អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន នៅថ្ងៃទី២៨ ខែតុលា នេះ បានសម្ដែងការពេញចិត្តចំពោះអ្វីដែលសាលាក្ដីខ្មែរក្រហមបានកាត់ទោសឲ្យអតីតមេគុកទួសស្លែង ឈ្មោះ កាំង ហ្កេចអ៊ាវ ហៅ ឌុច ឲ្យជាប់គុក ៣៥ឆ្នាំ ក្រោមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទរំលោភបំពានលើអនុសញ្ញាក្រុងហ្សឺណែវ (Geneva) ឆ្នាំ១៩៤៩ ដោយលោកបានពណ៌នាថា គឺជាការផ្ញើសារយ៉ាងខ្លាំងមួយឲ្យពិភពលោកបានដឹងឭ និងលុបបំបាត់និទណ្ឌភាពនៅកម្ពុជា។
លោកបានថ្លែងនេះ គឺនៅក្នុងសារមន្ទីរប្រល័យពូជសាសន៍ខ្មែរក្រហម ឬមន្ទីរស-២១ នៅថ្ងៃទី២៨ ខែតុលា បន្ទាប់ពីលោកបានទស្សនាកន្លែងធ្វើទារុណកម្មរូបថតអ្នកស្លាប់នៅក្នុងគុកទួលស្លែង និងបានអុជធូបរំឭកវិញ្ញាណក្ខន្ធនៅកន្លែងដាក់តាំងឆ្អឹងលលាដ៍ក្បាលនៃជនរងគ្រោះនៅក្នុងគុកទួលស្លែងនោះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានមានប្រសាសន៍នៅថ្ងៃទី២៨ ខែតុលាថា វាមិនអាចគ្មានការដាក់ទោសបានទេ ចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិបែបនេះ ៖ "ខ្ញុំមិនអាចបំភ្លេចបានទេអំពីការទស្សនកិច្ចនៅថ្ងៃនេះ វាជាការតក់ស្លុតយ៉ាងខ្លាំង ហើយសូមឲ្យព្រលឹងអ្នករងគ្រោះទាំងឡាយទទួលបាននូវយុត្តិធម៌"។

លោក បាន គីមូន បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងផងដែរ ឲ្យដំណើរការសាលាក្ដីខ្មែរក្រហមនេះបន្តទៅចប់ចុងចប់ដើម ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអតីតអ្នកទោសខ្មែរក្រហមនៅគុកទួលស្លែង លោក ជុំ មី ដែលរួចផុតពីការស្លាប់បានទេ ដោយសារតែលោកកំពុងតែធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីរៀបរាប់អំពីប្រវត្តិរបស់លោកនៅក្នុងគុកទួសស្លែងនេះ។ ប៉ុន្តែកូនស្រីរបស់លោក ជុំ មី គឺនាង ជុំ កាន់ណារ៉ា អាយុ ៣០ឆ្នាំ បានថ្លែងជំនួសឪពុកនាងថា នាងរីករាយណាស់ ៖ «ចាស់! អង្គការសហប្រជាជាតិក៏គាត់ដឹងឭ ហើយគាំទ្រខាងជនរងគ្រោះ»។
ទាក់ទងនឹងការស្នើសុំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន មិនឲ្យសាលាក្ដីខ្មែរក្រហមបន្តស៊ើបអង្កេតលើសំណុំរឿង០០៣ លោក បាន គីមូន បានមានប្រសាសន៍ថា ៖ "ខ្ញុំបានពិភាក្សាយ៉ាងល្អជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី គាត់បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តក្នុងការបំពេញតាមនីតិវិធីនៃសាលាក្ដីខ្មែរក្រហមនេះ"។
កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ សាលាក្ដីខ្មែរក្រហមបានប្រកាសសាលក្រមផ្ដន្ទាទោសមេគុកទួលស្លែងនៃរបបខ្មែរក្រហម ឬមន្ទីរស-២១ ឈ្មោះ កាំង ហ្កេចអ៊ាវ ហៅ ឌុច ឬសំណុំរឿង០០១ ឲ្យជាប់គុក ៣៥ឆ្នាំ ក្រោមបទចោទថា លោកមានកំហុសនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបានរំលោភបំពានលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។
ឯកសារបានបញ្ជាក់ថា មានជនរងគ្រោះចំនួនជាង ១២.០០០នាក់ ត្រូវបានខ្មែរក្រហមសម្លាប់នៅគុកទួលស្លែង នៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។
សាលាក្ដីខ្មែរក្រហមដដែលមានផែនការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួន ៤នាក់ទៀត នៃសំណុំរឿង០០២ នៅក្នុងនោះមានលោក អៀង សារី លោក ខៀវ សំផន លោក នួន ជា និងលោកស្រី អៀង ធីរិទ្ធ នៅដើមឆ្នាំ២០១១ ខាងមុខ ក្រោមបទចោទអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ដោយសារតែបានរំលោភបំពានលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទរំលោភបំពានលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ ស្ដីពីការធ្វើទារុណកម្មសម្លាប់រង្គាល និងការលុបបំបាត់សាសនា៕