អ្នកភូមិទាំងនោះអះអាងថា តំណាងរបស់ពួកគេគ្មានកំហុសដូចការចោទរបស់តុលាការនោះទេ ដូច្នេះការចោទប្រកាន់ និងចាប់ខ្លួនអ្នកតំណាងរបស់ពួកគេនេះ វាជារឿងអយុត្តិធម៌។
អ្នកភូមិបុរីកីឡា អ្នកស្រី ប្រាក់ ស៊ីនាង ដែលមកតវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កញ្ញា ឲ្យដឹងថា អ្នកភូមិជាង ១០០គ្រួសារ នឹងតវ៉ាលុះត្រាតុលាការយល់ព្រមបញ្ឈប់ការចោទប្រកាន់មកលើអ្នកតំណាងរបស់ពួកគាត់។ អ្នកស្រីអះអាងថា ការចោទប្រកាន់របស់តុលាការលើអ្នកស្រី ទឹម សាក់មុន្នី ជារឿងអយុត្តិធម៌ និងមានភាពលំអៀង ដោយហេតុថា កន្លងមកអ្នកភូមិបានដាក់ពាក្យបណ្ដឹងប្ដឹងម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច គឺអ្នកស្រី ស៊ុយ សុផាន តែតុលាការមិនសូវយកចិត្តទុកដាក់ក្នុងការចាត់វិធានការដ៏មានប្រសិទ្ធភាពណាមួយ ដើម្បីដោះស្រាយជូនអ្នកភូមិបុរីកីឡា ទាំងនោះឡើយ។
ផ្ទុយទៅវិញ ឧកញ៉ា ស៊ុយ សុផាន ដាក់ពាក្យបណ្ដឹងប្ដឹងអ្នកស្រី ទឹម សាក់មុន្នី ភ្លាម តុលាការចាប់ផ្ដើមភ្លែត កោះហៅអ្នកស្រី ទឹម សាក់មុន្នី ឲ្យចូលខ្លួនមកបំភ្លឺ។
ប្រហាក់ប្រហែលគ្នានេះ អ្នកស្រី ទឹម សាក់មុន្នី មានប្រសាសន៍ថា អ្នកស្រីមិនដឹងថា ព្រះរាជអាជ្ញាបានភស្តុតាងមកពីណាក្នុងការបង្ហាញថា អ្នកស្រីបានប្រព្រឹត្តបទល្មើសញុះញង់អ្នកដទៃឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋនោះឡើយ។
អ្នកស្រីបញ្ជាក់បន្តថា ការចោទប្រកាន់របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មកលើអ្នកស្រី គឺជារឿងអយុត្តិធម៌សម្រាប់អ្នកស្រី។ តែទោះយ៉ាងណា អ្នកស្រីនៅតែចូលខ្លួនមកបំភ្លឺតុលាការដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ថា អ្នកស្រីមិនប្រព្រឹត្តដូចការចោទនៅក្នុងពាក្យបណ្ដឹងរបស់អ្នកស្រី ស៊ុយ សុផាន នោះទេ។
ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅអ្នកស្រី ទឹម សាក់មុន្នី កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០១២ ឲ្យចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពីបទញុះញង់អ្នកដទៃឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។ នៅថ្ងៃទី៥ កញ្ញា អ្នកស្រី ទឹម សាក់មុន្នី បានចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ និងត្រូវចៅក្រមស៊ើបសួរសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស។
ជាមួយគ្នានេះ អ្នកភូមិបឹងកក់ ស្រែកតវ៉ា និងទាមទារឲ្យសាលាដំបូងរាជធានីភ្នំពេញ ដោះលែងអ្នកស្រី យ៉ោម បុប្ជា ដែលជាតំណាងរបស់អ្នកភូមិបឹងកក់។
នៅមុខសាលាដំបូងរាជធានីភ្នំពេញ អ្នកភូមិបឹងកក់ អះអាងថា ការចាប់ខ្លួនអ្នកស្រី យ៉ោម បុប្ផា ជាការបំបាក់ស្មារតីកុំឲ្យអ្នកភូមិដទៃទៀតហ៊ានចេញមុខតវ៉ាជាបន្តទៀត។ ដូច្នេះការចោទប្រកាន់អ្នកស្រី យ៉ោម បុប្ផា ថា ប្រព្រឹត្តបទល្មើសនៃការបង្កអំពើហិង្សាដោយចេតនាដែលមានស្ថានទម្ងន់នោះ ជាលេសរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ ស្វាមីអ្នកស្រី យ៉ោម បុប្ផា លោក លួស សាខន លើកឡើងថា វាជារឿងអយុត្តិធម៌បំផុតសម្រាប់លោក ដែលកំលាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិលមកចាប់ខ្លួនលោកកណ្ដាលផ្លូវ ដោយមិនបង្ហាញដីកាចាប់ខ្លួន ឬប្រាប់ដំណឹងជាមុន។
កាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២ សមត្ថកិច្ចក្រុងភ្នំពេញ ចាប់ខ្លួនអ្នកភូមិពីរនាក់ប្ដីប្រពន្ធ គឺស្ត្រីឈ្មោះ យ៉ោម បុប្ផា អាយុ ៣១ឆ្នាំ ជាភរិយារបស់លោក លួស សាខន អាយុ ៥៦ឆ្នាំ រស់នៅភូមិ២២ តំបន់បឹងកក់ ក្នុងគ្រាដែលអ្នកទាំងពីរទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ស្ត្រីឈ្មោះ យ៉ោម បុប្ផា គឺជាពលរដ្ឋម្នាក់ក្នុងចំណោមស្ត្រីអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លីតំបន់បឹងកក់យ៉ាងសកម្ម។
ទាក់ទងនឹងការចោទប្រកាន់អ្នកភូមិបុរីកីឡា និងការចាប់ខ្លួនអ្នកភូមិបឹងកក់នេះ ប្រធានបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ចំណាត់ការរបស់តុលាការមិនបង្ហាញការរីកចំរើនផ្នែកសិទ្ធិមនុស្សឡើយ។ ម្យ៉ាងទៀត លោក អំ សំអាត លើកឡើងថា ទង្វើរបស់អាជ្ញាធរនេះ មិនមែនជាដំណោះស្រាយនោះទេ ប្រសិនអាជ្ញាធរនៅតែបន្តប្រើតុលាការជាឈ្នាន់ក្នុងការបង្ក្រាបអ្នកភូមិបុរីកីឡា និងអ្នកភូមិបឹងកក់នោះ វាអាចនឹងធ្វើឲ្យមានសកម្មភាពតវ៉ាកាន់តែខ្លាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។