តំណាង​អ្នក​បឹង​កក់​១៥​នាក់​ព្រមាន​នឹង​តវ៉ា​ដោយ​អត់​អាហារ​ក្នុង​ពន្ធនាគារ

អ្នក​ភូមិ​បឹង​កក់ និង​អ្នក​ភូមិ​បុរី​កីឡា ចំនួន​ជាង ១០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​អគារ​ព្រឹទ្ធសភា ហើយ​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ទាំង ២​នេះ អោយ​ជួយ​អន្តរាគមន៍​ដោះ​លែង​តំណាង​ពួក​គេ ១៥​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស អោយ​មាន​សេរីភាព។
ដោយ សុ ជីវី
2012.06.08
អ្នក​ភូមិ​បឹង​កក់ និង​បុរី​កីឡា ៣០៥ អ្នក​ភូមិ​បឹង​កក់ និង​បុរី​កីឡា ចំនួន​ជាង ១០០​នាក់ ជួប​ជុំ​គ្នា​នៅ​មុខ​ស្ថានទូត​ជប៉ុន និង​អគារ​ព្រឹទ្ធសភា អោយ​ជួយ​អន្តរាគមន៍​ដោះ​លែង​តំណាង​ទាំង ១៥​នាក់ កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១២។
RFA/Uon Chhin

ការ​ទាមទារ​របស់​ពួក​គេ​នេះ គឺ​ស្រប​ពេល​ដែល​អ្នក​តំណាង​ទាំង ១៥​នាក់​នោះ បាន​ប្រកាស​ថា នឹង​ចាប់​ផ្ដើម​ការ​តវ៉ា​ដោយ​អត់​អាហារ​ក្នុង​ពន្ធនាគារ ប្រសិន​បើ​នៅ​តែ​បន្ត​ឃុំ​ឃាំង​ពួក​គេ ដោយ​ពួក​គេ​ពុំ​មាន​កំហុស។

ក្រុម​អ្នក​ភូមិ​បឹង​កក់ អ្នក​ភូមិ​បុរី​កីឡា និង​កូនៗ​របស់​ពួក​គេ អំពាវ​នាវ​ជា​ថ្មី​ទៀត ដើម្បី​អោយ​មាន​អន្តរាគមន៍​ដោះ​លែង​អ្នក​តំណាង ១៥​នាក់ ដោយ​សំអាង​ថា ពួក​គេ​ត្រូវ​ផ្ដន្ទាទោស​អោយ​ជាប់​ពន្ធនាគារ។

ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូល​របស់​ជាតិ​មួយ​ចំនួន​ដូច​ជា ព្រះបរមរាជវាំង រដ្ឋសភា និង​ក្រសួង​យុត្តិធម៌ អោយ​ជួយ​អន្តរាគមន៍​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។

នៅ​ខាង​មុខ​ស្ថានទូត​ជប៉ុន និង​អាគារ​ព្រឹទ្ធសភា ក្មេងៗ​ជា​កូន​អ្នកភូមិ​បឹង​កក់ ជា​ច្រើន​នាក់ បាន​លុត​ជង្គង់​ច្រៀង​អង្វរ​ទាំង​ទឹក​ភ្នែក អោយ​ស្ថាប័ន​ទាំង​ពីរ​នេះ ជួយ​អោយ​ម្ដាយ​ពួក​គេ​មាន​សេរីភាព។ ស្រប​គ្នា​នេះ ពួក​គេ​ក៏​បាន​រៀប​រាប់​ពី​ការ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​ពេល​ដែល​មិន​មាន​ម្ដាយ​រស់​នៅ​ជា​មួយ។

តំណាង​អ្នក​បឹង​កក់​ម្នាក់ អ្នក​ស្រី បូ ឆវី មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ពុំ​ទាន់​មាន​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​មិន​អស់​សង្ឃឹម​ឡើយ ពួក​គេ​​នឹង​នៅ​តែ​បន្ត​ការ​ទាម​ទារ​រហូត​មាន​ដំណោះ​ស្រាយ។

ស្រប​ពេល​ដែល​កូនៗ និង​អ្នក​ភូមិ​កំពុង​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូលៗ និង​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា​នេះ តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស បាន​ព្រមាន​ថា នឹង​ធ្វើ​ការ​តវ៉ា​ដោយ​អត់​អាហារ ប្រសិន​បើ​ពុំ​មាន​ស្ថាប័ន​ណា​អើពើ​ជួយ​រក​ដំណោះ​ស្រាយ​អោយ​មាន​ការ​ដោះ​លែង​ពួក​គេ អោយ​មាន​សេរីភាព​ឡើង​វិញ​ទេ​នោះ។

តំណាង​អ្នក​ភូមិ​បឹង​កក់​ម្នាក់​ទៀត អ្នក​ស្រី ខែក ចាន់រស្មី បាន​អោយ​ដឹង​តាម​ទូរស័ព្ទ​ថា អ្នក​ស្រី​បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​តំណាង​ទាំង ១៥​នាក់ ហើយ​ពួក​គេ​បាន​ប្រាប់​ថា គេ​នឹង​អត់​អាហារ​អោយ​ស្លាប់ ប្រសិន​បើ​ពួក​គេ​ត្រូវ​បន្ត​ជាប់​ក្នុង​ពន្ធនាគារ​ដូច​ហ្នឹង អ្វី​ដែល​តុលាការ​បាន​ផ្ដន្ទាទោស​ពួក​គេ។

អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់ ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​ចាប់​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា និង​ត្រូវ​កាត់​អោយ​មាន​ទោស ២​ឆ្នាំ​កន្លះ​ម្នាក់ ពី​បទ​រំលោភ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។ ចំណែក​តំណាង​ពីរ​នាក់​ទៀត​ក៏​ត្រូវ​ចាប់​ខ្លួន នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​ពេល​រៀប​ចំ​ឯកសារ​ធ្វើ​សក្ខីកម្ម​អោយ​តំណាង ១៣​នាក់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​លើក​ឡើង​ថា ការ​តវ៉ា​ដោយ​អត់​អាហារ​ជា​ក្រុម អាច​មាន​ប្រសិទ្ធភាព​ខ្លះ​ដែរ ប៉ុន្តែ​លោក​ពុំ​គាំទ្រ​អោយ​មាន​ការ​តវ៉ា​រហូត​ដល់​ការ​ធ្វើ​អត្តឃាត​ឡើយ។ លោក​បន្ត​ថា ករណី​របស់​អ្នក​ភូមិ​បឹង​កក់ នេះ គឺ​មាន​តែ​ស្ថាប័ន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ទេ ដែល​អាច​ត្រួត​ពិនិត្យ និង​មាន​អន្តរាគមន៍​ករណី​នេះ​បាន។

នៅ​ពេល​នេះ​ដែរ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ចំនួន ៤៣ ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា បាន​ថ្លែង​ការណ៍​រួម ជំរុញ​អោយ​មាន​ការ​ដោះ​លែង​ស្ត្រី​អ្នក​ភូមិ​បឹង​កក់ ជា​បន្ទាន់ និង​បាន​ហៅ​ការ​ផ្ដន្ទាទោស​ពួក​គេ​នោះ គឺ​ជា​ការ​ប៉ុន​ប៉ង​គំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត អោយ​បញ្ឈប់​ការ​តវ៉ា ការពារ​សិទ្ធិ​ដី​ធ្លី និង​រារាំង​ដល់​សេរីភាព​បញ្ចេញ​មតិ​របស់​ស្ត្រី​ខ្មែរ។

នាយិកា​ប្រតិបត្តិ អង្គការ សីលការ អ្នក​ស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា ការ​បន្ត​ផ្ដន្ទាទោស​អ្នក​បឹង​កក់ ទាំង ១៥​នាក់ គឺ​ជា​តឹក​តាង​បង្ហាញ​សាធារណ​ជន ជាតិ និង​អន្តរជាតិ ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម​កម្ពុជា ដែល​ចាំ​បាច់​ត្រូវ​មាន​ដំណោះស្រាយ​ភ្លាមៗ។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​បញ្ជាក់​ជា​ញឹក​ញយ​ហើយ​ថា បញ្ហា​ចម្បង​ដែល​ធ្វើ​អោយ​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​តំបន់​បឹង​កក់ មិន​អាច​បញ្ចប់​បាន គឺ​ដោយ​សារ​តែ​ភាព​មិន​ច្បាស់​លាស់ នៃ​ដី​ទំហំ ១២,៤៤​ហិកតារ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​អោយ​អ្នក​ភូមិ​បឹង​កក់ សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង។ ភាព​មិន​ច្បាស់​លាស់​នោះ​ហើយ ដែល​ជំរុញ​អោយ​អ្នក​ភូមិ​បឹង​កក់ បន្ត​ការ​តវ៉ា អោយ​អាជ្ញាធរ​បោះ​ព្រំ​ដី និង​ផ្ដល់​ដី ទៅ​អោយ​អ្នក​ភូមិ​ដទៃ​ទៀត ដែល​ត្រូវ​ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច។

មក​ដល់​ពេល​​​នេះ អ្នក​ភូមិ​បឹង​កក់​ពុំ​មាន​ឱកាស​នឹង​ផ្ដោត​ជា​ពិសេស​ទៅ​លើ​ការ​តវ៉ា​ដើម្បី​អោយ​អាជ្ញាធរ​បោះ​ព្រំ​ដី​ទំហំ ១២,៤៤​ហិកតារ នោះ​ទៀត​ឡើយ គឺ​វា​បាន​ជំនួស​ដោយ​ការ​តវ៉ា ដើម្បី​សេរី​ភាព ម្ចាស់​ដី​ចំនួន ១៥​នាក់​ទៅ​វិញ។ ពួក​គេ​បាន​បង្ហើយ​ហៅ​ស្ទើរ​រាល់​ថ្ងៃ នៅ​តាម​ដង​ផ្លូវ​នានា ក្នុង​ក្រុង​ភ្នំពេញ អោយ​មាន​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​តំណាង​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។