អ្នក​បឹង​កក់​ព្យាយាម​ដាក់​ញត្តិ​ទៅ​អ្នកស្រី ប៊ុន រ៉ានី ករណី​នគរបាល​ប្រើ​ហិង្សា​លើ​ស្ត្រី

អ្នក​បឹង​កក់​ប្រមាណ​៤០​នាក់ បាន​លើក​គ្នា​ទៅ​ដល់​ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា បំណង​ដាក់​ញត្តិ​ជូន​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ដោយ​សុំ​អន្តរាគមន៍​ចាត់​វិធានការ​ចំពោះ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ និង​អភិបាល​រង​ខណ្ឌ​ដូនពេញ។
ដោយ សុ ជីវី
2012-08-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ហេង មុំ តំណាង​អ្នក​បឹង​កក់ ៣០៥
អ្នកស្រី ហេង មុំ តំណាង​អ្នក​បឹង​កក់ សោក​ស្ដាយ​ចំពោះ​ការ​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ដាក់​ញត្តិ​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១២។
RFA/Sek Bandith

ពួក​គេ​ចោទ​ប្រកាន់​មន្ត្រី​ទាំង​នោះ​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​បឹង​កក់ ដែល​បណ្ដាល​អោយ​នារី​ម្នាក់​រលូត​កូន។ ប៉ុន្តែ ការ​ប៉ុនប៉ង​នោះ​ត្រូវ​បរាជ័យ ដ្បិត​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ការពារ​សន្តិសុខ បាន​រុញ​ច្រាន​ពួក​គេ​អោយ​ចេញ​ពី​ទី​នោះ​ជា​បន្ទាន់។

អ្នក​បឹង​កក់​ដែល​ទទូច​ចង់​ដាក់​ញត្តិ​ដោយ​ផ្ទាល់​ទៅ​ស្ត្រី​ទី១​របស់​កម្ពុជា គឺ​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ទីតាំង​ដែល​ពួក​គេ​បាន​ប្រមូល​ផ្ដុំ​នៅ​ក្រោម​ដើម​ពោធិ៍ លើ​សួន​ច្បារ​វិមាន​ឯករាជ្យ ខាង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ទៅ​តាម​បញ្ជា​របស់​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ។

អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​រាជ​បណ្ឌិត​សភា​កម្ពុជា ផ្តល់​តម្លៃ​ថា​ជា​ស្ត្រី​ទី១​របស់​កម្ពុជា និង​ត្រូវ​ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ឡាយ​ព្រះហស្តលេខា​ផ្តល់​គោរមងារ​ថា គតិ​ព្រឹទ្ធ​បណ្ឌិត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១។

តំណាង​អ្នក​ភូមិ​បឹង​កក់​បាន​ដើរ​ចេញ​បណ្ដើរ ស្រែក​សុំ​អន្តរាគមន៍​បណ្ដើរ​ថា គេ​ចង់​ប្រាប់​ពី​បញ្ហា​របស់​ពួក​គេ​ទៅ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយ​គេ​សង្ឃឹម​ថា​ស្ត្រី​ដូច​គ្នា​នឹង​យល់​ពី​ទឹក​ចិត្ត​ស្ត្រី​ដូច​គ្នា ជា​ពិសេស​គឺ​យល់​ពី​ទឹក​ចិត្ត​ម្ដាយ។

តំណាង​អ្នក​បឹង​កក់​ម្នាក់​អ្នកស្រី គង់ ចន្ថា បាន​អោយ​ដឹង​ថា អ្នកស្រី​តែង​បាន​ឮ​ថា ស្ត្រី​ទី១ គឺ​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ស្ត្រី និង​លើក​តម្កើង​ស្ត្រី ទើប​ស្ត្រី​បឹង​កក់​គិត​ថា ស្ត្រី​ទី១​របស់​កម្ពុជា​នឹង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ពួក​គាត់​បាន។ អ្នកស្រី គង់ ចន្ថា បន្ត​ថា ការ​សុំ​របស់​អ្នក​បឹង​កក់ គឺ​ដោយ​សារ​តែ​ករណី​អំពើ​ហិង្សា​លើ​ពួក​គាត់ រហូត​ដល់​មាន​ស្ត្រី​ម្នាក់​បាន​រលូត​កូន​ផង ពុំ​ត្រូវ​បាន​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ឡើយ។ អ្នកស្រី គង់ ចន្ថា បាន​ចាត់​ទុក​ការ​ប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព​ទៅ​លើ​ស្ត្រី គឺ​ជា​ការ​ប្រមាថ​ចំពោះ​ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ដែល​តែង​លើក​ឡើង​ពី​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី។

ញត្តិ​របស់​អ្នក​ភូមិ​បឹង​កក់ ដែល​បម្រុង​នឹង​ដាក់​ជូន​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នោះ បាន​បញ្ជាក់​ថា ពួក​គេ​ចង់​បាន​អន្តរាគមន៍​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ដឹក​នាំ​ដោយ​លោក ភួង ម៉ាល័យ ស្នង​ការ​រង​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញវុធ អភិបាល​រង​ខណ្ឌ​ដូនពេញ។ អ្នក​ភូមិ​បាន​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា កន្លង​មក នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​មួយ​រវាង​អ្នក​ភូមិ​ដែល​តវ៉ា និង​ក្រុម​មន្ត្រី​សមត្ថកិច្ច បាន​បណ្ដាល​អោយ​ស្ត្រី​វ័យ​២៥​ឆ្នាំ ឈ្មោះ បូវ ស្រីស្រស់ ត្រូវ​រលូត​កូន។

ហើយ​ទាក់​ទង​ដល់​ករណី​នេះ អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​លោក ម៉ាល័យ ស្នង​ការ​រង​នគរបាល​រាជធានី​ថា បាន​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​ប្រមាថ​មើល​ងាយ​ស្ត្រី​រងគ្រោះ​ថែម​ទៀត។ អ្នកស្រី បូវ ស្រីស្រស់ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០១២ ប្ដឹង​ចោទ​ប្រកាន់​លោក ភួង ម៉ាល័យ និង​លោក សុខ ពេញវុធ អភិបាល​រង​ខណ្ឌ​ដូនពេញ ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។

បង​ស្រី​នារី​រងគ្រោះ គឺ​អ្នកស្រី បូវ ស្រីពៅ មាន​ប្រសាសន៍​ថា ការ​ដាក់​លិខិត​ជាច្រើន​ដង​ទៅ​អោយ​មន្ត្រី​ខុទ្ទកាល័យ គឺ​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ ហេតុ​នេះ​គាត់​ចង់​ដាក់​លិខិត​ដោយ​ផ្ទាល់​ទៅ​ដល់​អ្នកស្រី ប៊ុន រ៉ានី។

ស្នង​ការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ម៉ាល័យ ពុំ​អាច​សុំ​ការ​អធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ដោយ​លោក​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា លោក​កំពុង​ជាប់​រវល់។

ចំណែក​លោក សុខ ពេញវុធ អភិបាល​រង​ខណ្ឌ​ដូនពេញ ក៏​ពុំ​បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ភូមិ​នៅ​ពេល​អ្នក​ភូមិ​ចោទ​ប្រកាន់​លោក​ដែរ ប៉ុន្តែ​ជា​រឿយៗ​នៅ​ពេល​មាន​ការ​តវ៉ា​គេ​តែង​ឃើញ​អ្នក​ភូមិ និង​លោក សុខ ពេញវុធ តែង​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ទៅ​វិញ​ទៅ​មក។

កាល​ពី​សប្ដាហ៍​មុន ក្រុម​អង្គការ សមាគម​ចំនួន​២៦ បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​អ្នកស្រី អ៊ឹង កន្ថាផាវី ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី។ ពួក​គេ​បាន​ស្នើ​សុំ​អោយ​ដក​ហូត​តំណែង​របស់​ស្នង​ការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក ភួង ម៉ាល័យ ដែល​បាន​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​មើល​ងាយ​អ្នកស្រី បូវ ស្រីស្រស់។

មក​ដល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ចំណាត់ការ​ណា​មួយ​ត្រូវ​ធ្វើ​ឡើង​ឆ្លើយ​តប​នឹង​ការ​ស្នើ​នេះ​ឡើយ។ កន្លង​មក រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ធ្លាប់​មាន​ប្រសាសន៍​ថា ក្រសួង​ពុំ​ដែល​ព្រងើយ​កន្តើយ​ចំពោះ​អំពើ​ហិង្សា​លើ​នារី​ភេទ​ឡើយ។ ប៉ុន្តែ ចំពោះ​អំពើ​ហិង្សា​នៅ​ក្នុង​បញ្ហា​ជម្លោះ​ដីធ្លី គឺ​ជា​តួនាទី​របស់​មន្ត្រី​មាន​សមត្ថកិច្ច ដែល​ត្រូវ​ដោះ​ស្រាយ។ អ្នកស្រី អ៊ឹង កន្ថាផាវី បន្ត​ថា មាន​ការ​លំបាក​ក្នុង​ការ​សន្និដ្ឋាន​ថា តើ​ក្រុម​ស្ត្រី​ដែល​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​នោះ បាន​ប្រកាន់​ធម៌​អហិង្សា​បាន​គ្រប់​ពេល​វេលា។

តំណាង​អ្នក​ភូមិ​បឹង​កក់​ម្នាក់​ទៀត​អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា ការ​សម្រេច​ចិត្ត​ចេញ​តវ៉ា​របស់​ស្ត្រី​នៅ​បឹង​កក់ គឺ​ចង់​បង្ហាញ​អោយ​ដឹង​ថា នោះ​ជា​ការ​តវ៉ា​ដោយ​អហិង្សា ព្រោះ​ស្ត្រី​ពុំ​មាន​សមត្ថភាព​ទៅ​ប្រើ​ហិង្សា​ដូច​បុរស​ឡើយ។

នាយិកា​អង្គការ​សីលការ អ្នកស្រី ធិតា ឃិះ មាន​ប្រសាសន៍​ថា ករណី​នេះ​អ្នកស្រី ប៊ុន រ៉ានី និង​អ្នកស្រី អ៊ឹង កន្ថាផាវី ដែល​មាន​តួនាទី​ក្នុង​ការ​លើក​តម្លៃ​ស្ត្រី​ខ្មែរ គួរ​តែ​ពិចារណា​បង្កើន​ការ​អប់រំ​ក្នុង​ចំណោម​មន្ត្រី​មាន​សមត្ថកិច្ច​អោយ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៅ​លើ​ការ​គោរព​សិទ្ធិ​ស្ត្រី ទាំង​កាយវិការ និង​ពាក្យ​សម្ដី។

បើ​ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ការ​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា អ្នក​បឹង​កក់​បាន​បដិសេធ​មិន​ប្រគល់​ញត្តិ​ទៅ​អោយ​លោក គង់ ចំរើន មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ដែល​តែង​រង់ចាំ​ទទួល​ញត្តិ​របស់​ក្រុម​អ្នក​តវ៉ា នៅ​ក្រោម​ដើម​ពោធិ៍​ខាង​មុខ​វត្ត​បទុមវតី នោះ​ឡើយ។ ដោយ​សំអាង​ថា គេ​ពុំ​ដែល​ទទួល​បាន​ដំណោះស្រាយ​ពី​ការ​ដាក់​ញត្តិ​នៅ​ទី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Oh ! Come on, Ung Kantha Thavy,laws in Cambodia do not have morale in there. Anyway, the arm force beat up the pregnant ladies causing miscarriage is not tolerable. No matter what,both of you( Ung Kantha Thavy and Bun Rany Hun Sen) are mothers. Don't you see women abuse. Does Cambodia of wonder have women protection laws. Normally,women never beat the men first. Or both of you beat you husbands first? Think about it , do something,say something to prevent this from happening again.It's your duty isn't it?

Aug 16, 2012 10:03 AM

អ្នក​អាន​អនាមិក

កុំភ្លេច អ្នកណាសម្លាប់ពិសិដ្ឋពិលិកា?

Aug 16, 2012 06:56 AM