អាជ្ញាធរ​រតនគិរី រង​ការ​ចោទ​ថា​រារាំង​ការ​ជួប​ប្រជុំ​របស់​ពលរដ្ឋ​សហគមន៍

នៅ​ខេត្ត​រតនគិរី​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១២ មាន​សេចក្តី​រាយការណ៍​ថា អាជ្ញាធរ​បាន​ព្យាយាម​រឹត​បន្តឹង​សេរីភាព​ជួប​ប្រជុំ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដែល​បាន​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​សេរីភាព​បញ្ចេញ​មតិ​ចំនួន​ពីរ​ករណី ជូន​ប្រជាពលរដ្ឋ។
ដោយ រដ្ឋា វីសាល
2012-07-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប៉ូលិស​ពិនិត្យ​ឯកសារ ៣០៥
ប៉ូលិស​ឃុំ​ភ្នំកុក កំពុង​ត្រួត​ពិនិត្យ​ឯកសារ និង​ហាម​ឃាត់​ក្រុម​សហគមន៍​មិន​ឲ្យ​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​សមាគម​អាដហុក (Adhoc) ស្ដីពី​ការ​អប់រំ​ច្បាប់ និង​សិទ្ធិ​បញ្ចេញ​មតិ នៅ​ឃុំ​ភ្នំកុក ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Ratha Visal

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម អាដហុក (Adhoc) ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា មន្ត្រី​អាជ្ញាធរ​ស្រុក​វ៉ឺនសៃ មាន​ចេតនា​ធ្វើ​ឲ្យ​រំខាន និង​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​ការ​ជួប​ប្រជុំ​មួយ រវាង​ពលរដ្ឋ​សហគមន៍ និង​មន្ត្រី​សមាគម អាដហុក ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​ច្បាប់ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ​កក្កដា មន្ត្រី​សមាគម អាដហុក ចំនួន​ពីរ​នាក់ បាន​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ​ខែ​មួយ នៅ​គេហដ្ឋាន​មួយ​របស់​តំណាង​សហគមន៍ មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៥នាក់ មក​ពី​ភូមិ​នានា​ក្នុង​ឃុំ​ភ្នំកុក ស្រុក​វ៉ឺនសៃ ចូល​រួម។

អ្នក​សម្រប​សម្រួល​សមាគម អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំនួន​ពីរ​នាក់ បាន​ទាម​ទារ​រក​ច្បាប់​អនុញ្ញាតិ​ក្នុង​កិច្ច​ប្រជុំ​នេះ និង​បាន​គំរាម​ថា នឹង​យក​ដីកា​ហាម​ឃាត់​ពី​អាជ្ញាធរ​ស្រុក មិន​ឲ្យ​បើក​កិច្ច​ប្រជុំ​នេះ បើ​ទោះ​បី​លោក​បាន​បញ្ជាក់ និង​បង្ហាញ​ឯកសារ​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ​ថា រាល់​កិច្ច​ប្រជុំ​សហគមន៍ ឬ​ការ​ប្រជុំ​ផ្សព្វផ្សាយ​អប់រំ សិក្ខាសាលា ឬ​វេទិកា​សាធារណៈ​មិន​តម្រូវ​ឲ្យ​សុំ​ច្បាប់​អនុញ្ញាតិ​យ៉ាង​ណា​ក្តី។

លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​បាន​ទូរស័ព្ទ​មក​លោក​មិន​ឲ្យ​បើក​កិច្ច​ប្រជុំ​នេះ​ដូច​គ្នា ហើយ​នេះ​គឺ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ដល់​សេរីភាព​ជួប​ប្រជុំ​របស់​ពលរដ្ឋ និង​រំលោភ​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ទៀត​ផង៖ «ប្រាប់​យើង​ថា ស្រុក​នឹង​ចេញ​ដីកា​បញ្ឈប់​អញ្ចឹង​ណា ហើយ​គាត់​ទៅ​យក។ វា​ជា​ការ​គាប​សង្កត់ វា​ជា​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ណាស់។ បើ​យើង​និយាយ​ទៅ​ចំពោះ​ការ​ជួប​ប្រជុំ​គ្នា​របស់​សហគមន៍ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​យើង​កំពុង​ដឹកនាំ​ប្រទេស​ទៅ​កាន់​របប​ប្រជាធិបតេយ្យ បែរ​ជា​អាជ្ញាធរ​ថ្នាក់​ក្រោម​ហ្នឹង ធ្វើ​របៀប​អញ្ចឹង​ណា»

ទាក់​ទិន​ការ​ចោទ​ប្រកាន់​នេះ មេឃុំ​ភ្នំកុក លោក លី នឿន បាន​បដិសេធ​ថា​លោក​មិន​បាន​ហាម​ឃាត់ ឬ​រារាំង​កិច្ច​ប្រជុំ​នោះ​ទេ ក៏​ប៉ុន្តែ​លោក​បាន​សួរ​រក​ហេតុផល​នៃ​កិច្ច​ប្រជុំ ដើម្បី​ពិនិត្យ​មើល​ថា តើ​កិច្ច​ប្រជុំ​នោះ​មាន​ទម្រង់​បែប​ណា​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា កិច្ច​ប្រជុំ​រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាមួយ​សហគមន៍​នៅ​ក្នុង​ទីតាំង​សហគមន៍ គឺ​អាច​ធ្វើ​បាន​ដោយ​មិន​ចាំបាច់​សុំ​ច្បាប់​ពី​អាជ្ញាធរ​នោះ​ទេ៖ «បើ​ធ្វើ​វេទិកា​សាធារណៈ គាត់​ឲ្យ​ផ្អាក​សិន។ ខ្ញុំ​ប្រាប់​គាត់​វិញ​ថា គាត់​នឹង​ធ្វើ​គ្រាន់​តែ​សកម្មជន​របស់​គាត់​ទេ ធ្វើ​ក្នុង​ផ្ទះ។ គាត់​ថា​ធ្វើ​បាន​អញ្ចឹង អញ្ចឹង​ខ្ញុំ​ប្រាប់​វិញ​មិន​មែន​ថា​ទៅ​គំរាម​ទេ»

ដូច​គ្នា​នេះ​ដែរ អធិការ​ប៉ូលិស​ស្រុក​វ៉ឺនសៃ លោក ទឺ នូថង មាន​ប្រសាសន៍​បញ្ជាក់​ថា ប៉ូលិស​នៅ​មូលដ្ឋាន​មិន​បាន​រឹត​បន្តឹង​សេរីភាព​ជួប​ប្រជុំ​របស់​ពលរដ្ឋ​នោះ​ទេ ក៏​ប៉ុន្តែ​ប៉ូលិស​ត្រូវ​តែ​ត្រួត​ពិនិត្យ​រាល់​សភាពការណ៍​ដែល​អាច​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​សន្តិសុខ​សង្គម៖ «យោង​តាម​បញ្ជា​អភិបាល​ស្រុក គាត់​ថា​ទៅ​សួរ​នាំ​មើល គាត់​ធ្វើ​មាន​អ្វី​ខ្លះ​អញ្ចឹង​ណា! មិន​ឃាត់​ទេ ឥឡូវ​គាត់​ធ្វើ​វិញ​តើ ប៉ុន្តែ​ធ្វើ​នៅ​ផ្ទះ​យក​សកម្មជន​គាត់​មួយ​ភូមិ​ពីរ​នាក់ បី​នាក់​អញ្ចឹង​ទេ»

កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ សកម្មជន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត​រតនគិរី ថា បាន​រំលោភ​ទៅ​លើ​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​គោលការណ៍​ការ​រៀបចំ​វេទិកា​សាធារណៈ​របស់​អង្គការ​សង្គម​ស៊ីវិល ដោយ​ទាម​ទារ​ឲ្យ​អង្គការ​នេះ​សុំ​ច្បាប់​អនុញ្ញាតិ​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ប្រារព្ធ​វេទិកា​សាធារណៈ​មួយ​នៅ​ឃុំ​សេដា ស្រុក​លំផាត់ គ្រោង​ធ្វើ​នៅ​ចុង​ខែ​កក្កដា នេះ។

ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​លេខ​០៥២ ចុះ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០០៨ ទាក់​ទិន​ទៅ​នឹង​គោលការណ៍​ស្ដីពី​ពិធី​ជួប​ប្រជុំ​របស់​ប្រជាពលរដ្ឋ កម្មវិធី​អប់រំ​ផ្សព្វផ្សាយ សិក្ខាសាលា ឬ​ការ​ប្រារព្ធ​វេទិកា​សាធារណៈ ដោយ​មិន​តម្រូវ​ឲ្យ​សុំ​ច្បាប់​អនុញ្ញាតិ​នោះ​ទេ គឺ​គ្រាន់​តែ​ជូន​ដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន​មុន​៧ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​តែ​ប៉ុណ្ណោះ។ ជាពិសេស បាន​រៀបចំ​ច្បាប់​ស្ដីពី​បាតុកម្ម​សន្តិវិធី​កាល​ពី​ឆ្នាំ​២០០៩ ឲ្យ​មន្ត្រី​អាជ្ញាធរ​ខេត្ត-ក្រុង​នានា​អនុវត្ត ដើម្បី​ធានា​ទៅ​លើ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​របស់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល