ប្រជាពលរដ្ឋរស់នៅភូមិ១ប្រមាណជាង៤០០គ្រួសារ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្តែងនូវក្តីព្រួយបារម្ភជាថ្មីម្តងទៀត ដោយសារអាជ្ញាធរមានផែនការជម្លៀសប្រជាពលរដ្ឋនៅភូមិនេះបន្តទៀត ក្រោយពេលបុណ្យអុំទូក បន្ទាប់ពីមានការជម្លៀសប្រជាពលរដ្ឋនៅភូមិ៤ និងភូមិ៦កន្លងមកនោះ។
អ្នកស្រី ហង្ស សេង ដែលអះអាងថា គ្រួសាររបស់គាត់បានរស់នៅទីនោះជាយូរណាស់មកហើយ បានមានប្រសាសន៍ថា កាលពីអំឡុងខែតុលា សាលាខណ្ឌដូនពេញ បានចេញលិខិតឲ្យទៅប្រជាពលរដ្ឋមួយចំនួនទៅទំនាក់ទំនងជាមួយសាលារាជធានីភ្នំពេញ ដើម្បីចរចាទទួលយកគោលការណ៍ដោះដូរទីលំនៅថ្មី ឲ្យបានមុនថ្ងៃទី៣១ តុលា ហើយប្រសិនបើនៅក្រោយបុណ្យអុំទូកមិនមានការចរចា ឬមានការព្រមព្រៀងអ្វីទេនោះ អាជ្ញាធរនឹងមិនទទួលខុសត្រូវក្នុងការឈូសឆាយ រុះរើផ្ទះសម្បែងនោះទេ។
លោកស្រី ហង្ស សេង បានឲ្យដឹងដូច្នេះ ៖ «ប្រហែលជាបុណ្យអុំទូកហើយហ្នឹង គេមកប្រាប់ខ្ញុំទៀតហើយ។ ខ្ញុំភ័យ»។
លោកស្រីបានសម្តែងនូវក្តីព្រួយបារម្ភពីបញ្ហានេះបន្តទៀតថា ៖ «កាលពីជំនាន់ប៉ុលពតខ្ញុំភ័យម្ដង ដល់ពេលឥឡូវភ័យម្ដងទៀតហើយ។ ភ័យត្រង់គេមកគំរាមយកផ្ទះហ្នឹងថា បើមិនទទួល៨.០០០ដុល្លារហ្នឹងទេ គេនឹងរុះផ្ទះខ្ញុំ»។
បុរសម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ រស់នៅភូមិ១ តំបន់បឹងកក់នោះដែរ បានឲ្យដឹងថា អាជ្ញាធរនៅតែដើរបំភ័យប្រជាពលរដ្ឋឲ្យទទួលសំណង៨.០០០ដុល្លារជាថ្នូរនឹងការចេញ បើមិនព្រមនឹងមិនបានអ្វីទាំងអស់។
បុរសសុំមិនបញ្ចេញឈ្មោះឲ្យដឹងដូច្នេះ ៖ «ប្រធានភូមិប្រាប់យើង បើយើងមិនទទួលយកគោលការណ៍៨.០០០ដុល្លារហ្នឹង គេឈូសឆាយផ្ទះយើង ហើយគេអត់ឲ្យលុយទេ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងរាជធានីភ្នំពេញ លោក ម៉ាន់ ឈឿន បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ វិច្ឆិកា ថា ៖ «តាមខ្ញុំដឹង កម្មវិធីហ្នឹងមានជំហានរបស់គេ។ ជំហានអ្នកនៅក្នុងទឹក១២០០-១៣០០ វាចប់ដំណាក់កាលទី១ហើយ។ យើងនឹងទៅទៀត បន្តអ្នកនៅលើគោកខ្លះ ក្នុងទឹកខ្លះ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានមានប្រសាសន៍ថា យន្តការដោះស្រាយរបស់អាជ្ញាធរ គឺធ្វើឡើងឲ្យតែល្អមើល ប៉ុន្តែអ្វីដែលសាធារណជនកំពុងតែមើលឃើញបច្ចុប្បន្ន គឺប្រជាពលរដុ្ឋកំពុងទទួលរងនូវការគំរាមកំហែង និងគាបសង្កត់គ្រប់បែបយ៉ាង ជាពិសេសស្ថានភាពបរិស្ថានជុំវិញកន្លែងរស់នៅ និងការផ្តល់តម្លៃមិនសមរម្យតាមតម្លៃដីនៅលើទីផ្សារ ដែលអាចឲ្យប្រជាពលរដ្ឋមានសិទ្ធិស្វែងរកទីលំនៅថ្មីសមរម្យដោយខ្លួនឯងបាន។
លោក ចាន់ សុវ៉េត មានប្រសាសន៍ដូច្នេះ ៖ «យើងបានទទួលព័ត៌មានហ្នឹងថា គេនឹងចាប់ផ្ដើមធ្វើការចរចា និងធ្វើការរៀបចំអំពីអ្នកដែលទទួលយកនូវគោលនយោបាយរបស់សាលាក្រុងភ្នំពេញចំនួន៣ចំណុច»។
លោកបន្តថា ក្នុងនាមសង្គមស៊ីវិល លោកអំពាវនាវសូមឲ្យរដ្ឋាភិបាលគិតគូរពីតម្លៃនៃសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍដោយជៀសវាងនូវការប្រើអំពើហិង្សាដោយប្រការណាមួយ។
បឹងកក់មានទំហំប្រមាណ១៣៣ហិកតារ ត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិអភិវឌ្ឍន៍ទៅឲ្យក្រុមហ៊ុនស៊ូកាគូ ធ្វើការអភិវឌ្ឍក្នុងរយៈពេល៩០ឆ្នាំ៕
