ក្រុមអ្នកភូមិបឹងកក់ បានដាក់បណ្ដាសាអោយអ្នកដែលជាប់ពាក់ព័ន្ធក្នុងការរំលោភយកដីធ្លី ផ្ទះសម្បែង និងការកាត់សេចក្ដីដោយអយុត្តិធម៌ ទៅលើតំណាងពួកគេទាំង ១៥នាក់ អោយជួបនឹងក្តីវិនាសហិនហោចខ្លោចផ្សាក្នុងជីវិត។
ក្រុមអ្នកភូមិបាននាំយកចំណីអាហារ មាន់ស្ងោរ ផ្លែឈើគ្រប់មុខ ទៀនធូប និងផ្កាឈូក ទៅថ្វាយដល់បារមីសក្ដិសិទ្ធិក្នុងភូមិ ជាច្រើនកន្លែង។ ជាចុងក្រោយ បានយកអំបិលដែលមានលាយម្ទេសទុំ ទៅដុតនឹងភ្លើងជើងក្រានអោយឆេះសន្ធោសន្ធៅ។
ក្រុមអ្នកភូមិបាននិយាយប្រហាក់ហែលគ្នានៅមុខភ្លើងថា ពួកគេអស់សង្ឃឹមនឹងអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាតុលាការនៅកម្ពុជា ក្នុងការផ្ដល់យុត្តិធម៌ដល់ពលរដ្ឋរងគ្រោះដូចជាពួកគេ។ ពួកគេក៏បានបន់ស្រន់អោយបារមីក្នុងផ្លូវងងឹត ផ្ដន្ទាដោយប្រការអាក្រក់ផ្សេងៗ ចំពោះអ្នកទាំងឡាយដែលបានធ្វើទុក្ខបុកម្នេញអ្នកភូមិបឹងកក់ទាំងអស់។
ក្រុមអ្នកភូមិក៏បានលែងចាប ចំនួន ១៥ក្បាល ក្នុងន័យបន់ស្រន់អោយអ្នកតំណាងទាំង ១៥នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានរួចទោស និងមានសេរីភាពមកវិញ។
មន្ត្រីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ពិតមែនថា ជំនឿតាមបែបបុរាណខ្មែរយើង មានការបន់ស្រន់ ការដាក់បណ្ដាសា ជាដើម ពុំមានការបញ្ជាក់ថាមានប្រសិទ្ធភាព ឬពុំមានប្រសិទ្ធភាព កម្រិតណានៅឡើយ ក៏អាចរំពឹងថា នឹងមានលទ្ធផលខ្លះៗដោយចៀសពុំរួច។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលបានបញ្ជាក់ថា ការបន្តបណ្ដែតបណ្ដោយអោយភាពអយុត្តិធម៌នៅតែកើតមាន នឹងធ្វើអោយប៉ះពាល់ទៅដល់ផ្លូវចិត្តពលរដ្ឋនៅទូទាំងប្រទេស នៅខណៈដែលពួកគេធ្លាប់ប៉ះពាល់ផ្លូវចិត្តរួចទៅហើយ ដោយសារទុក្ខលំបាកនៅក្នុងរបបខ្មែរក្រហម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។