ការចាប់ខ្លួនគ្រូពេទ្យអត់មានជំនាញនេះ ត្រូវបានគេមើលឃើញថា ជាចំណាត់ការដំបូងគេ ព្រោះកន្លងមកមានបុគ្គលិកសុខាភិបាល និងគ្រូពេទ្យនៅតាមគ្លីនិកឯកជនខ្លះ បានព្យាបាលមនុស្សស្លាប់ដូចគ្នា ប៉ុន្តែពុំមានផ្ដន្ទាទោសទេ។
ក្រុមអ្នកភូមិជាង ២០នាក់ និងគ្រួសារស្ត្រីជាជនរងគ្រោះ បានលើកគ្នាមកតវ៉ានៅខាងមុខតុលាការខេត្តបាត់ដំបង ដើម្បីសុំឲ្យតុលាការពិចារណាដោះលែងបុរសម្នាក់ឲ្យនៅក្រៅឃុំ។ បុរសរូបនោះមាន ឈ្មោះ ទូច វិចិត្រ អាយុជាង ៥០ឆ្នាំ ជាពេទ្យពុំមានជំនាញច្បាស់លាស់ រស់នៅភូមិចម្ការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែកញ្ញា ក្រោយពីគាត់បានចាក់ថ្នាំព្យាបាលស្ត្រីម្នាក់ឈ្មោះ ចាន់ ធី អាយុ ៤៧ឆ្នាំ មានកូនក្នុងផ្ទៃ ស្លាប់ទាំងពីរនាក់ម្ដាយនិងកូន។
លោក ព្រំ គង់ អាយុ ៦០ឆ្នាំ ជាប្ដីស្ត្រីរងគ្រោះ ថ្លែងថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា គាត់បានជូនប្រពន្ធទៅផ្ទះគ្រូពេទ្យឈ្មោះ ទូច វិចិត្រ។ ពេលទៅដល់ ជួបលោកគ្រូពេទ្យនេះ ប្រាប់ពីអាការៈប្រពន្ធថា ប្រពន្ធគាត់ឈឺក្បាល និងក្ដៅខ្លួន។
លោក ទូច វិចិត្រ បានបដិសេធ និងមិនហ៊ានព្យាបាលទេ ប៉ុន្តែ ដោយសារតែលោកពុំមានលទ្ធភាពយកប្រពន្ធទៅមន្ទីរពេទ្យ ក៏បង្ខំឲ្យលោក ទូច វិចិត្រ ព្យាបាលតែម្ដង។ នៅពេលប្រពន្ធមានអាការៈប្រកាច់ គ្រូពេទ្យបានយកថ្នាំមួយអំពូល ចាក់ឲ្យប្រពន្ធគាត់បានតែកន្លះអំពូល ធ្វើឲ្យប្រពន្ធគាត់ត្រជាក់ខ្លួនឈប់ប្រកាច់។
ក្រោយមក ស្រាប់តែប្រពន្ធគាត់ឡើងកម្ដៅក្នុងខ្លួនវិញ គ្រូពេទ្យបានចាក់ថ្នាំដែលនៅសល់កន្លះអំពូលនោះបន្ថែមទៀត បានប្រហែលជា ៥នាទី ស្រាប់តែប្រពន្ធគាត់ប្រកាច់ដាច់ខ្យល់ស្លាប់៖ «អ៊ីចឹង បានសុខចិត្តមើលហ្នឹង មិនមានអីដឹកទេ សុទ្ធតែទឹក ទៅអីរួច ផ្លូវពិបាក ប្រពន្ធគាត់ថា អញមិនទៅទេ សុខចិត្តស្លាប់នេះ រកគោយន្ត គេមកមិនរួច រកមនុស្សសែង គ្មានគេទៅស៊ីឈ្នួលអស់។ វាសួយរហូត ខ្ញុំអត់បានប្ដឹងទេ ស្លាប់នៅហ្នឹងគេជួយទាំងលុយទាំងកាក់ ម្ហូប បង្អែមអីទាំងអស់។ មកហ្នឹង ចង់សុំឲ្យពេទ្យទៅវិញ អត់មានកំហុសអីទេពេទ្យ។ គាត់អត់មានធ្វើអីផង គាត់ចាក់ថ្នាំដែរ ប៉ុន្តែមិនមែនចាក់ឲ្យងាប់ឯណា»។
ក្រុមអ្នកភូមិបញ្ជាក់ថា លោក ទូច វិចិត្រ អាយុ ៥១ឆ្នាំ រស់នៅភូមិចម្ការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ រូបគាត់គ្រាន់តែធ្លាប់ធ្វើការព្យាបាលជំងឺនៅតាមភូមិចម្ការតាប៊ុន ប៉ុន្តែ ពុំមានសញ្ញាបត្រពេទ្យទេ៖ «ខ្ញុំទៅទាន់ ដឹងតែគាត់ប្រកាច់ប៉ុណ្ណឹងឯង សាច់ខ្លួនអីគាត់ជាំពេញសាច់អស់ហើយ។ ខ្ញុំទៅទាន់ សាច់គាត់ត្រជាក់អស់ហើយ។ គាត់ទម្ងន់ពោះធំ ដល់គាត់ប្រកាច់ ខ្ញុំថាអូតាម៉េចបានជាអ៊ីចឹង។ តាគាត់ថា មិនអីទេ វាធ្លាប់ប្រកាច់តែអ៊ីចឹងឯង (ប្ដីគាត់) ខ្ញុំថាតា ខ្ញុំភ័យណាស់ តាឯងប្ដីមិនភ័យ ដល់ប្រកាច់ទៅ ត្រជាក់ដៃ ត្រជាក់ជើង ខ្ញុំស្ទាបទៅហៅពេទ្យឲ្យជួយផង ពេទ្យនៅក្នុងផ្ទះ គាត់មិនហ៊ានចាក់ទេ ត្រជាក់ដៃត្រជាក់ជើងដូចខ្មោចទៅហើយ»។
ព្រះរាជអាជ្ញាតុលាការខេត្តបាត់ដំបង លោក នួន សាន បានមានប្រសាសន៍ថា ពិនិត្យលើការតវ៉ារបស់ប្រជាពលរដ្ឋ ដែលមិនគាំទ្រលើការឃាត់ខ្លួន ឃុំខ្លួន ឬការចោទប្រកាន់របស់តុលាការនោះ គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែទង្វើរបស់អ្នកចាក់ថ្នាំដែលពុំមានជំនាញពេទ្យ ហើយបានចាក់ថ្នាំធ្វើឲ្យស្លាប់មនុស្ស គឺជាបទល្មើស។ ខាងតំណាងអយ្យកា បានធ្វើការចោទប្រកាន់ករណីនេះ ពីបទមនុស្សឃាតអចេតនា។ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ។ លោកព្រះរាជអាជ្ញាបន្តថា បើសិនជាទង្វើរបស់គាត់ជាកំហុស នីតិវិធីត្រូវតែដំណើរការ។
ពាក់ព័ន្ធការចាប់ខ្លួន ឬយ៉ាងណានោះ ក៏មិនតម្រូវថាត្រូវតែចាប់ដែរ ប៉ុន្តែរឿងថា មានទោស ឬមិនមានទោសនោះ គឺត្រូវរង់ចាំរហូតដល់សាលក្រមសម្រេចជាស្ថាពរសិន៖ «អំពើហ្នឹង ខ្ញុំជាតំណាងអយ្យកា គឺថាជាកំហុសតែម្ដង។ ដូចក្នុងករណីនេះ ពេទ្យនេះ ប៉ុន្តែជាក់ស្ដែងគាត់ពុំមានជំនាញជាពេទ្យទេ។ ដូចថា ចេះតាមទម្លាប់ ហើយមានការធ្វេសប្រហែសទៅស្លាប់ មានកូនក្នុងពោះប៉ុន្មានខែទៀត។ ចៅក្រមស៊ើបសួរ គាត់បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន»។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា ក្រុមអ្នកភូមិ និងបុរសជាប្ដីស្ត្រីរងគ្រោះ បាននាំគ្នាទៅកាន់ស្នាក់ការសមាគមអាដហុក។ ពួកគាត់បាននិយាយពីស្ថានភាពជំងឺមុនពេលអ្នកជំងឺស្លាប់។ បុរសជាប្ដីស្ត្រីរងគ្រោះ បានថ្លែងថា បញ្ហាទាំងអស់កើតឡើងដោយសារតែគាត់សុំឲ្យពេទ្យជួយប្រពន្ធ ព្រោះគាត់ពុំមានលទ្ធភាពបញ្ជូនប្រពន្ធទៅព្យាបាលនៅមន្ទីរពេទ្យ។ ករណីនេះ សមាគមអាដហុក ប្រាប់ពលរដ្ឋថា ជនដែលគេចាប់មកនេះតាមផ្លូវច្បាប់ នៅពុំទាន់ក្លាយជាអ្នកមានទោសទេ។
សមាគមនៅពុំទាន់បានដឹងពីប្រភេទថ្នាំ ដែលឈ្មោះ ទូច វិចិត្រ បានចាក់ទៅលើស្ត្រីមានផ្ទៃពោះនោះ ជាប្រភេទថ្នាំអ្វីនោះដែរ៖ «អ៊ីចឹង យើងមិនទាន់បានដឹងច្បាស់ថា តើមានឯកសារអ្វីមួយបញ្ជាក់ពីបញ្ហានៃការស្លាប់នេះនៅឡើយទេ ហើយយើងបានប្រាប់គាត់ថា យើងនឹងធ្វើការប្រមូលព័ត៌មានជុំវិញករណីនេះបន្ថែមទៀត។ ហើយអ្វីដែលយើងអាចជួយគាត់បាន គឺការផ្ដល់មេធាវី ការរកភស្តុតាងក្នុងការដាក់ជូនទៅតុលាការជាភស្តុតាងដោះបន្ទុក ថា ការស្លាប់មិនពាក់ព័ន្ធនឹងថ្នាំដែលគាត់ចាក់នោះទេ»។
មន្ត្រីអាដហុក លោក យិន ម៉េងលី ថ្លែងថា បើយើងនិយាយពីគោលការណ៍ច្បាប់ សមត្ថកិច្ចជាអ្នកស្វែងរកបទល្មើស ទោះជាភាគីណាប្ដឹង មិនប្ដឹងក៏ដោយ អោយតែមានបទល្មើសកើតឡើង សមត្ថកិច្ចត្រូវតែអនុវត្តទៅតាមតួនាទីរបស់គាត់ ដែលច្បាប់ប្រគល់ឲ្យ។ ក៏ប៉ុន្តែ គេមើលឃើញថា ការអនុវត្តច្បាប់វាពុំទាន់មានភាពល្អត្រឹមត្រូវទេ៖ «ការអនុវត្តច្បាប់ នៅមានការខ្វះចន្លោះ នៅមានការឆក់ល្វែងរបស់សមត្ថកិច្ច។ ត្រង់ការអនុវត្តច្បាប់នេះ វាមានភាពលំអៀងគ្នារវាងអ្នកដែលមានលុយ មានអំណាច ហើយនិងអ្នកដែលមានភាពទន់ខ្សោយជាង។ អ៊ីចឹង ការអនុវត្តរបស់យើង ដើម្បីឲ្យប្រទេសយើងក្លាយជានីតិរដ្ឋ នៅមានកម្រិតនៅឡើយ»។
ក្នុងរយៈពេលជាបន្តបន្ទាប់មកនេះ ការព្យាបាលមនុស្សស្លាប់ ជាពិសេស ពេលសម្រាលកូននៅតាមមន្ទីរពេទ្យរដ្ឋ ដូចជានៅខេត្តបន្ទាយមានជ័យ ប៉ៃលិន និងនៅគ្លីនិកមន្ទីរពហុព្យាបាលឯកជននានា នៅក្នុងខេត្តបាត់ដំបង កើតមានជាហូរហែ។ ប៉ុន្តែ គេពុំដែលឃើញសមត្ថកិច្ចចាប់ខ្លួនគ្រូពេទ្យ និងម្ចាស់មន្ទីរពហុព្យាបាលឯកជននោះ យកទៅផ្ដន្ទាទោសនោះទេ។ ភាគច្រើននៃការស្លាប់នេះ ត្រូវបានម្ចាស់សេវាសុខាភិបាលឯកជនទាំងនោះ សម្របសម្រួលជាមួយគ្រួសារជនរងគ្រោះ និងចំណាយលុយទៅឲ្យសមត្ថកិច្ចជំនាញ ដើម្បីរក្សាមុខមាត់ការធ្វើអាជីវកម្មរបស់ខ្លួនបន្តទៀត។
ករណីចាប់ខ្លួនបុរសឈ្មោះ ទូច វិចិត្រ អ្នកភូមិអះអាងថា ជាពេទ្យប្រចាំភូមិរបស់ពួកគេនោះ ធ្វើឡើងជាលើកដំបូងគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។