ លោក កែវ ពិសី កំពុងប្រជុំ មិនអាចបំភ្លឺបានទេ នៅថ្ងៃសុក្រទី៣ ខែសីហា។
ប្រធានគណបក្ស សិទ្ធិមនុស្ស ប្រចាំខេត្តកំពង់ស្ពឺ លោក យិន យឿន ថ្លែងថា កំហុសវាយតប់រវាងជំទប់ទី២ គណបក្ស សិទ្ធមនុស្ស ឃុំត្រពាំងជោ មិនប៉ះពាល់ប្រជាប្រិយភាពរបស់គណបក្សនយោបាយទេ ព្រោះជារឿងទំនាស់បុគ្គល។
ប៉ុន្តែបុគ្គលិកសមាគមការពារសិទ្ធមនុស្ស អាដហុក ខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី ថ្លែងថា ទង្វើរបស់ជំទប់ទី២ នោះ អាចប៉ះពាល់ដល់មុខមាត់ របស់គណបក្សនយោបាយដែរ ប្រសិនបើតុលាការ និងសមត្ថកិច្ច រកឃើញថាជំទប់រូបនោះពិតជាបានសម្លាប់ជំនួយការឃុំ ដែលធ្វើការជាមួយគ្នានោះពិតមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។