ក្រុមមេធាវីការពារក្ដីអ្នកស្រី យ៉ោម បុប្ផា អះអាងថា ករណីចាប់ខ្លួនកូនក្តីរបស់លោកដាក់ពន្ធនាគារព្រៃស កាលពីថ្ងៃទី៤ ខែកញ្ញា គឺពុំមែនពាក់ព័ន្ធក្នុងរឿងការតវ៉ាដីធ្លីនោះទេ។
លោក ចាន់ សុជាតិ មេធាវីនៃមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ ដែលកំពុងរៀបចំពិនិត្យសំណុំបែបបទការពារក្ដីឲ្យអ្នកស្រី យ៉ោម បុប្ផា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា តាមការសាកសួរផ្ទាល់ពីស្វាមី និងកូនក្ដីរបស់លោក ការចោទប្រកាន់មកលើអ្នកស្រី យ៉ោម បុប្ផា នេះ គឺពាក់ព័ន្ធនឹងរឿងបុគ្គល។
លោក ចាន់ សុជាតិ៖ «រឿងដែលគេចោទគាត់នោះ គឺទាក់ទងថា គាត់វាយកញ្ចក់ឡានបែកអីអ៊ីចឹង។ ខ្ញុំដឹងព័ត៌មានពីប្ដីគាត់។ ប៉ុន្តែចម្លើយគាត់ប្រាប់ខ្ញុំថា អត់បានវាយនរណាទេ។ អ៊ីចឹងជាបទល្មើសមួយផ្សេងក្រៅពីបទល្មើសនៅតំបន់បឹងកក់។ ម្ល៉ោះហើយគេចោទគាត់ថា ប្រព្រឹត្តអំពើហិង្សាដោយមានស្ថានទម្ងន់។ យើងអត់បានដឹងថា អ្នកប្ដឹងជានរណាទេ ហើយយើងក៏អត់ដឹងថា គេមានភស្តុតាងអ្វីខ្លះនោះទេ...»។
ពាក់ព័ន្ធនឹងករណីចោទប្រកាន់អ្នកស្រី យ៉ោម បុប្ផា នេះ មេធាវីម្នាក់ទៀតពីខាងអង្គការសិទ្ធិមនុស្សលីកាដូ លោក ហម ចាន់រិទ្ធិ ដែលបានដាក់ពាក្យសុំទៅតុលាការ ដើម្បីការពារក្ដីឲ្យអ្នកស្រី យ៉ោម បុប្ផា កាលពីថ្ងៃសុក្រ ទី៧ ខែកញ្ញា មានប្រសាសន៍ថា លោកនៅពុំទាន់ហ៊ានអះអាងថា តុលាការអាចអនុញ្ញាតឲ្យកូនក្ដីរបស់លោកនៅក្រៅឃុំបណ្ដោះអាសន្នបានដែរ ឬទេ ពីព្រោះលោកនៅពុំទាន់បានពិនិត្យសំណុំរឿងឲ្យបានលំអិត។
លោក ហម ចាន់រិទ្ធិ៖ «មកដល់ពេលនេះ ខ្ញុំនៅមិនទាន់មើលដំណើររឿងរបស់គាត់បានស៊ីជម្រៅនៅឡើយទេ។ ខ្ញុំទើបដាក់ពាក្យ ហើយមិនទាន់មានសំណុំរឿងមើលនៅឡើយទេ។ ខ្ញុំមិនទាន់អាចធ្វើអត្ថាធិប្បាយបាននៅឡើយទេ។ អត់ទាន់បានដឹងទេ ពេលវេលាឆាប់ពេក...»។
អ្នកស្រី យ៉ោម បុប្ផា គឺជាសកម្មជនម្នាក់ក្នុងចំណោមក្រុមស្ត្រីជាច្រើននាក់នៅតំបន់បឹងកក់ ដែលនាំគ្នាតវ៉ា និងទាមទារសុំឲ្យមានដំណោះស្រាយក្នុងរឿងទំនាស់ដីធ្លីរវាងអ្នកភូមិបឹងកក់ និងក្រុមហ៊ុនស៊ូកាគូ (Shukaku)។ អ្នកស្រីត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនដាក់គុកព្រៃស ក្រោមបទចោទថា បានប្រព្រឹត្តបទល្មើស បង្កអំពើហិង្សាដោយចេតនា។
ចំណែកតំណាងអ្នកភូមិបុរីកីឡា គឺអ្នកស្រី ទឹម សាក់មុន្នី ដែលទាមទារសុំឲ្យក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ពន្លឿនការដោះស្រាយប្រគល់អគារពីរបន្ថែមទៀតដល់អតីតអ្នកភូមិបុរីកីឡាជាង ១០០គ្រួសារ ដែលបច្ចុប្បន្នពុំមានទីជម្រកស្នាក់នៅនោះ ត្រូវបានចៅក្រមស៊ើបអង្កេតសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ក្នុងពេលដែលអ្នកស្រីចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា ក្រោមបទល្មើសញុះញង់អ្នកដទៃឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។
លោកមេធាវី ចាន់ សុជាតិ នៃមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ដែលកំពុងរៀបចំសំណុំបែបបទ និងនីតិវិធីតាមច្បាប់ ដើម្បីការពារក្ដីឲ្យអ្នកស្រី ទឹម សាក់មុន្នី ដែរនោះ បានអះអាងថា ការចាប់ឃុំខ្លួនកូនក្ដីលោកដែលជាអតីតទាហានក្រីក្រ មានកូនពិការក្នុងបន្ទុកនោះ គឺមិនត្រឹមត្រូវឡើយ។
លោក ចាន់ សុជាតិ៖ «បើក្នុងស្ថានភាពអ្នកស្រី ទឹម សាក់មុន្នី ខ្ញុំគិតថា តុលាការមិនគួរឃុំគាត់ទេ ព្រោះគាត់មានអាយុច្រើនហើយ ហើយមានកូនពិការគ ពិការដៃនៅហ្នឹងផ្ទះ និងចៅពីរនាក់ ត្រូវចិញ្ចឹមទៀត។ ការយកគាត់ទៅឃុំ គឺប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនាមគាត់ជាអ្នករស់នៅបុរីកីឡា ការឃុំគាត់ពុំមានយុត្តិធម៌ទេ គឺគាត់តវ៉ាដើម្បីចង់បានផ្ទះឲ្យកូនគាត់ពិការ។ គាត់ជាអតីតទាហាន គាត់ពិការដោយសារត្រូវរបួសពេលធ្វើទាហាន...»។
បន្ថែមលើការបកស្រាយរបស់ក្រុមមេធាវីទាំងពីររូបនេះ អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលកា ចាត់ទុកទង្វើរបស់មន្ត្រីអាជ្ញាធរ និងតុលាការថា ពុំមែនជាដំណើរការរកយុត្តិធម៌ជូនពលរដ្ឋនោះឡើយ។
អ្នកស្រីគូសបញ្ជាក់ថា តាមនីតិវិធីច្បាប់ ការចាប់ខ្លួនជនសង្ស័យណាមួយ តុលាការត្រូវមានដីកាចោទប្រកាន់ត្រឹមត្រូវ មុនបញ្ជូនទៅដាក់ពន្ធនាគារ៖ «មើលទៅឃើញប្រព័ន្ធយុត្តិធម៌យើងមិនមានដំណើរការរកយុត្តិធម៌ជូនពលរដ្ឋនៅឡើយទេ ដូចជាការចោទប្រកាន់អត់ច្បាស់លើរឿងអីផង គ្រាន់តែចេញដីកាចាប់គ្នាទៅ អ៊ីចឹងយកគ្នាទៅដាក់ពន្ធនាគារ។ ដូច្នេះអ្នកចោទចេះតែចោទទៅ ហើយបើចោទគ្នាអត់អាចការពារខ្លួនឯងបាន របៀបអនុវត្តច្បាប់បែបនេះ គឺមិនមានការទុកចិត្តលើប្រព័ន្ធតុលាការទេ...»។
រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនមានសិទ្ធិលូកដៃទៅនឹងចំណាត់ការរបស់តុលាការនោះទេ៖ «រដ្ឋាភិបាលមិនមានវាយតំលៃ ឬវិនិច្ឆ័យអីចំពោះតុលាការ ឬនីតិវិធីរបស់តុលាការប្រតិបត្តិខ្លួននោះទេ ហើយបើជនណាក៏ដោយមិនសមាជិករដ្ឋសភា ព្រឹទ្ធសភា ឬមន្ត្រីរដ្ឋាភិបាលនោះទេ មិនពេញចិត្តចំពោះតុលាការហ្នឹង គួរតែដាក់ពាក្យបណ្ដឹងតតាំងជាមួយនឹងអំពើអំណាចតុលាការហ្នឹង»។
ចំពោះការចាប់សកម្មជនស្ត្រីទាំងពីរនាក់ដាក់ពន្ធនាគារនេះ អ្នកស្រី ធីតា ឃឹះ ប្រធានអង្គការសីលកា ក៏បានអះអាងថា ហេតុផលដែលនាំឲ្យមានការតវ៉ា និងទាមទារជាបន្តបន្ទាប់នេះ គឺដោយសារតែរដ្ឋាភិបាលមិនបានគិតគូរផ្តល់សំណងសមរម្យដល់ក្រុមគ្រួសារនៅតំបន់បឹងកក់ និងបុរីកីឡា។ អ្នកស្រីបន្តថា តាមច្បាប់ ការយកដីធ្លី និងការបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធានាឲ្យបាននូវការរស់នៅថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់គេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។