អ្នកភូមិបឹងកក់ម្នាក់ឈ្មោះ សៅ សារឿន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ បានទទូចសុំឲ្យតុលាការ និងអាជ្ញាធររដ្ឋាភិបាល ជួយអន្តរាគមន៍ដោះលែងអ្នកភូមិបឹងកក់ ចំនួន ១៣នាក់ទៀតឲ្យមានសេរីភាពវិញ និងសុំឲ្យសាលាក្រុងភ្នំពេញ ពន្លឿនការវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ឲ្យគ្រួសារ នៅសេសសល់ ចំនួន ៩៤គ្រួសារ ឲ្យបានឆាប់ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ដីចំនួនជាង ១២ហិកតារកន្លងមក ។
លោក សៅ សារឿន និងអ្នកស្រី លី ចាន់ណារី ត្រូវបានចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានី អ្នកស្រី សែម សក្ត័កូឡា បានសម្រេចដោះលែងឲ្យមានសេរីភាពវិញជាបណ្ដោះអាសន្នពីគុកព្រៃស កាលពីយប់ថ្ងៃទី១៥ ខែមិថុនា។
លោក សៅ សារឿន និងអ្នកស្រី លី ចាន់ណារី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ នៅគ្រាដែលបានចូលរួមតវ៉ាទាមទារដីធ្លី នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
លោក សៅ សារឿន អាយុ ៧១ឆ្នាំ ជាអតីតមន្ត្រីរាជការ និងបានចូលនិវត្តន៍ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត ភូមិ២២ នៃតំបន់បឹងកក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ ថា លោក មិនបានប្រព្រឹត្តិអ្វីដូចបានចោទប្រកាន់នោះទេ៖ «គាត់នៅតាំងពីឆ្នាំ១៩៧៩ ឯកសារមានទាំងអស់ហ្នឹង... ដីគោក ហើយគេរាយតែដីទឹក វាមិនមែន... ខ្ញុំមានឯកសារទាំងអស់ហ្នឹងណា ហើយស៊ីញេពីភូមិ ពីខណ្ឌសុំតែដីធ្លីរបស់គាត់ដែលមានហើយ ដែលគេលុបបំបាត់ហើយ សុំដីហ្នឹង សុំក្នុងរង្វង់បឹងកក់ នៅទីណាក៏បានដែរ... ខ្លះហ្នឹងវាអាត់ខាត់ពេកវេទនាពេក»។
ចំណែកឯប្រធានក្រុមអ្នកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អ៊ំ សំអាត ដែលបានមកតាមដាន ក្នុងសន្និសីទកាសែតនេះដែរ បានមានប្រសាសន៍ថា ការប្រើអំពើហិង្សាលើអ្នកភូមិបឹងកក់ និងចាប់ខ្លួនពួកគាត់កន្លងមក បានជះឥទ្ធិពលមិនល្អលើការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អ៊ំ សំអាត៖ «អីចឹង អ្វីដែលសំខាន់ គឺរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្ដល់ដី ១២,៤៤ហិកតារ ដល់ប្រជាពលរដ្ឋដែលនៅសេសសល់ហើយ... អីចឹងសំខាន់នៅលើអាជ្ញាធរក្រុង និងប្រជាពលរដ្ឋ និងក្រុមហ៊ុន គឺថា ធ្វើយ៉ាងម៉េចដោះស្រាយបញ្ហានេះឲ្យបានចប់... មិនមែនយើងដើម្បីដោះស្រាយ យើងទៅជាការបង្ក្រាប ឬទៅជាការចាប់ទេ»។
អ្នកភូមិបឹងកក់ ជាស្ត្រីភេទ ចំនួន ១៣នាក់ ក្នុងចំណោម ១៥នាក់ ដែលបានចាប់ខ្លួនកន្លងមក កំពុងតែជាប់ឃុំខ្លួននៅគុកព្រៃស នៅឡើយ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសដោយតក់ក្រហល់ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ កន្លងទៅនេះ ឲ្យជាប់គុកម្នាក់ៗ រវាង ១ឆ្នាំទៅ ២ឆ្នាំកន្លះ ក្រោមបទកាន់កាប់ដីធ្លីខុសច្បាប់។
ស្ត្រីបឹងកក់ទាំង ១៣នាក់នោះ មានឈ្មោះដូចតទៅ ទី១ ទេព វន្នី ទី២ គង់ ចន្ថា ទី៣ តុល ស្រីពៅ
ទី៤ ហេង មុំ ទី៥ ពៅ សោភា ទី៦ ង៉ែត ឃុន ទី៧ ឆេង លាប ទី៨ ប៉ាន់ ឈុនរ៉េត ទី៩ សុង ស្រីលាប
ទី១០ ងួន កឹមឡុង ទី១១ ចាន់ ណារី ទី១២ សួង សាម៉ៃ និងទី១៣ ថូ ដាវី។
ទាក់ទងនឹងសំណុំរឿងនេះដែរ នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៅទីក្រុងវ៉ាស៊ីនតោន (Washington) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ អ្នកស្រី ហ៊ីលឡារី គ្លីនតុន បានសុំឲ្យរដ្ឋាភិបាលកម្ពុជា អាណិតអាសូរដល់អ្នកទាំងនោះ។
រឿងរ៉ាវជម្លោះដីធ្លីនៅបឹងកក់នោះ បានចាប់ផ្ដើមផ្ទុះឡើងតាំងពីឆ្នាំ២០០៧ កន្លងមក ដោយសារតែសាលាក្រុងភ្នំពេញ បានសម្រេចជួលដីតំបន់បឹងកក់នោះ ឲ្យទៅក្រុមហ៊ុនឈ្មោះ ស៊ូកាគូអ៊ីន (Sukaku In) របស់ លោក ឧកញ៉ា ឡៅ ម៉េងឃីន រយៈពេល ៩៩ឆ្នាំ។
ទំហំដីជួលនោះ គឺចំនួន ១៣៣ហិកតារ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋសរុបនៅទីនោះកន្លងមក គឺចំនួនជាង ៣ពាន់គ្រួសារ ប៉ុន្តែរហូតមកដល់ពេលនេះ នៅសល់ ៩៤គ្រួសារ ដែលបន្តទាមទារកាន់កាប់ដីធ្លីចំនួនជាង ១២ហិកតារ ដែល លោក ហ៊ុន សែន បានកាត់ឲ្យកន្លងមក។
អ្នកភូមិបឹងកក់ ដែលនៅសេសសល់ បាននិយាយថា គេចង់បានកម្មសិទ្ធិលើដីនោះឲ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។