ក្នុងការតវ៉ានៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា មានអ្នកភូមិប្រមាណជាង ១០០នាក់ បានដើរដាក់ញត្តិទៅតាមស្ថានទូតបណ្ដាប្រទេសមួយចំនួន និងក្រសួងយុត្តិធម៌ ដោយទាមទារអោយដោះលែងសកម្មជនទាំងពីរនាក់នោះ។
អ្នកបឹងកក់ និងអ្នកបុរីកីឡា ស្នើអគ្គរាជទូតជប៉ុន និងអូស្ត្រាលី ជួយដោះស្រាយបញ្ហាដីធ្លី និងអន្តរាគមន៍ដោះលែងតំណាងពីរនាក់ គឺលោកស្រី យ៉ោម បុប្ផា និងលោកស្រី ទឹម សាក់មុន្នី។ ពួកគេបានស្រែកអំពាវនាវ និងលើកបង្ហាញបដា ដែលនិយាយពីការទាមទារឲ្យដោះលែងសកម្មជនដីធ្លីទាំងពីររូប៖ «ជួយដោះលែងលោកស្រី យ៉ោម បុប្ផា និងទឹម សាក់មុន្នី និងដោះស្រាយរាល់ជម្លោះនៅតំបន់បឹងកក់ ក៏ដូចជា នៅបុរីកីឡា ផងដែរ។ យើងខ្ញុំទាំងអស់គ្នា សង្ឃឹម និងជឿជាក់ថា ស្ថានទូតអូស្ត្រាលី នឹងជួយអន្តរាគមន៍យើងខ្ញុំឆាប់ៗនេះ»។
តាមការអះអាងរបស់តំណាងសហគមន៍ទាំងពីរ អោយដឹងថា ក្នុងចំណោមស្ថានទូតទាំងពីរនេះ តំណាងស្ថានទូតប្រទេសជប៉ុន បានសន្យាថា នឹងនាំយកសំណើរបស់អ្នកតវ៉ា ទៅជូនរដ្ឋាភិបាល។
តំណាងអ្នកបឹងកក់ លោកស្រី ទេព វន្នី មានប្រសាសន៍នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកញ្ញា ថា ការសន្យារបស់តំណាងស្ថានទូតជប៉ុន ធ្វើអោយពួកគាត់មានសង្ឃឹមថានឹងអាចជួយតំណាងរបស់គាត់អោយមានសេរីភាព។ លោកស្រី ទេព វន្នី ក៍ដូចអ្នកបឹងកក់ ផ្សេងទៀត នៅតែអះអាងថា តំណាងរបស់ពួកគេ គឺលោកស្រី យ៉ោម បុប្ផា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
លោកស្រី ទេព វន្នី៖ «អ៊ីចឹងសួរថា បុរស និងស្ត្រី អ្នកណាដែលអាចមានសមត្ថភាពខ្លាំងជាង ទៅវាយបុរស ២នាក់ អោយមានរបួសហ្នឹង។ តើប្ដី ឬប្រពន្ធ? ចាស សូមអោយពួកគាត់ប្រៀបធៀប ថ្លឹងថ្លែងផង។ បើសិនជាវាយមែន តើមានភស្តុតាងណាមួយអត់? ប្ដីប្រពន្ធហ្នឹង ឬមួយប្រពន្ធហ្នឹង ឬមួយប្រពន្ធហ្នឹង គឺលោកស្រី យ៉ោម បុប្ផា ប្រព្រឹត្តអំពើហិង្សា និងមានរូបភាពអត់ គឺអត់មានទេ។ ម្យ៉ាងទៀត ការចាប់ខ្លួនលោកស្រី ទឹម សាក់មុន្នី មិនមែនជាករណីជាក់ស្ដែងទេ»។
នៅក្នុងញត្តិរបស់សហគមន៍ទាំងពីរ គឺបឹងកក់ ដែលមានជម្លោះដីធ្លីនឹងក្រុមហ៊ុនស៊ូកាគូ (Shukaku) និងបុរីកីឡា ដែលមានជម្លោះនឹងក្រុមហ៊ុនផានអ៊ីម៉ិច (Phanimex) បានចាត់ទុកការចាប់ឃុំខ្លួនលោកស្រី យ៉ោម បុប្ផា និងលោកស្រី ទឹម សាក់មុន្នី គឺជាការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីរារាំង គំរាមកំហែងពលរដ្ឋមិនអោយចេញតស៊ូការពារដីធ្លី និងលំនៅឋាន។
ក្រុមអ្នកតវ៉ាបាននាំគ្នាដើរពីខាងមុខស្ថានទូតអូស្ត្រាលី ឆ្ពោះទៅព្រះអង្គដងកើ និងបានបន្តទៅតវ៉ានៅខាងមុខក្រសួងយុត្តិធម៌៖ «ក្រសួងយុត្តិធម៌ ត្រូវតែផ្ដល់យុត្តិធម៌ដល់លោកស្រី យ៉ោម បុប្ផា! គាត់គ្មានកំហុសទេ! នេះជាការលាបពណ៌ពីសំណាក់មន្ត្រីពុករលួយមួយចំនួន»។
លោកស្រី យ៉ោម បុប្ផា ជាអ្នកបឹងកក់ ត្រូវតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន កាលពីថ្ងៃទី៤ កញ្ញា ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់។ មួយថ្ងៃបន្ទាប់មក អ្នកបុរីកីឡា លោកស្រី ទឹម សាក់មុន្នី ក៏ត្រូវតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន ពីបទប្រកាសព័ត៌មានមិនពិត។
ក្រុមអ្នកភូមិដែលចេញតវ៉ា បានប្រកាសថា ពួកគេនឹងប្រើប្រាស់គ្រប់វិធីនៃការតស៊ូមតិ ដើម្បីសុំអោយតុលាការលើកលែងការចោទប្រកាន់លើតំណាងរបស់ពួកគេ ហើយពួកគេក៏មិនភ្លេចដែរចំពោះការទាមទារអោយមានដំណោះស្រាយបញ្ហាដីធ្លី ផ្ទះសម្បែងរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។