កម្មករឈ្មោះ ខុន រ៉ាវី ឲ្យដឹងនៅថ្ងៃទី៣ តុលា ថា កម្មករជួបប្រទះបញ្ហាមួយចំនួន ដែលមិនអាចអនុវត្តតាមលក្ខខណ្ឌរបស់ថៅកែរោងចក្រនោះទេ ព្រោះការដាក់លក្ខខណ្ឌខ្លះ ថៅកែរោងចក្រមិនគិតដល់ផលវិបាករបស់កម្មករនោះឡើយ។
លោកបញ្ជាក់ថា ការឲ្យកម្មករទៅដល់រោងចក្រឲ្យទាន់ម៉ោង ជារឿងពិបាកក្នុងការធ្វើតាម ដោយហេតុថារោងចក្រនៅឆ្ងាយពីផ្លូវជាតិប្រហែលកន្លះគីឡូម៉ែត្រ ហេតុនេះ ទម្រាំកម្មករចុះពីឡានឈ្នួល ហើយពួកគេដើរដល់រោងចក្រនោះ ពួកគេត្រូវចំណាយពេលយ៉ាងហោចណាស់ ពី ៦ទៅ ១០នាទីដែរ។ លោក ខុន រ៉ាវី លើកឡើងបន្តថា ការយកហេតុផលនៃការយឺតយ៉ាវបន្តិចបន្តួចរបស់កម្មករ ធ្វើជាលេសដើម្បីកាត់ប្រាក់ខែរបស់កម្មករ មិនមែនជារឿងត្រឹមត្រូវនោះទេ។
លោក ខុន រ៉ាវី អះអាងបន្ថែមថា កម្មករណាមួយទៅយឺតចំនួន ៣ដង ពួកគេត្រូវថៅកែរោងចក្រកាត់ប្រាក់ ១ថ្ងៃ បូកនឹងប្រាក់រង្វាន់ ១០ដុល្លារក្នុងមួយខែ។ រីឯអ្នកណាមួយចេញមុនម៉ោងចំនួន ៣ដង ក៏ត្រូវថៅកែរោងចក្រកាត់ប្រាក់ខែដូចអ្នកទៅយឺតដែរ។ កម្មករដែលប្រញាប់ចេញមុននោះ ដោយសារពួកគេរួសរាន់ទៅឲ្យទាន់ឡានឈ្នួលដែលឈប់ចាំនៅថ្នល់ជាតិ ព្រោះអ្នកណាចេញមិនទាន់ ឡានឈ្នួលដឹកកម្មករអាចនឹងចេញចោល។
ទាក់ទងនឹងការធ្វើកូដកម្មនេះដែរ កម្មករម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ លើកឡើងថា មូលហេតុដែលកម្មករនាំគ្នាធ្វើកូដកម្មនោះ ព្រោះថៅកែរោងចក្របានដកកម្មករមិនបង្ហាញមូលហេតុជាបន្តបន្ទាប់ ដោយថៅកែនោះមិនបានគិតប្រាក់បំណាច់ឆ្នាំ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀតដល់កម្មករទាំងនោះឡើយ។ បន្ថែមលើនេះ លោកបញ្ជាក់ថា ថៅកែរោងចក្រតែងគម្រាមដកកម្មករចេញ ហើយយកកម្មករជនជាតិវៀតណាម មកជំនួសកម្មករខ្មែរវិញ។
តាមការឲ្យដឹងរបស់កម្មករ ពួកគេបញ្ជាក់ថា បច្ចុប្បន្នកម្មករជនជាតិវៀតណាម ប្រមាណ ១០០នាក់ កំពុងធ្វើការនៅរោងចក្រនេះ។
កម្មករផលិតកង់នៃរោងចក្រឈ្មោះ អេ.អិន.ជី ធ្វើកូដកម្មចាប់ពីថ្ងៃទី១ តុលា ហើយបច្ចុប្បន្ន ថៅកែរោងចក្រ និងតំណាងមន្ទីរការងារខេត្ត កំពុងជួបចរចាជាមួយថៅកែរោងចក្រ ដើម្បីរកដំណោះស្រាយលើបញ្ហានេះ។
ទោះយ៉ាងណា កម្មករទាំងនោះបញ្ជាក់ថា មន្ទីរការងារខេត្ត និងភាគីរោងចក្រ ហាក់ត្រូវដងត្រូវផ្លែគ្នា ដោយភាគីទាំងពីរមិនបង្ហាញសញ្ញាណាមួយថា ពួកគេនឹងរកដំណោះស្រាយជូនកម្មករនោះទេ។
ឆ្លើយតបការលើកឡើងរបស់កម្មករនេះ ប្រធានមន្ទីរខេត្តស្វាយរៀង លោក ហាស់ ប៊ុនធី មានប្រសាសន៍ថា ភាគីរោងចក្រ និងមន្ត្រីនៃមន្ទីរការងារខេត្ត បានជួបចរចាគ្នា និងយល់ព្រមលើចំណុចវិវាទមួយចំនួនរួចហើយ ប៉ុន្តែនៅសល់តែមួយចំណុចទៀតទេ ដែលថៅកែរោងចក្រមិនទាន់យល់ព្រមនោះ គឺការសំណូមពររបស់កម្មករ សុំកុំឲ្យកាត់ប្រាក់ខែរបស់ពួកគេសម្រាប់រយៈពេលប៉ុន្មានថ្ងៃ ដែលពួកគេឈប់ធ្វើកូដកម្ម។ លោកបន្តថា នៅថ្ងៃព្រហស្បតិ៍ មន្ត្រីតំណាង និងភាគីរោងចក្រ នឹងយកបញ្ហានេះមកជជែកគ្នាជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។